ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នកតវ៉ា​នៅ​ប្រេស៊ីល​បំផ្លាញ​អគារ​រដ្ឋាភិបាល


ប្រធានាធិបតី​ប្រេស៊ីល​លោក Luiz Inacio Lula da Silva ពិនិត្យ​មើល​ការខូចខាត​នៅ​វិមាន Planalto បន្ទាប់ពី​វិមាន​នេះ​ត្រូវបាន​វាយ​ប្រហារ​ដោយ​អ្នកគាំទ្រ​អតីត​ប្រធានាធិបតី​ប្រេស៊ីល លោក Jair Bolsonaro ក្នុង​ទីក្រុង​ប្រាស៊ីលីយ៉ា ប្រទេស​ប្រេស៊ីល នៅ​ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។
ប្រធានាធិបតី​ប្រេស៊ីល​លោក Luiz Inacio Lula da Silva ពិនិត្យ​មើល​ការខូចខាត​នៅ​វិមាន Planalto បន្ទាប់ពី​វិមាន​នេះ​ត្រូវបាន​វាយ​ប្រហារ​ដោយ​អ្នកគាំទ្រ​អតីត​ប្រធានាធិបតី​ប្រេស៊ីល លោក Jair Bolsonaro ក្នុង​ទីក្រុង​ប្រាស៊ីលីយ៉ា ប្រទេស​ប្រេស៊ីល នៅ​ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។

អាជ្ញាធរ​ប្រេស៊ីល​បាន​និយាយ​ថា ពួកគេ​បាន​ចាប់​ខ្លួន​អ្នក​គាំទ្រ​អតីត​ប្រធានាធិបតី​ប្រេស៊ីល​លោក Jair Bolsonaro យ៉ាង​តិច ២០០ នាក់​ដែល​បាន​រុករក​កកូរ​កកាយ​តុលាការ​កំពូល​ សភា ​និង​វិមាន​ប្រធានាធិបតី​នៅ​ក្នុង​រដ្ឋធានី​ប្រាស៊ីលីយ៉ា​កាលពី​ថ្ងៃ​អាទិត្យ។

អ្នក​តវ៉ា​រាប់​ពាន់​នាក់​បាន​សម្រុក​ចូល​អគារ​រដ្ឋាភិបាល​ទាំង​នោះ។ វីដេអូ​អំពី​ការ​បំពាន​លើ​ទ្រព្យសម្បត្តិ​របស់​រដ្ឋាភិបាល​ទាំង​នោះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ​អ្នក​តវ៉ា​បាន​វាយ​បំបែក​បង្អួច តោង​ឡើង​ដំបូល និង​ធ្វើ​សកម្មភាព​បំផ្លិចបំផ្លាញ​ផ្សេងៗ​ទៀត។ ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា​ផ្នែក​ខាង​ក្នុង​នៃ​អាគារ​ទាំង​នោះ​បាន​រង​ការខូចខាត។

អាជ្ញាធរ​ប្រេស៊ីល​បាន​និយាយ​ថា ​ពួកគេ​មាន​បំណង​ធ្វើ​ឱ្យ​ក្រុម​អ្នក​តវ៉ា​ទាំង​នេះ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ពួកគេ ហើយ​នឹង​ពិនិត្យ​មើល​អគារ​ទាំង​នោះ​ដើម្បី​រក​ស្នាម​ក្រយៅ​ដៃ​ និង​ពិនិត្យ​មើល​លើ​រូបភាព​នានា​ដែល​បាន​ថត​ក្នុង​អំឡុង​ពេល​បំផ្លិចបំផ្លាញ​អាគារ​ទាំង​នោះ។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ប្រេស៊ីល​លោក Flavio Dino បាន​និយាយ​ថា រដ្ឋាភិបាល​ក៏​មាន​បំណង​ស្វែង​រក​អ្នក​ដែល​ចំណាយ​លុយ​ជួល​រថយន្ត​ក្រុង​ជា​ច្រើន​គ្រឿង​ដឹក​ពួក​កុបករ​ទាំង​នោះ​មក​កាន់​រដ្ឋធានី​ប្រាស៊ីលីយ៉ា​ផង​ដែរ។

ក្រុម​អ្នក​គាំទ្រ​លោក Bolsonaro ចង់​ឱ្យ​លោក​ក្លាយជា​ប្រធានាធិបតី​នៃ​ប្រទេស​ប្រេស៊ីល​ម្ដង​ទៀត ​ហើយ​បាន​អំពាវនាវ​ឱ្យ​យោធា​ធ្វើ​រដ្ឋប្រហារ។ លោក Bolsonaro បាន​ចាញ់​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ពេល​ថ្មីៗ​នេះ ដោយ​នៅ​ក្នុង​ការ​បោះឆ្នោត​នោះ លោក Luiz Inacio Lula da Silva បាន​ឈ្នះ​តំណែង​ជា​ប្រធានាធិបតី​ និង​បាន​ស្បថ​ចូល​កាន់​តំណែង​កាលពី​មួយ​សប្ដាហ៍​មុន។

លោក Bolsonaro បាន​ចាកចេញ​ពី​ប្រទេស​ប្រេស៊ីល​មុន​ពេល​លោក Lula ចូល​កាន់​តំណែង ហើយ​បាន​ស្នាក់នៅ​ក្នុង​ទីក្រុង Orlando នៃ​រដ្ឋ Florida សហរដ្ឋ​អាមេរិក។

ការ​លុកលុយ​របស់​អ្នក​តវ៉ា​ក្នុង​អាគារ​រដ្ឋាភិបាល​ទាំង​នេះ​ហាក់​ដូចជា​ធ្វើ​តាម​ករណី​វាយ​ប្រហារ​លើ​វិមាន​សភា​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ទី ៦ ខែ​មករា ឆ្នាំ ២០២១ ដូច្នេះ​ដែរ។ ប៉ុន្តែ ផ្ទុយ​ពី​ករណី​វាយ​ប្រហារ​នៅ​វិមាន​សភា​អាមេរិក​ដែល​នៅ​ពេល​នោះ​សមាជិក​សភា​កំពុង​ប្រជុំ ករណី​វាយ​ប្រហារ​នៅ​អគារ​រដ្ឋាភិបាល​របស់​ប្រទេស​ប្រេស៊ីល​នេះ ​គឺ​ធ្វើ​ឡើង​នៅ​ពេល​ដែល​ភាគ​ច្រើន​មិន​មាន​មន្ត្រី​រដ្ឋាភិបាល​នៅ​ក្នុង​នោះ។

វត្តមាន​ដ៏​ខ្លាំងក្លា​របស់​ប៉ូលិស ​ឬ​ក៏​យោធា​ក៏​មិន​មាន​ដែរ​នៅ​ពេល​នោះ បើ​ទោះបីជា​មាន​ការ​ព្រមាន​ទុក​ជា​មុន​ថា ​ក្រុម​អ្នក​គាំទ្រ​លោក Bolsonaro មាន​ផែនការ​សម្រុក​ទៅ​កាន់​អាគារ​រដ្ឋាភិបាល​ទាំង​នោះ​ក៏ដោយ៕

XS
SM
MD
LG