ក្រោយការវាយប្រហារទៅលើក្បួនរថយន្តកងរក្សាសន្តិភាពរបស់បេសកកម្មអង្គការសហប្រជាជាតិក្បែរតំបន់ Benkasu ដែលមានចម្ងាយប្រមាណ៤៧៤គីឡូម៉ែត្រប៉ែកខាងកើតរដ្ឋធានីបង់ហ្គី នៃប្រទេសអាហ្វ្រិកកណ្តាលកាលពីម្សិលមិញ សាកសពចំនួន៣ទៀតត្រូវបានរកឃើញ។
របាយការណ៍បឋមបញ្ជាក់ថា កងរក្សាសន្តិភាពកម្ពុជាម្នាក់ត្រូវបានសម្លាប់ ហើយកងរក្សាសន្តិភាព៨នាក់ទៀតរងរបួស ដែលក្នុងនោះ១ម្នាក់ជាជនជាតិខ្មែរ និង៧នាក់ជាជនជាតិម៉ារុក។ កងរក្សាសន្តិភាព៤នាក់ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួន។
ឥឡូវនេះ កងរក្សាសន្តិភាព៣នាក់ក្នុងចំណោម៤នាក់ដែលបានបាត់ខ្លួននោះ ត្រូវបានគេរកឃើញថាបានស្លាប់បាត់បង់ជីវិត។ នេះបើយោងតាមលោក Stephane Dujarric អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ។ អង្គការសហប្រជាជាតិនៅមិនទាន់កំណត់អត្តសញ្ញាណកងរក្សាសន្តិភាពដែលបានរកឃើញថាស្លាប់ទាំង៣នាក់នោះនៅឡើយទេ។ ប៉ុន្តែលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានថ្លែងថា កងរក្សាសន្តិភាពកម្ពុជា៣នាក់បានបាត់ខ្លួននៅក្នុងការវាយប្រហារនោះ។
ក្រោយពីរកឃើញសាកសពចំនួន៣ទៀត នៅសល់កងរក្សាសន្តិភាពតែម្នាក់ប៉ុណ្ណោះដែលនៅកំពុងបាត់ខ្លួន។ អ្នកប្រយុទ្ធដែលប្រឆាំងនឹង Balaka ៨នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នានោះ។ បេសកកម្មអង្គការសហប្រជាជាតិបានបញ្ជូនឧទ្ធម្ភាគចក្រ និងកងកម្លាំងបន្ថែមទៀត ដើម្បីរក្សាសន្តិសុខនៅកន្លែងប្រយុទ្ធគ្នានោះ និងបន្តស្វែងរកកងរក្សាសន្តិភាពដែលនៅបាត់ខ្លួន។
កងរក្សាសន្តិភាពដែលរងរបួសត្រូវបានបញ្ជូនទៅកាន់រដ្ឋធានី បង់ហ្គី ដើម្បីទទួលការព្យាបាល។
អង្គការសហប្រជាជាតិសហការយ៉ាងជិតស្និទ្ធជាមួយនឹងមន្ត្រីរបស់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ដើម្បីធានាថា ជនដែលប្រព្រឹត្តអំពើនេះនឹងត្រូវបានចាប់ខ្លួននិងទទួលទោសតាមច្បាប់។
«យើងនិងប្រធានបេសកកម្មនេះសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ សហការី និងប្រទេសជាតិរបស់សព។ យើងរំពឹងថា នឹងទទួលបានព័ត៌មានបន្ថែមទៀត»។ នេះបើយោងតាមអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិដដែលនោះ៕