ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​អង់គ្លេស​ផ្អាក​ការ​បោះឆ្នោត​សភា​ដ៏​សំខាន់​ទៅ​លើ​ការ​ចាកចេញ​ពី​ EU


លោក​ស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May កំពុង​ចេញ​ដំណើរ​ពី​វិមាន​នាយករដ្ឋមន្ត្រី ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨។
លោក​ស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May កំពុង​ចេញ​ដំណើរ​ពី​វិមាន​នាយករដ្ឋមន្ត្រី ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨។

ដំណើរ​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ដ៏​ចលាចល​របស់​អង់គ្លេស​កាន់​តែ​វឹកវរ​កាល​ពី​ថ្ងៃ​ចន្ទ​ នៅ​ពេល​ដែល​លោកស្រី​នាយករដ្ឋមន្ត្រី Theresa May ផ្អាក​ការ​បោះឆ្នោត​នៅ​សភា​ទៅ​លើ​កិច្ចព្រមព្រៀង​ចាកចេញ​ពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស​ ឬ​ហៅ​ថា Brexit។ កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចំណាយ​ពេល​រាប់​ខែ​ដើម្បី​ចរចា​លើ​រឿង​ស្មុគស្មាញ​ជាច្រើន​ជាមួយ​នឹង​សហភាព​អឺរ៉ុប​ដើម្បី​ចងក្រង​ឡើង។

បន្ទាប់​ពី​ពិភាក្សា​ដេញដោល​នៅ​ក្នុង​សភា​អស់​រយៈពេល​បួន​ថ្ងៃ និង​កិច្ចខិតខំប្រឹងប្រែង​របស់​លោកស្រី​នាយករដ្ឋមន្ត្រី​ដើម្បី​ឲ្យ​សាធារណជន​អង់គ្លេស​ដែល​កាន់​តែ​មិន​យល់​ស្រប​លើ​កិច្ចព្រមព្រៀង​នេះ​មាន​ជំនឿ​លើ​កិច្ចព្រមព្រៀង​នេះ សមាជិក​សភា​នានា​គ្រោង​នឹង​ទាត់​ចោល​កិច្ចព្រមព្រៀង​របស់​លោកស្រី May នេះ។ ប្រសិន​បើ​មិន​ទទួល​បាន​ការ​គាំទ្រ​លើ​កិច្ចព្រមព្រៀង​នេះ​ទេ​នោះ លោកស្រី May នឹង​ត្រូវ​បង្ខំ​លាលែង​ពី​តំណែង ហើយ​អាច​នឹង​ប៉ះពាល់​ដល់​រដ្ឋាភិបាល​អភិរក្ស​និយម​ទៀត​ផង។
ស្រប​ពេល​ដែល​លោកស្រី May បាន​ទទូច​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ចន្ទ ឲ្យ​គេ​បោះឆ្នោត​ទៅ​លើ​កិច្ចព្រមព្រៀងនេះ ជំនួយការ​នានា​បាន​និយាយ​ថា នៅ​ពី​ក្រោយ​ខ្នង គណៈរដ្ឋមន្ត្រី​បាន​ទទូច​កុំ​ឲ្យ​លោកស្រី​បោះជំហាន​ត​ទៅ​មុខ​ទៀត​ជាមួយ​នឹង​កិច្ចព្រមព្រៀង​នេះ។ ពួកគេ​បាន​ជំរុញ​ឲ្យ​លោកស្រី​ត្រឡប់​ទៅ​ពិភាក្សា​ជាមួយ​នឹង​សហភាព​អឺរ៉ុប​វិញ មុន​ពេល​ដែល​សភា​សម្រេច​លើ​អនាគត​កិច្ចព្រមព្រៀង​នេះ។

ពួកគេ​បាន​អះអាង​ថា លោកស្រី May កំពុង​តែ​ប្រឈម​នឹង​ការ​បរាជ័យ​ក្នុង​ការ​ទទួល​បាន​ការ​គាំទ្រ​នៅ​សភា។ ប៉ុន្តែ​ចំពោះ​ជម្រើស​ទី​ពីរ​វិញ ការ​ត្រឡប់​ទៅ​ពិភាក្សា​ឡើង​វិញ​ជាមួយ​នឹង​សហភាព​អឺរ៉ុប​ទៅ​លើ​កិច្ចព្រមព្រៀង​ដែល​មាន​៥៨៥​ទំព័រ​នោះ គឺ​ជា​រឿង​ដែល​មិន​ងាយ​នោះ​ទេ។ ចំណែក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ផ្អាក​កិច្ចព្រមព្រៀង​នេះ​វិញ រូបិយប័ណ្ណ​ផោន​របស់​អង់គ្លេស​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​១៨​ខែ​មក​នេះ។ ហើយ​រូបិយប័ណ្ណ​នេះ​ក៏​ធ្លាក់​ចុះដែរ​បើ​ធៀប​នឹង​ប្រាក់​អឺរ៉ូ។

ថ្លែង​ទៅ​កាន់​សភា​ដែល​មាន​សមាជិក​យ៉ាងច្រើន​កុះករ លោកស្រី May បាន​ថ្លែង​ថា លោកស្រី​បាន​ «ស្តាប់​រាល់​អ្វីៗ​ដែល​គេ​បាន​និយាយ‍» ក្នុង​អំឡុងពេល​នៃ​ការ​ជជែក​ពិភាក្សា​ដេញដោល​ដែល​មាន​រយៈពេល​បី​ថ្ងៃ​នោះ។ អត្ថាធិប្បាយ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្ទុះ​សំណើច​និង​ការ​សើច​ចំអក​ពី​សំណាក់​សមាជិក​សភា​នានា។ លោកស្រី​បាន​បន្ថែម​ថា «ប្រសិន​បើ​ការ​បោះឆ្នោត​នេះ​បន្ត​ទៅ​មុខ នោះ​នឹង​មាន​ការ​គាំទ្រ​តិចតួច​ណាស់‍។ ដូច្នេះ​ការ​បោះឆ្នោត​នេះ​នឹង​ត្រូវ​ពន្យារ​ពេល‍»។​

លោកស្រី May បាន​ថ្លែង​ថា កិច្ចព្រមព្រៀង​ដ៏​ទូលំទូលាយ​នេះ​គឺ​ល្អ​បំផុត​សម្រាប់​អង់គ្លេស។ លោកស្រី​ថ្លែង​ទៀត​ថា លោកស្រី​នឹង​ជួប​ជាមួយ​នឹង​បណ្តា​មេដឹកនាំ​សហភាព​អឺរ៉ុប​ «ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ‍»។

លោក Jeremy Corbyn មេដឹកនាំ​គណបក្ស​ពលកម្ម​នៅ​អង់គ្លេស​បាន​ហៅ​ការ​ពន្យារពេល​នៃ​ការ​បោះឆ្នោត​នេះ​ថា​ជា​ការ​អាម៉ាស​មួយ។ លោក​ថ្លែង​ថា រដ្ឋាភិបាល​បាន​បាត់បង់​ការ​ត្រួតត្រា​លើ​ព្រឹត្តិការណ៍​នានា។ លោក​បាន​និយាយ​ទៅ​កាន់​សភា​ថា លោកស្រី May គួរ​តែ​ទុក​ឲ្យ​រដ្ឋាភិបាល​ថ្មី​មួយ​ជា​អ្នក​ចាត់ការ​លើ​រឿង​នេះ​វិញ៕

XS
SM
MD
LG