ករណីនេះបានបង្កឲ្យមានសំណួរជាច្រើនអំពីថាតើពិតជាមានអ្នកមានអំណាចនៅពីលើច្បាប់នៅក្នុងប្រទេសស៊ូដង់ឬយ៉ាងណា។ លោក Naba Mohiedeen ជូនសេចក្តីរាយការណ៍ពីរដ្ឋធានីខាទុំ ប្រទេសស៊ូដង់។
បរាជ័យក្នុងការចាប់ខ្លួនអតីតនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ប្រទេសស៊ូដង់ លោក Salah Gosh បានធ្វើឲ្យមានការភ្ញាក់ផ្អើលក្នុងចំណោមក្រុមបាតុករ និងក្រុមអ្នកវិភាគនានា។
លោកGosh គឺជាអតីតអ្នកដឹកនាំភ្នាក់ងារស៊ើបការសម្ងាត់និងសន្តិសុខជាតិរហូតដល់ពេលលោកបានលាលែងពីតំណែងកាលពីខែមេសា គឺនៅប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីស៊ូដង់លោក Omar al-Bashir ត្រូវបានពួកយោធាបណ្តេញចេញពីតំណែង។
ការិយាល័យរដ្ឋអាជ្ញារបានឲ្យដឹងថាលោក Gosh ធ្លាប់ត្រូវបានគេសាកសួរអំពីគណនីធនាគារដែលមានទឹកប្រាក់ជាង១លានដុល្លារសហរដ្ឋអាមេរិក ដែលមានតែលោកម្នាក់ប៉ុណ្ណោះអាចចូលគណនីនេះបាន។ ប៉ុន្តែក្រុមសន្និសុខរបស់លោកបានរារាំងមិនឲ្យមានការចាប់ខ្លួនលោកកាលពីថ្ងៃអង្គារសប្តាហ៍មុន ដោយពួកគេលើកឡើថាពួកគេមិនបានទទួលដីកាចាប់ខ្លួនលោកជាមុនទេ។
លោក Alfatih Mahnoud អ្នកវិភាគនយោបាយមួយរូបបាននិយាយថា«ការចាប់ខ្លួនលោក Gosh គឺមានសារៈសំខាន់សម្រាប់ពួកបាតុករ ដោយសារតែលោកគឺជាអ្នកទទួលខុសត្រូវលើការបង្ក្រាបពួកបាតុករ ហើយលោកមានឯកសារទាំងអស់ដែលបញ្ជាក់ពីរបបពុករលួយរបស់លោក Bashir»។
អតីតប្រធានាធិបតីលោក Bashir កំពុងប្រឈមនឹងការចោទប្រកាន់ពីបទញុះញង់និងការជាប់ពាក់ព័ន្ធនៅក្នុងករណីសម្លាប់ពួកបាតុករ។
បាតុកម្មរបស់ប្រជាពលរដ្ឋស៊ូដង់បានផ្ទុះឡើងកាលពីខែធ្នូឆ្នាំមុន ដោយសារនំប៉័ងឡើងថ្លៃ ប៉ុន្តែបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សទៅជាការអំពាវនាវឲ្យលោក Bashir ចុះចេញពីតំណែងបន្ទាប់ពីលោកបានឡើងកាន់អំណាចអស់រយៈពេល៣០ឆ្នាំ។ បាតុករជាច្រើននាក់ត្រូវបានសម្លាប់អំឡុងពេលការបង្រ្កាបរដ្ឋាភិបាលដែលបរាជ័យ និងមនុស្សជាច្រើននាក់ទៀតបានស្លាប់កាលពីសប្តាហ៍ថ្មីៗនេះនៅក្នុងការប៉ះទង្គិចជាមួយនឹងកងកម្លាំងសន្តិសុខ។
បាតុករបន្តធ្វើបាតុករដោយអង្គុយនៅមួយកន្លែងខាងក្រៅបន្ទាយយោធានៅរដ្ឋធានីខាទុំ។
បាតុករម្នាក់គឺលោក Mohamed Omer បានបង្ហាញការខឹងសម្បារដោយសារអាជ្ញាធរមិនអាចចាប់ខ្លួនលោក Goshបាន។
លោក MOHAMED OMER បាននិយាយថា៖
«តាមគំនិតខ្ញុំ នៅពេលមានតំណែងកាន់តែធំ នោះអំណាចក្នុងការសម្រេចចិត្តមានកាន់តែខ្លាំង ដូចជាការចេញបញ្ជាឲ្យបាញ់ប្រហារនិងការបញ្ជាឲ្យធ្វើអំពើហិង្សាជាដើម។ វាពិបាកក្នុងការសន្មតថាទាហានមួយណាជាអ្នកបាញ់កាំភ្លើង ប៉ុន្តែយើងអាចនិយាយបានថាភ្នាក់ងារណាជាអ្នកចេញបញ្ជា។ ការចាប់ខ្លួនលោក Gosh គឺជាអាទិភាពចម្បង ដើម្បីទ្រទ្រង់កិត្យានុភាពនៃច្បាប់ប្រទេស»។
ស្របពេលជាមួយគ្នានេះ ក្រុមបាតុកម្មនាំមុខគឺសមាគមន៍វិជ្ជាជីវៈស៊ូដង់ហៅកាត់ថា SPAនៅបន្តចរចាជាមួយនឹងមេដឹកនាំកងទ័ពដែលនឹងចូលមកគ្រប់គ្រងរដ្ឋាភិបាលយោធារួមជាមួយនឹងជនស៊ីវិល ។ សមាគន៍ SPAបានអំពាវនាវឲ្យមានការហែក្បួនមនុស្ស១លាននាក់នៅថ្ងៃព្រហស្បតិ៍ និងបានគំរាមថានឹងធ្វើបាតុកម្មនៅទូទាំងប្រទេសបើសិនជាយោធាមិនប្រគល់អំណាច។
ប្រែសម្រួលដោយ ទុំ ម្លិះ