មន្ត្រីយោធានីហ្សេរីយ៉ា និយាយថា មនុស្សយ៉ាងតិច៣០នាក់ស្លាប់នៅភាគឦសានប្រទេស ក្រោយពីស្រីពីរនាក់បំផ្ទុះគ្រាប់បែកអត្តឃាតនៅផ្សារមួយកាលពីថ្ងៃសុក្រម្សិលមិញ។ កងទ័ពបន្ទោសថា ក្រុមឥស្លាម Boko Haram ជាអ្នកវាយប្រហារ។ ក្រុមនេះមានឈ្មោះអាក្រក់ក្នុងការប្រើស្រ្តីនិងក្មេងស្រីឲ្យដាក់គ្រាប់បែកអត្តឃាត។ ប៉ុន្តែក្រុម Boko Haram មិនបានប្រកាសទទួលខុសត្រូវទេ។
លោកវរៈសេនីយ៍ត្រី Badere Akintoye អ្នកនាំពាក្យកងទ័ពនីហ្សេរីយ៉ា និយាយថា ក្រៅពីអ្នកស្លាប់យ៉ាងតិច៣០នាក់នោះ នៅមានអ្នករបួស៦៧នាក់ទៀត ដែលត្រូវដឹកទៅមន្ទីរពេទ្យ។ តំបន់ Magdali បានស្ថិតនៅក្រោមការកាន់កាប់របស់ពួក Boko Haram ជាច្រើនខែកាលពីឆ្នាំមុន មុនពេលកងទ័ពនីហ្សេរីយ៉ា ដណ្តើមកាន់កាប់។ ពួក Boko Haram នៅរក្សាមូលដ្ឋានរឹងមាំនៅព្រៃ Sambisa ក្បែរនោះ។
ពួក Boko Haram បានធ្វើការវាយប្រហារស្រដៀងគ្នានេះជាច្រើននៅតំបន់ Magdali កាលពីឆ្នាំទៅ។ កាលពីឆ្នាំ២០១៥ ស្រ្តី២នាក់ដាក់គ្រាប់បែកអត្តឃាតសម្រាប់មនុស្ស៣០នាក់នៅចំណតរថយន្តក្រុងជិតផ្សារនេះដែរ ហើយក្នុងខែមិថុនា ការវាយប្រហារលើពិធីបុណ្យសពបានសម្លាប់មនុស្ស១៨នាក់។
លោក Muhammadu Buhari ប្រធានាធិបតីនីហ្សេរីយ៉ា និយាយថា ក្រុម Boko Haram ត្រូវបានវាយឲ្យបរាជ័យតាមលក្ខណៈបច្ចេកទេសក្នុងឆ្នាំ២០១៥ តែការវាយប្រហារនៅតែបន្ត៕