ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សំបុត្រ​ចូល​ទស្សនា​អង្គរ​ឡើង​ជិត​ទ្វេ​ដង​ចាប់ពី​ខែ​កុម្ភៈ


រូបឯកសារ៖ ទិដ្ឋភាព​ប្រាសាទ​អង្គរវត្តនៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៦។ (AP Photo/Heng Sinith)
រូបឯកសារ៖ ទិដ្ឋភាព​ប្រាសាទ​អង្គរវត្តនៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៦។ (AP Photo/Heng Sinith)

កាល​ពី​ខែ​សីហា ​ឆ្នាំ​២០១៦ ​រដ្ឋាភិបាល​បាន​សម្រេច​ដំឡើង​តម្លៃ​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​បរទេស។

អ្នក​ធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​យល់ថា​ តម្លៃ​សំបុត្រ​ថ្មី​សម្រាប់​ទេសចរ​បរទេស​ចូល​ទស្សនា​តំបន់​អង្គរវត្ត​ដែល​កើន​ឡើង​ជិត​២​ដង​នោះ ​នឹង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​នៅ​តំបន់​នេះ​នោះ​ទេ​ បើទោះបី​ជា​ពួកគេ​យល់​ថា​ ការ​ដំឡើង​ថ្លៃ​នេះ​អាច​នឹង​ប៉ះពាល់​ខ្លះ​ដល់​អារម្មណ៍​របស់​ភ្ញៀវ​ទេសចរណ៍។

កាល​ពី​ខែ​សីហា ​ឆ្នាំ​២០១៦ ​រដ្ឋាភិបាល​បាន​សម្រេច​ដំឡើង​តម្លៃ​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​បរទេស។ តម្លៃ​សំបុត្រ​សម្រាប់​ចូល​ទស្សនា​រយៈពេល​១​ថ្ងៃ​នឹង​ត្រូវ​ដំឡើង​ពី​២០​ដុល្លារ​ទៅ​៣៧​ដុល្លារ ​តម្លៃ​សំបុត្រ​សម្រាប់​រយៈពេល​៣ថ្ងៃ ​នឹង​ត្រូវ​ដំឡើង​ពី​៤០ដុល្លារ​ទៅ​៦២​ដុល្លារ ​និង​តម្លៃ​សំបុត្រ​ចូល​ទស្សនា​រយៈពេល​មួយ​សប្ដាហ៍​ នឹង​ត្រូវ​ដំឡើង​ពី​៦០ដុល្លារ​ទៅ​៧២ដុល្លារ ហើយ​តម្លៃ​ថ្មី​នេះ​នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃទី១ ​ខែកុម្ភៈ ​ឆ្នាំ២០១៧​នេះ​តទៅ។

លោកស្រី ឆាយ ស៊ីវលីន ​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​នៅ​កម្ពុជា​ប្រាប់​VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ការ​ដំឡើង​ថ្លៃ​សំបុត្រ​ជិត​ទ្វេដង​នេះ​មាន​លក្ខណៈ​ «គំហុក​» ​ដែល​អាច​នឹង​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ភ្ញៀវទេចរណ៍​ និង​នាំ​ឱ្យ​មាន​ការ​រិះគន់។ ទោះជា​យ៉ាង​ណា ​លោកស្រី​យល់​ថា ​តម្លៃ​ថ្មី​នេះ​នៅ​តែ​អាច​ទទួល​យក​បាន​ គឺ​ប្រហាក់​ប្រហែល​នឹង​ប្រទេស​ជិតខាង។

យ៉ាងនេះក្ដី​ លោកស្រី ឆាយ ស៊ីវលីន​ យល់​ថា ​ស្រប​ជាមួយ​នឹង​ការ​ដំឡើង​តម្លៃ​នេះ ​កម្ពុជា​ក៏​គួរ​ពង្រឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ ​និង​សេវាកម្ម​របស់​ខ្លួន​ឱ្យ​កាន់​តែ​ល្អ​ផងដែរ។

«ស្រុក​គេ ​គេ​តម្លៃ​ប៉ុណ្ណឹង ​ហេដ្ឋារចនា​សម្ព័ន្ធ​គេ ​សន្តិសុខ​គេ​វា​មាន​ច្រើន​ជាង​ ប៉ុន្តែ​យើង​សង្ឃឹម​ថា​ បន្ទាប់ពី​រាជរដ្ឋាភិបាល​ដំឡើង​ថ្លៃ​ចឹង​ទៅ ​គាត់​អាច​មាន​ថវិកា​មួយ​ចំនួន​ដើម្បី​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្នែក​វិស័យ​ទេសចរណ៍​ហ្នឹង​ឱ្យ​បាន​ល្អ​ អាច​ប្រដំប្រសង​ជាមួយ​គេ»។

លោកស្រី ឆាយ ស៊ីវលីន​ បន្ត​ថា ​ការ​ទុក​ពេល​៦​ខែ​មុន​ចាប់​ផ្ដើម​អនុវត្ត​តម្លៃ​ថ្មី​នេះ​គឺ​ជា​ការ​ទុក​ពេល​ខ្លី​ពេក​ ដែល​លោកស្រី​ថា ​ធ្វើ​ឱ្យ​ភ្នាក់ងារ​ទេសចរណ៍​ខ្លះ​ជួប​ការ​លំបាក។ លោកស្រី​ស្នើ​ឱ្យ​មានការ​ទុក​រយៈពេល​យូរ​ជាង​នេះ​សម្រាប់​ការ​ឡើង​ថ្លៃ​លើក​ក្រោយៗ​ទៀត ​និង​ដំឡើង​ថ្លៃ​ម្ដង​បន្តិច​ជាជាង​ការ​ឡើង​ថ្លៃ​ដោយ​គំហុក។

លោក ​ធួន ស៊ីណាន ​ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា ​និង​ជា​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ីប៉ាស៊ីហ្វិក ​(Pacific Asia ​Travel Association) ​នៅ​ប្រទេស​កម្ពុជា យល់​ឃើញ​ប្រហាក់ប្រហែល​គ្នា​ថា ការ​ដំឡើង​ថ្លៃ​សំបុត្រ​នេះ​អាច​នឹង​ប៉ះពាល់​អារម្មណ៍​របស់​ភ្ញៀវទេសចរណ៍ ​តែ​នឹង​មិន​ធ្វើ​ឱ្យ​ចំនួន​ភ្ញៀវ​ថយ​ចុះ​នោះ​ទេ។ ទោះយ៉ាងណា ​លោក​រិះគន់​របៀប​ដែល​រដ្ឋាភិបាល​កំណត់​តម្លៃ​សំបុត្រ​សម្រាប់​ចូល​ទស្សនា​តំបន់​អង្គរ​នេះ។

«នៅ​ពេល​ដែល​យើង​លក់​[សំបុត្រ​ចូល​ទស្សនា]​អង្គរវត្ត​តម្លៃ​២០​ដុល្លារ​ វា​ថោក​ណាស់​ វា​ថោកមែនទែន។ វា​មិន​ស្មើ​នឹង​[តម្លៃចូល]​តំបន់​កម្សាន្ត​របៀប​សិប្បនិម្មិត​នៅ​ក្នុង​ប្រទេស​ជុំវិញ​ផង។ ក៏​ប៉ុន្តែ ​វិធីសាស្ត្រ​ដែល​រដ្ឋាភិបាល​ដំឡើង​ហ្នឹង​ វា​អត់​ត្រូវ​នៅក្នុង​កាលៈទេសៈ​ ឬ​ក្នុង​ស្ថានភាព​ដែល​យើង​មាន»។

លោក ធួន ស៊ីណាន ​បន្ត​ថា​ នៅក្នុង​តំបន់​អង្គរ​មាន​ប្រាង្គ​ប្រាសាទ​ច្រើន​រាប់រយ​ និង​ត្រូវការ​ពេល​ច្រើន​ថ្ងៃ​ដើម្បី​ទស្សនា។ លោក​លើក​ជា​យោបល់​ថា ​រដ្ឋាភិបាល​គួរ​លក់​សំបុត្រ​ដោយ​បែងចែក​ជា​តំបន់​ប្រាសាទ ​ជាជាង​លក់​សំបុត្រ​សម្រាប់​ទស្សនា​តំបន់​អង្គរ​ទាំង​មូល ​ដើម្បី​ងាយស្រួល​ដល់​ភ្ញៀវទេសចរណ៍​ក្នុងការ​ជ្រើសរើស​តំបន់​ដែល​ខ្លួន​ចង់​ទៅ​ទស្សនា​តាម​ពេលវេលា​ដែល​ខ្លួនមាន។

លោក លី សែ ​ប្រធាន​គ្រឹះស្ថាន​អង្គរ​ដែល​ជា​ស្ថាប័ន​របស់​រដ្ឋ​គ្រប់គ្រង​ចំណូលពី​រមណីយដ្ឋាន​អង្គរ​មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​បាន​លើក​ពេល​ក្នុង​ការ​ដំឡើង​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​នេះ​អស់​ច្រើន​លើក​មក​ហើយ​ ហើយ​នេះ​ជា​ការ​ឡើង​ថ្លៃ​លើក​ដំបូង​ក្នុង​រយៈពេល​២៥ឆ្នាំ។ លោក​អះអាង​ថា​ រដ្ឋាភិបាល​បាន​ធ្វើ​ការ​សិក្សា​ច្បាស់លាស់​មុន​នឹង​ដំឡើង​ថ្លៃ ​ហើយ​វា​នឹង​មិន​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរណ៍​នោះ​ទេ។

«ចឹង​មិនមែន​លើកនេះ​ទើបចាប់​ព្រឹប​ឡើង​ទេ! យើង​ស្ទាបស្ទង់​ យើង​ឱ្យ​ពេល​ យើង​ទុក​ពេល​វេលា​ឱ្យ​គេ​ត្រឹមត្រូវ​ ហើយ​ការ​ដំឡើង​ហ្នឹង ​រដ្ឋាភិបាល​ inform (ប្រាប់មុន)​៦​ខែ​មុន។ ទុក​រយៈពេល ​ហើយ​ពិគ្រោះ​យោបល់​ហ្នឹង​ប៉ុន្មាន​ខែ​មុន​ឯណោះ»។

លោក លី សែ ​អះអាង​ដែរ​ថា ​គ្រឹះស្ថាន​និង​អាជ្ញាធរ​អប្សរា​មាន​ផែនការ​ជា​បន្តបន្ទាប់​ដើម្បី​ធ្វើ​ឱ្យ​សេវាកម្ម​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​កាន់តែ​ប្រសើរ​ តែ​លោក​ពុំបាន​បញ្ជាក់​ពី​ផែនការ​ទាំងអស់​នោះ​ទេ។

យោងតាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរចេញផ្សាយ​កាលពី​ដើម​ខែមករា​ ទេសចរ​បរទេស​ដែល​ទិញ​សំបុត្រ​ចូលទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​ឆ្នាំ២០១៦​សរុប​មាន​ចំនួន២ ១៩៧ ២៥៤​នាក់ កើន​ឡើង​៤,៦៣​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៥។ ចំណែកប្រាក់​ចំណូល​ពេញ​មួយ​ឆ្នាំ២០១៦ ​ទទួល​បាន​ ៦២.៥៨២.២០០ដុល្លារ​ កើនឡើង ៤,២១ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៥។

បើ​តាម​លោក លី សែ ​ក្រោយ​ការ​ដំឡើង​ថ្លៃ ​គ្រឹះស្ថាន​រំពឹង​ថា ​នឹង​ទទួល​បាន​ចំណូល​១០០​លាន​ដុល្លារ​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​ក្នុង​ឆ្នាំ​២០១៧​នេះ៕

XS
SM
MD
LG