អតីតប្រធានាធិបតីនិយមនយោបាយស្តាំជ្រុលនៃប្រទេសប្រស៊ីលលោក Jair Bolsonaro បានត្រឡប់ពីស.រ.អ.នៅថ្ងៃព្រហស្បតិ៍នេះ ដោយមានការអបអរសាទរពីពួកអ្នកគាំទ្រលោករាប់រយនាក់នៅឯអាកាសយានដ្ឋានក្នុងរដ្ឋធានី Brasilia ដើម្បីទទួលស្វាគមន៍លោកមកវិញក្រោយពេលបីខែ។
ក្រុមមន្ត្រីគណបក្សសេរីនិយម របស់លោកបាននិយាយថាលោក Bolsonaro ដែលមិនបានទទួលស្គាល់ថាលោកចាញ់ឆ្នោតក្នុងការបោះឆ្នោតកាលពីឆ្នាំទៅ ត្រូវរំពឹងថានឹងដឹកនាំក្រុមប្រឆាំងនឹងប្រធានាធិបតីឆ្វេងនិយមលោក Luiz Inacio Lula da Silva។
នៅមុនលោកឡើងយន្តហោះមួយគ្រឿងនៅក្នុង ទីក្រុង Orlando លោក Bolsonaro មិនបានសង្កត់ធ្ងន់លើមុខនាទីដឹកនាំរបស់លោកទេ ហើយលោកបាននិយាយថាលោកនឹងប្រើបទពិសោធរបស់លោកដើម្បីជួយគណបក្សលោកគឺគណបក្សសេរីនិយមធ្វើយុទ្ធនាការបោះឆ្នោតក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋាន ដោយបានបន្ថែមថាការបោះឆ្នោតកាលពីខែតុលាដែលលោកបានចាញ់ឆ្នោតជាជំពូកមួយត្រូវបិទហើយ។
លោកបាននិយាយប្រាប់បណ្តាញទូរទស្សន៍ CNN ប្រេស៊ីល ថា«យើងបានបិទទំព័រមួយហើយ ហើយនៅពេលនេះយើងនឹងប្រុងប្រៀបសម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយ»។
លោក Bolsonaro បានធ្វើដំណើរមកស.រ.អ.ពីរថ្ងៃមុនលោកមានកំណត់ប្រគល់ខ្សែឆៀងប្រធានាធិបតីឱ្យលោក Lula កាលពីថ្ងៃទី១មករា។ លោកបាននិយាយថាលោកត្រូវការសម្រាក តែក្រុមអ្នករិះគន់បាននិយាយថាលោកបានជៀសវាងការប្រថុយប្រថានអំពីការស៊ើបអង្កេតជាង១២ដែលលោកអាចប្រឈមក្នុងប្រទេសប្រេស៊ីល។
ការស៊ើបអង្កេតខាងផ្លូវច្បាប់បានផ្តោតលើការវាយប្រហាររបស់លោកលើប្រព័ន្ធបោះឆ្នោតនៃប្រទេសប្រេស៊ីលនិងមុខនាទីលោកក្នុងការលើកទឹកចិត្តពួកអ្នកគាំទ្រលោកឱ្យចូលលុកក្នុងអគាររដ្ឋាភិបាលក្នុងកុបកម្មកាលពីថ្ងៃទី៨ខែមករាដែលស្រដៀងគ្នានឹងការចូលលុកក្នុងអគារសភាកាពីតូលស.រ.អ.ដែរ។
លោក Bolsonaro ដែលចាត់ទុកអតីតប្រធានាធិបតីស.រ.អ.លោក Donald Trump ថាជាមនុស្សដែលលោកគោរពខ្លាំង បានចូលរួមក្នុងការប្រជុំរបស់អង្គការ Conservative Political Action Conference នៅខែនេះក្នុងរដ្ឋធានី Washington ដែលនៅទីនោះលោកបានលើកឡើងពីការសង្ស័យអំពីលទ្ធផលនៃការបោះឆ្នោតកាលពីខែតុលាដែលលោក Lula បានឈ្នះបន្តិច ហើយលោកបាននិយាយថាបេសកកម្មរបស់លោកក្នុងប្រទេសប្រេស៊ីល«មិនទាន់ចប់នៅឡើយទេ»៕
លោក Bolsonaro ត្រឡប់ទៅប្រេស៊ីលវិញដើម្បីដឹកនាំក្រុមប្រឆាំងស្តាំនិយម
- Reuters
ប្រាស៊ីលីយ៉ា —