ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

UNHCR៖ ព្រំដែន​ត្រូវ​តែ​បើក​ចំហរ​សម្រាប់​ពលរដ្ឋ​វេណេស៊ុយអេឡា​ដែល​ស្វែង​រក​ការ​ការពារ​ពី​អន្តរជាតិ


រូបឯកសារ៖ ជន​ភៀស​ខ្លួន​វេណេ​ស៊ុយអេឡា​រៀប​ចំ​​ម្ហូប​អាហារ​នៅ​កន្លែង​ស្នាក់​នៅ​ក្នុង​ទីក្រុង Pacaraima ប្រទេស​ប្រេស៊ីល ក្នុង​រដ្ឋ Roraima កាល​ពី​ខែ​មីនា ២០១៨។
រូបឯកសារ៖ ជន​ភៀស​ខ្លួន​វេណេ​ស៊ុយអេឡា​រៀប​ចំ​​ម្ហូប​អាហារ​នៅ​កន្លែង​ស្នាក់​នៅ​ក្នុង​ទីក្រុង Pacaraima ប្រទេស​ប្រេស៊ីល ក្នុង​រដ្ឋ Roraima កាល​ពី​ខែ​មីនា ២០១៨។

ទីភ្នាក់ងារអង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ឬ​ (UNHCR) ​រាយ​ការណ៍​ថា ​ជន​ភៀស​ខ្លួន​និង​ជន​ចំណាក​ស្រុក​វេណេស៊ុយអេឡា​រាប់​ពាន់​នាក់​កំពុង​ចាក​ចេញ​ពី​ប្រទេស​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ស្វែង​រក​ការ​ជ្រក​កោន​ឬ​ជីវភាព​ប្រសើរ​ឡើង។​ ទីភ្នាក់​ងារ​នោះ ​កំពុង​ជំរុញ​ឲ្យ​ប្រទេស​នានា​បើក​ចំហ​ព្រំ​ដែន​របស់​ខ្លួន​សម្រាប់​មនុស្ស​ដែល​ត្រូវ​ការ​ការពារ​ពី​អន្តរជាតិ។

ទីភ្នាក់​ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​មិន​គាំទ្រ​ការ​សម្រេច​របស់​ប្រធានា​ធិបតី​វេណេស៊ុយអេឡា​លោក​ Nicolas Maduro ​ដើម្បី​បិទ​ព្រំ​ដែន​ជាមួយ​ប្រទេស​ប្រេស៊ីល​ដើម្បី​រារាំង​ជំនួយ​មនុស្ស​ធម៌​កុំ​ឲ្យ​ចូល​ក្នុង​ប្រទេស​របស់​លោក​ទេ។

ក៏ប៉ុន្តែ ​លោក ​Andrej Mahecic​ អ្នក​នាំ​ពាក្យ​ទីភ្នាក់​ងារ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​និយាថា ​មនុស្ស​ជា​ច្រើន​ដែល​ចាក​ចេញ​ពី​ប្រទេស​វេណេស៊ុយអេឡា​ត្រូវ​ការ​ការពារ​ពី​អន្តរជាតិ។​ លោក​និយាយ​ទៀត​ថា ​កាល​ពី​ឆ្នាំ​ទៅ ​មនុស្ស​ប្រហែល​៥​ពាន់​នាក់ ​បាន​ចាក​ចេញ​ពី​ប្រទេស​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ស្វែងរក​ការ​ការ​ពារ​ឬធ្វើ​ឲ្យ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​របស់​ខ្លួន​ប្រសើរឡើង។

លោក​និយាយ​ទៀត​ថា ប្រទេស​នានា​នៅ​តំបន់​អាមេរិកឡាទីន ​បាន​ទទួល​យក​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន​ច្រើន​ណាស់​ដែល​មិន​ធ្លាប់​មាន​កាល​ពី​ពេលមុន​ហើយ​បាន​ផ្តល់​ការ​អនុ​ញ្ញាតិ​ឲ្យ​រស់​នៅ​ហើយ​និង​ឋានៈ​ភាព​ផ្សេងៗ​ទៀត​ដល់​ពលរដ្ឋ​វេណេស៊ុយអេឡា​ចំនួន​១​លាន​៣សែន​នាក់។

លោក​ Mahecic​ និយាយ​ថា៖ «ចំពោះ​ទីភ្នាក់​ងារ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុកជន​ភៀស​ខ្លួន​បញ្ហា​សំខាន់​បំផុត​គឺ ​មនុស្សដែល​ត្រូវ​ការ​ការ​ការ​ពារ​អន្តរជាតិ ​អាច​ទទួល​បាន​ការ​ការ​ពារ​នៅ​ពេល​ដែល​ពួក​គេ​ត្រូវការ។ បទពិសោធន៍​បង្ហាញ​ថា ​បុគ្គល​ដែលត្រូវ​គេ​បង្ខិត​បង្ខំឲ្យ​ចាក​ចេញ​អាច​ជ្រើស​រើសផ្លូវ​ប្រកប​ដោយ​គ្រោះថ្នាក់ ​ដោយ​ដាក់​អាយុ​ជីវិត​របស់​ខ្លួន​ស្ថិត​ក្នុង​ភាព​គ្រោះ​ថ្នាក់​នៅ​ពេល​ដែលវិធាន​ការ​ចំណាក​ស្រុក​ដ៏​តឹង​រ៉ឹង​រារាំង​ពួក​គេ​មិន​ឲ្យ​ទៅ​ដល់​កន្លែង​មាន​សុវត្ថិ​ភាព»។

លោក ​Mahecic ​និយាយ​ទៀត​ថា ​ពលរដ្ឋដែល​ត្រូវ​គេ​បង្ខំឲ្យ​ជ្រើសរើសផ្លូវ​មិនប្រក្រតី​ជា​រឿយៗ​ក្លាយ​ជា​ជន​រងគ្រោះ​ដល់​ពួក​អ្នករត់​ពន្ធ ​អ្នក​ជួញ​ដូរ​មនុស្ស​ឬ​ក្រុម​ប្រដាប់អាវុធ។ លោក​និយាយ​ទៀត​ថា ពួក​ជន​ភៀស​ខ្លួន​និង​ជន​ចំណាក​ស្រុក ​ក៏​ងាយ​ទទួលគ្រោះ​ថ្នាក់​ដោយសារ​ការ​កេងយក​ផល​ប្រយោជន៍ ​អំពើ​ហិង្សា ការ​រំលោភ​បំពាន​ខាង​ផ្លូវភេទ​និងការ​រើសអើង។

​ទីភ្នាក់​ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​និង​ទីភ្នាក់​ទេសន្តរ​ប្រវេសន៍​អង្គការ​សហ​ប្រជាជាតិ ​រាយការណ៍​ថា ​ចំនួន​ជន​ភៀស​ខ្លួន​និង​ជន​ចំណាក​ស្រុក​មក​ពី​ប្រទេស​វេណេស៊ុយអេឡា​ ឥឡូវ​នេះ​មាន​ចំនួន​៣​លាន​៤​សែន​នាក់​នៅ​ទូទាំង​ពិភព​លោក ​ដោយ​ភាគ​ច្រើន​នៅ​ក្នុង​តំបន់​អាមេរិក​ឡាទីននិង​តំបន់​ការ៉ាអ៊ីប។

ប្រទេស​កូឡុំប៊ី​ទទួល​យក​ជន​ភៀស​ខ្លួន​និង​ជន​ចំណាក​ស្រុក​ច្រើន​ជាង​គេ​បង្អស់​ដោយ​មាន​ចំនួន​ទៅ​ដល់​ជាង​១លាន​នាក់ ​បន្ទាប់មក​គឺប្រទេស​ប៉េរូ ​ឈីលី អេក្វាទ័រ​ អាហ្សង់ទីន​ និង​ប្រទេស​ប្រស៊ីល៕

ប្រែសម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG