ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានការពារសកម្មភាពរបស់លោកកាលពីថ្ងៃច័ន្ទ នៅពេលលោកបានដើរទៅថតរូបកាន់គម្ពីរគ្រិស្តសាសនា នៅមុខវិហារគ្រិស្តសាសនាមួយកន្លែងក្បែរសេតវិមាន នៅតែប៉ុន្មាននាទីក្រោយពីប៉ូលិសបំបែកក្រុមបាតុករនៅទីនោះដោយហិង្សា។
សកម្មភាពរបស់លោករងរិះគន់យ៉ាងខ្លាំងពីមេដឹនាំនៃវិហារនេះ ព្រមទាំងមេដឹកនាំគ្រិស្តសាសនាផ្សេងទៀត។
ប៉ុន្តែក្នុងបទសម្ភាសន៍មួយនៅព្រឹកថ្ងៃពុធជាមួយវិទ្យុ Fox News លោក ត្រាំ ថាមេដឹកនាំសាសនាភាគច្រើនពេញចិត្តនៅទង្វើរបស់លោកនេះ ដោយលោកបញ្ជាក់ថា «រឿងអីដែលពួកគេមិនពេញចិត្ត។ ខ្ញុំបានឈរនៅមុខវិហារគ្រិស្តសាសនាដែលបានឆ្លងកាត់របួសផ្លូវចិត្ត»។
លោក ត្រាំ ថា វិហារដែលត្រូវកសាងតាំងពីសតវត្សទី១៩នេះ តែងមានទំនាក់ទំនងជាមួយប្រធានាធិបតីអាមេរិក ហើយកាលពីថ្ងៃអាទិត្យ បានរងការដុតបំផ្លាញក្នុងអំឡុងមានផ្ទុះបាតុកម្មការចូលលួចនៅរដ្ឋធានីវ៉ាស៊ីនតោន។
លោក ត្រាំ ថាលោកមិនបានដឹងថាមានបាតុករនៅទីនោះទេ ប៉ុន្តែសេចក្តីរាយការណ៍ព័ត៌មានពីមុននោះថា រដ្ឋមន្ត្រីយុត្តិធម៌អាមេរិកលោក William Barr នៅមុនដំណើរប្រធានាធិបតីនោះបានបញ្ជាឲ្យអាជ្ញាធរបំបែកបាតុករដើម្បីបើកផ្លូវ។
ការរៀបចំរបស់កងការពារសម្ងាត់ Secret Service និងអាជ្ញាធរមូលដ្ឋាន ដើម្បីបើកផ្លូវឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកជានីតិវិធីធម្មតា។ ប៉ុន្តែ សកម្មភាពបើកផ្លូវ កាលពីថ្ងៃច័ន្ទ មានភាពខ្លាំងក្លានិងហិង្សាមិនធ្លាប់មាន។ ក្រុមបាតុករនិងអ្នកកាសែតត្រូវបានប៉ូលិសវាយប្រហារ និងបាញ់ផ្សែងគីមីដាក់ទៀត។
កាលពីថ្ងៃពុធដែរ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mike Esper ថ្លែងប្រាប់សន្និសីទសារព័ត៌មាននៅមន្ទីរបញ្ចកោណថា លោកបានទៅចូលទៅថតរូបនៅពេលនោះ ដោយមិនបានដឹងជាមុន ហើយលោកមិនគាំទ្រឲ្យមានការប្រើច្បាប់ចំណាស់ប្រឆាំងនឹងការបោះបោរ (Insurrection Act) ដែលនឹងអនុញ្ញាតឲ្យលោកប្រធានាធិបតី ត្រាំ អាចប្រើកម្លាំងទាហានជាតិ ដើម្បីបង្ក្រាបបាតុកម្មនៅតាមរដ្ឋនានា។
បាតុកម្មហិង្សាបានផ្ទុះឡើងនៅទូទាំងសហរដ្ឋអាមេរិកដើម្បីស្វែងរកយុត្តិធម៌ចំពោះការស្លាប់របស់ពលរដ្ឋអាមេរិកស្បែកខ្មៅលោក George Floyd។ បាតុកម្មទាំងនេះភាគច្រើនបានធ្វើបន្តដោយសន្តិវិធីនៅពេលនេះ ប៉ុន្តែបាតុកម្មជាច្រើនបន្តធ្វើ បើទោះបីមានបម្រាមគោចរនៅតាមទីក្រុងជាច្រើនរបស់សហរដ្ឋអាមេរិកក្តី៕