ពួកមន្ត្រីប៉ាគីស្ថាន បាននិយាយថា នាយទាហានប៉ាគីស្ថានម្នាក់និងទាហាន អាហ្វហ្គានីស្ថានពីរនាក់បានស្លាប់ ហើយមានមនុស្សយ៉ាងតិចណាស់ ៣០ នាក់ទៀតបានត្រូវរបួសនៅក្នុងការប៉ះទង្គិចគ្នាឆ្លងព្រំដែននៅក្នុងសប្តាហ៍នេះ។
ស្ថានការណ៍នៅឯច្រកព្រំដែន Torkham ដែលមានមនុស្សឆ្លងកាត់ច្រើននៅតែមានភាពតានតឹងដដែល ហើយខ្លោងទ្វារធំនៅទីនោះនៅតែបិទដដែលក្នុងថ្ងៃទីបីកាលពីថ្ងៃអង្គារ ដោយនាំឱ្យអ្នកដំណើររាប់ពាន់នាក់ជាប់គាំងនៅក្នុងផ្នែកទាំងសងខាងនៃព្រំដែននោះ។
នៅក្នុងសកម្មភាពមួយកាលពីពេលយប់ គេបាននិយាយថាកងយោធាប៉ាគីស្ថានបានបំពាក់អាវុធធុនធ្ងន់មានរួមបញ្ចូលទាំងកងរថក្រោះនិងបានដាក់ពង្រាយក្រុមទាហានថែមទៀតទៅកាន់ព្រំដែន ដែលការណ៍នេះបានបង្កើនការព្រួយបារម្ភថា អាចមានការប្រយុទ្ធគ្នាថែមទៀត។
ពួកមេបញ្ជាការអាហ្វហ្គានីស្ថាន បានបញ្ជាក់ថាប្រាកដជាមានការបង្កើនកិច្ចការពារសន្តិសុខនៅខាងព្រំដែនរបស់ខ្លួនមែនដោយបានបញ្ជូនទាហានបន្ថែមទៅកាន់ទីនោះ។
ពួកមន្ត្រីប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃអង្គារថា លោក Ali Jawad Khan ដែលជាវរសេនីយ៍ត្រីម្នាក់នៃកងទ័ពជើងគោកដែលបានត្រូវរបួសនៅក្នុងការប៉ះទង្គិចគ្នាកាលពីថ្ងៃចន្ទបានទទួលមរណភាពហើយ។
លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Nawaz Sharif បានសម្តែងការគោរពដល់លោក Khan ដោយលោកបានមានប្រសាសន៍ថា លោកបានក្លាយទៅជាជនរងគ្រោះមា្នក់នៃការឈ្លានពាននៅលើព្រំដែន ហើយបានបូជាជីវិតលោកក្នុងការការពារប្រទេសលោក៕