ខណៈដែលការចរចារវាងបាតុករជនជាតិស៊ូដង់និងក្រុមយោធាទាក់ទិននឹងបញ្ហាការគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីវិល មានការវិវត្តទៅមុខតិចតួចបំផុត ក្រុមមួយបានប្រើមធ្យោបាយបែបច្នៃប្រណិតមួយ ដើម្បីជួយជំរុញឲ្យដំណើរការចរចាលឿនទៅមុខ។ ក្រុមបាតុករដែលជាអ្នកសិល្បៈកំពុងគូបដាប្រវែងបីគីឡូម៉ែត្រដែលនិយាយពីបដិវត្តន៍របស់ស៊ូដង់ដែលកំពុងកើតមាន។
នៅទីធ្លាមួយដែលមានចម្ងាយ ១០០ ម៉ែត្រពីកន្លែងបាតុកម្មនៅក្នុងរដ្ឋធានីខាទុំ (Khartoum) វិចិត្រករជាច្រើននាក់នៅទីនេះកំពុងលុតជង្គង់នៅលើផ្ទាំងក្រណាត់ដ៏ធំមួយ។ ពួកគេកំពុងគូររូបគ្រឿងសព្វាវុធ ទាហាន និងការបកស្រាយបែបសិល្បៈចំពោះទង់ជាតិស៊ូដង់។ អ្នកខ្លះវិញគ្រាន់តែគូរពីអារម្មណ៍ខ្លួនឯងនៅពេលនោះប៉ុណ្ណោះ។
លោក Mohamed Ashraf វិចិត្រករអាយុ ៤០ ឆ្នាំ ពាក់អាវកបើកពណ៌លឿងនិងខៀវ គឺជាវិចិត្រករម្នាក់ក្នុងចំណោមវិចិត្រករដែលកំពុងធ្វើបាតុកម្ម។
លោក Ashraf បានមកភាគកណ្តាលរដ្ឋធានីខាទុំ តាំងពីខែធ្នូមកម៉្លេះ ដើម្បីធ្វើបាតុកម្មជាមួយនឹងជនជាតិស៊ូដង់រាប់ពាន់នាក់ផ្សេងទៀត ប្រឆាំងនឹងកង្វះអាហារ កង្វះប្រេង និងបញ្ហាស្ថានភាពនយោបាយ។
បាតុករម្នាក់ស្រែកសំដៅទៅរដ្ឋាភិបាលយោធាថា៖ « ចុះចេញទៅ! ចុះចេញទៅ!»
ក្រុមបាតុករបានជំរុញក្រុមយោធាឲ្យផ្តួលរំលំប្រធានាធិបតី Omar al-Bashir បន្ទាប់ពីលោកបានកាន់តំណែងអស់បីទសវត្សរ៍ ហើយពួកគេកំពុងជំរុញឲ្យមានការគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីវិល។
លោក Ashraf និងវិចិត្រករផ្សេងទៀតកំពុងបង្កើតបដាក្រណាត់ប្រវែង ៣ គីឡូម៉ែត្រ ដើម្បីផ្សព្វផ្សាយសារនេះ។
លោកបាននិយាយថា៖ «វាធ្វើឲ្យយើងជឿជាក់ថា ទីនេះគឺមានសន្តិភាព ដូចជាការសន្ទនាបែបទន់ភ្លន់មួយអំពីសេរីភាព។ វាគឺជាការអធិដ្ឋានមួយសម្រាប់យើង ដើម្បីធ្វើឲ្យចក្ខុវិស័យនិងបុព្វហេតុរបស់យើងកាន់តែលេចធ្លោ»។
វិចិត្រកររាប់ពាន់នាក់បានគូរលើបដានេះ ដែលនិយាយអំពីបដិវត្តន៍ស៊ូដង់សព្វថ្ងៃនិងការគាបសង្កត់ពីអតីតកាល។
ពួកគេគ្រោងនឹងបញ្ចប់គំនូរនេះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត ហើយបើសិនជានៅតែមិនមានរដ្ឋាភិបាលស៊ីវិល ពួកគេនឹងយកវាទៅធ្វើការតវ៉ានៅខាងក្រៅទីស្នាក់ការកណ្តាលរបស់យោធា។
ប្រទេសស៊ូដង់ធ្លាប់មានការបះបោររបស់ប្រជាជនទាមទារឲ្យមានលទ្ធិប្រជាធិបតេយ្យ កាលពីមុន ប៉ុន្តែត្រូវបានយោធាបង្រ្កាប។
ទោះយ៉ាងណា លោក Ashraf ជឿថា បដិវត្តន៍លើកនេះនឹងទទួលបានការផ្លាស់ប្តូរពិតប្រាកដ។
លោកបាននិយាយថា៖ «៣០ឆ្នាំក្រោយ ការផ្លាស់ប្តូរណាក៏ដោយគឺជាការផ្លាស់ប្តូរ។ ប៉ុន្តែរយៈពេលចុងក្រោយនេះផ្តល់ការលំបាកខ្លាំងដល់យើង ហើយសេរីភាពបន្តិចបន្តួចដែលយើងមាននៅពេលនេះ បានផ្តល់ជាកម្លាំងឲ្យយើងដើរទៅមុខ ដើម្បីទទួលបានសេរីភាពពិតប្រាកដ។»
មេឃបានចាប់ផ្តើមងងឹតអំឡុងបាតុកម្មនៅរដ្ឋធានីខាទុំ។ ក្រុមបាតុករថ្មីៗនៅតែមកចូលរួមដោយមានយកមកនូវបដានិងស្គរជាច្រើន។ ពួកគេទាមទារឲ្យមានរដ្ឋាភិបាលស៊ីវិល។
បាតុកររាប់រយនាក់គ្រវីពិលនៅលើទូរស័ព្ទរបស់ខ្លួន ហាក់ដូចជាចង់ប្រាប់ថាពួកគេសង្ឃឹមចង់បានពន្លឺថ្ងៃបន្ទាប់ពីភាពងងឹតអស់បីទសវត្សរ៍៕
ប្រែសម្រួលដោយ ទុំ ម្លិះ