នៅមុនពេលមានជំនួបពិភាក្សាខាងនយោបាយរវាងមេដឹកនាំតំណាងរាស្ត្រគណបក្សធំៗពីរនៅរដ្ឋសភាដែលគ្រោងនឹងធ្វើឡើងនៅក្រោយថ្ងៃទី១១ខែមករានេះ ក្រុមប្រជាពលរដ្ឋរងគ្រោះដោយការរំលោភបំពានដីធ្លីក្នុងសហគមន៍បឹងកក់ ព្រមទាំងសហគមន៍នានា ដែលនៅជាប់គាំងក្នុងជម្លោះដីធ្លី បានប្រមូលផ្ដុំគ្នានៅមុខក្រសួងមហាផ្ទៃ និងបានដើរទៅសភាជាតិខ្មែរដើម្បីដាក់ញត្តិទាមទារឲ្យតុលាការដោះលែងសកម្មជនដីធ្លីនៅតំបន់បឹងកក់ មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក និងមន្ត្រីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
នៅក្នុងការតវ៉ាដែលធ្វើឡើង នៅព្រឹកថ្ងៃអង្គារនេះ ក្រុមប្រជាពលរដ្ឋ បានទាមទារឲ្យមានការផ្ដល់ដំណោះស្រាយលើទំនាស់ដីធ្លីនានា ដែលបានកើតឡើងនៅក្នុងរាជធានីភ្នំពេញអស់ជាច្រើនឆ្នាំមកហើយនោះ។
អ្នកស្រី បូវ សោភា តំណាងប្រជាពលរដ្ឋមកពីតំបន់បឹងកក់ ដែលបានដើរចាកចេញពីក្រសួងមហាផ្ទៃបន្ទាប់ពីបានដាក់ញត្តិរួចមកនោះ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ក្រុមប្រជាពលរដ្ឋ មានជំនឿចិត្តថា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងពិចារណាលើការស្វែងរកដំណោះស្រាយឲ្យមានការដោះលែងអ្នកជាប់ឃុំទាំងប្រាំមួយនាក់នេះ ហើយជំរុញមន្ត្រីរដ្ឋាភិបាល ឲ្យពន្លឿនការដោះស្រាយបញ្ចប់ទំនាស់ដីធ្លីនានា។
«នៅក្នុងបេះដូងពួកយើងទាំងអស់គ្នា នៅតែជឿជាក់ នៅតែរកកិច្ចអន្តរាគមន៍ពីលោកឧបនាយករដ្ឋមន្ត្រី ស ខេង ព្រោះអីគាត់មិនដែលទុកប្រជាពលរដ្ឋ ជាសត្រូវ ឬមួយក៏គាត់មិនដែលបោះបង់ពួកយើងដែលជាប្រជាពលរដ្ឋរងគ្រោះម្ដងណាឡើយ»។
លោក ស ខេង ប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា នៅសភា បានប្រាប់លោក កឹម សុខា ដែលទើបក្លាយជាប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិថា ជំនួបពិភាក្សាការងាររវាងគណបក្សទាំងពីរ អាចធ្វើឡើងបន្ទាប់ពីថ្ងៃទី១១ ខែមករា ដោយមិនទាន់កំណត់ពេលវេលាជាក់លាក់។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានស្នើសុំឲ្យមានជំនួបនេះ ដើម្បីពិភាក្សាបញ្ហាប្រទេសជាតិ និងបញ្ហាប្រជាពលរដ្ឋដោយសន្តិវិធី។
ការស្នើសុំឲ្យមានជំនួបនេះ កើតមានឡើង ក្រោយពីប្រធានថ្នាក់ដឹកនាំរបស់ក្រុមតំណាងរាស្ត្រគណបក្សទាំងពីរ ខកខានមិនបានជួបពិភាក្សាគ្នាដែលត្រូវបានគ្រោងធ្វើឡើងកាលពីចុងខែធ្នូ ឆ្នាំ ២០១៦កន្លងទៅ។
លោក ស ខេង បានប្រាប់លោក កឹម សុខា ថា លោកមានភាពមមាញឹកក្នុងកម្មវិធីការងាររបស់លោក ដែលជាឧបសគ្គមិនអនុញ្ញាតឲ្យមានការជួបគ្នា នាពេលកន្លងមក។
លោកនាយឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ VOA ថា ខុទ្ទកាល័យ លោក ឧបនាយករដ្ឋមន្ត្រី ស ខេង ពុំទាន់បានទទួលលិខិតសុំអន្តរាគមន៍របស់ក្រុមអ្នកតវ៉ានោះទេ ហើយថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពុំមានសិទ្ធិអំណាចទៅជ្រៀតជ្រែកក្នុងស្ថាប័នតុលាការនោះឡើយ ខណៈដែលអ្នកជាប់ឃុំទាំងប្រាំមួយនាក់នោះ ពុំទាន់ត្រូវបានតុលាការកាត់ទោសជាស្ថាពរ។
លោកនាយឧត្ដមសេនីយ៍បន្តថា ការចរចាខាងនយោបាយ អាចជាជម្រើសមួយផ្សេងទៀត ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហានេះ។
លោកបញ្ជាក់បន្ថែមថា ការចរចាអាចកើតមានឡើងក្រោយថ្ងៃទី ១១ ខែមករាដដែល។ ក៏ប៉ុន្តែ លោកចង់ឃើញ ក្រុមមន្ត្រីនៃគណបក្សប្រឆាំង មានភាពស្មោះត្រង់ក្នុងការចរចា។
«ចរចាហើយជាន់ជើងផង យើងចរចាធ្វើអី។ ឧទាហរណ៍ ថ្មីៗហ្នឹង ដូចជា ខាងបក្សប្រឆាំង គេថា ថ្ងៃ ៧ មករា ថ្ងៃយួន ចូលស្រុក អាហ្នឹង វាអញ្ចឹងមួយទៀតហើយ។ វា ទៅជាអញ្ចឹងទៅហើយ រួចទៅចរចាគ្នាអី។ ថ្ងៃ ៧មករា មានតែថ្ងៃរស់ទាំងអស់គ្នា ហើយដល់៧មករា ថ្ងៃយួនចូលស្រុក អាហ្នឹងមិនបាច់ចរចាអីទេ»។
អ្នកការពារសិទ្ធិមនុស្ស៤នាក់នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ដែលរួមមាន លោក នី សុខា លោក យី សុខសាន លោក ណៃ វ៉ង់ដា និង អ្នកស្រី លឹម មុនី ព្រមទាំង លោក នី ចរិយា មន្ត្រីជាន់ខ្ពស់នៃគ.ជ.ប ដែលជាអតីតអ្នកការពារសិទ្ធិមនុស្សដ៏លេចធ្លោម្នាក់នៃសមាគមអាដហុកនេះដែរ ត្រូវបានឃុំខ្លួនចាប់តាំងពីខែមេសា ឆ្នាំ២០១៦មក។
អ្នកស្រី ទេព វន្នី ដែលជាជ័យលាភីរង្វាន់ស្ត្រីជាអ្នកដឹកនាំរបស់អង្គការ Vital Voices បានចូលរួម និងដឹកនាំការធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅយ៉ាងសកម្មដើម្បីទាមទារឲ្យមានការដោះលែងអ្នកទាំងនោះ។ ប៉ុន្តែ លោកស្រី បែរជាត្រូវបានចាប់ឃុំខ្លួននិងកាត់ទោសក្នុងករណីជាច្រើនពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើហិង្សា។
ឈរនៅពីមុខសភាជាតិអ្នកស្រី ស៊ី ហ៊ាប វ័យ ៦៨ ឆ្នាំ ម្ដាយបង្កើតរបស់អ្នកស្រី ទេព វន្នី បានស្នើឲ្យលោក ហេង សំរិន ប្រធានរដ្ឋសភា ធ្វើ អន្តរាគមន៍ដែលអាចនាំឲ្យមានការដោះលែងអ្នកស្រី ទេព វន្នី ដែល អ្នកស្រី ជឿថា ពុំបានប្រព្រឹត្តទោសកំហុសដូចការចោទប្រកាន់របស់តុលាការ។
អ្នកស្រី ស៊ី ហ៊ាប និយាយថា គ្រួសាររបស់អ្នកស្រី ត្រូវគេបំពារបំពានយ៉ាងអយុត្តិធម៌ ហើយថា កូនស្រីរបស់អ្នកស្រី បានជាប់ក្នុងពន្ធនាគាររយៈពេលបួនខែមកហើយ។
«ចាស យកគ្នាទៅដាក់គុកអីចឹងៗ ឲ្យគ្នាព្រាត់ប្រាស់កូន ព្រាត់ប្រាស់ម៉ែបងប្អូន ធ្វើបាបគ្នាជាស្ត្រី។ ធ្វើបាបគ្រួសារខ្ញុំណាស់ ដោយអយុត្តិធម៌ណាស់ក្នុងគ្រួសារខ្ញុំហ្នឹង ធ្វើបាបគ្រួសារខ្ញុំ»។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ប្រាប់ VOA ថា គណៈកម្មការទីមួយទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស និងទទួលពាក្យបណ្ដឹងនៃរដ្ឋសភា បានទទួលញត្តិរបស់ក្រុមអ្នកតវ៉ានៅថ្ងៃអង្គារនេះ។
លោកមានប្រសាសន៍ថា លោក ហេង សំរិន ប្រធានរដ្ឋសភា នឹងពិចារណាបញ្ជូនលិខិតនោះទៅក្រសួងដែលមានសមត្ថកិច្ច។
«ហ្នឹងយើង នែ ធម្មតាគឺ រដ្ឋសភាតាមរយៈសម្ដេចប្រធាន នឹងផ្ញើទៅស្ថាប័នសមត្ថកិច្ចដើម្បីដោះស្រាយ»។
ការចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក និងមន្ត្រីគ.ជ.ប កើតមានឡើង ក្រោមបទចោទសូកប៉ាន់ និងសមគំនិតសូកប៉ាន់សាក្សី ទាក់ទងនឹងការផ្ដល់ការប្រឹក្សាច្បាប់ដល់នារីកាត់សក់វ័យក្មេងម្នាក់ ឈ្មោះនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវគេចោទថា មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រាប់ក្រុមអ្នកយកព័ត៌មាននៅមុខក្រសួងមហាផ្ទៃថា រឿងដែលជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយ តម្រូវឲ្យមានការដោះស្រាយតាមច្រកនយោបាយ។
ពាក់ព័ន្ធនឹងការរកដំណោះស្រាយបញ្ចប់ទំនាស់ដីធ្លីនោះ មន្ត្រីសិទ្ធិមនុស្សរូបនេះ លើកឡើងថា ប្រសិនបើរដ្ឋាភិបាលមិនចង់ឃើញសកម្មភាពតវ៉ាបន្តទៀតទេនោះ រដ្ឋាភិបាលគួរពន្លឿនយន្តការបញ្ចប់ទំនាស់ទាំងអស់នោះ ដោយមិនត្រូវចាត់ទុកក្រុមអ្នកតវ៉ាថា ជាក្រុមអ្នកប្រឆាំងនឹងរដ្ឋាភិបាលនោះឡើយ។
«កាលណា យើងបន្តអ្ហា ការទាមទារ និងការតវ៉ាហ្នឹងចេះតែបន្ត ដែលធ្វើឲ្យទៅជាការចោទប្រកាន់ទៅជាបញ្ហាផ្សេង ដូចយើងឃើញហើយ ជួនកាលលាបពណ៌ដាក់ដោយសារមានអ្នកនយោបាយនៅពីក្រោយ ឬក៏ជាគណបក្សប្រឆាំងអី។ តាមការពិត បើយើងដោះស្រាយឫសគល់នៃបញ្ហាដីធ្លីឲ្យចប់ទៅ ខ្ញុំគិតថាដូចជាអត់មានអីទេ បាទ»។
កាលពីថ្ងៃចន្ទកន្លងទៅ ក្រុមប្រជាពលរដ្ឋនៅតំបន់បឹងកក់ បានផ្ដើមធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ សារជាថ្មី បន្ទាប់ពីពួកគេខកចិត្ត ចំពោះការបរាជ័យរបស់មេដឹកនាំក្រុមតំណាងរាស្ត្រគណបក្សធំៗពីរ ដើម្បីដោះលែងអ្នកដែលកំពុងជាប់ឃុំទាំងប្រាំមួយនាក់នោះ កាលពីដំណាច់ខែធ្នូ ឆ្នាំ ២០១៦។
រហូតមកដល់ពេលនេះ មានតែលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងលោក ស៊ាងចែត មេឃុំមកពីគណបក្សប្រឆាំងប៉ុណ្ណោះ ដែលបានរួចផុតពីអ្វីដែលអ្នកការពារសិទ្ធិមនុស្សចាត់ទុកថា ជាការធ្វើទុក្ខបុកម្នេញតាមប្រព័ន្ធតុលាការ៕