ចក្រភពអង់គ្លេស អ៊ីតាលី និងជប៉ុន កំពុងរួមគ្នាបង្កើតយន្តហោះចម្បាំងជំនាន់ថ្មីមួយ។
ប្រទេសទាំងបីបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយថា៖
«យើងប្រកាសនូវកម្មវិធីប្រយុទ្ធលើអាកាសជាសាកលមួយ ឬ Global Combat Air Program (GCAP) ដែលជាកិច្ចប្រឹងប្រែងប្រកបដោយមហិច្ឆតាមួយ ក្នុងការអភិវឌ្ឍប្រភេទយន្តហោះចម្បាំងជំនាន់ថ្មីមួយ នៅត្រឹមឆ្នាំ២០៣០ខាងមុខ»នេះ។
ប្រទេសដទៃផ្សេងទៀត ដែលរួមមានសហរដ្ឋអាមេរិកជាដើម អាចចូលរួមផងដែរ នៅក្នុងកិច្ចប្រឹងប្រែងសហប្រតិបត្តិការបង្កើតយន្តហោះចម្បាំងនេះ។
សហរដ្ឋអាមេរិកនិងជប៉ុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយថា៖
«យើងបានចាប់ផ្តើមកិច្ចសហការដ៏សំខាន់ តាមរយៈការពិភាក្សាមួយចំនួន ទៅលើសមត្ថភាពប្រព័ន្ធស្វ័យត ដែលអាចបន្ថែមទៅលើកម្មវិធីផលិតយន្តហោះចម្បាំងថ្មីរបស់ប្រទេសជប៉ុន ក៏ដូចជាជាគម្រោងផ្សេងៗមួយចំនួនផងដែរ»។
ការប្រកាសពីការអភិវឌ្ឍយន្តហោះចម្បាំងថ្មីនេះ កើតមានឡើងស្របពេលដែលប្រទេសរុស្ស៊ី ចិន និងកូរ៉េខាងជើង កំពុងបង្កើនភាពគឃ្លើនរបស់ខ្លួន៕