ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken​ ស្តី​បន្ទោស​ចិន​ចំពោះ​ការឆ្លើយតប​យឺតយ៉ាវ​នឹង​វីរុស​កូរ៉ូណា


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ លោក Antony Blinken ដក​ម៉ាស់​ចេញ​ នៅ​ពេល​លោក​រៀប​នឹង​ថ្លែង​សុន្ទរកថា​នៅ​អង្គការ​អូអង់ ក្នុង​ទីក្រុង​ប៊្រុយស្សែល ប្រទេស​ប៊ែលហ្សិក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ លោក Antony Blinken ដក​ម៉ាស់​ចេញ​ នៅ​ពេល​លោក​រៀប​នឹង​ថ្លែង​សុន្ទរកថា​នៅ​អង្គការ​អូអង់ ក្នុង​ទីក្រុង​ប៊្រុយស្សែល ប្រទេស​ប៊ែលហ្សិក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​រិះគន់​ខ្លាំងៗ​ដល់​ប្រទេស​ចិន​កាលពី​ថ្ងៃ​អាទិត្យ​ចំពោះ​ការឆ្លើយតប​យឺតយ៉ាវ​កាលពី​ដំបូង​របស់​ខ្លួន​ដល់​ការគំរាម​កំហែងរបស់​វីរុស​កូរ៉ូណា​កាលពី​ជាង​មួយ​ឆ្នាំ​មុន​ដោយ​លោក​បាន​និយាយ​ថា ការណ៍​នេះ​បាន​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ខ្លាំង​នៅ​ទូទាំង​ពិភពលោក។

លោក Antony Blinken ​បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី « Meet the Press» នៃ​បណ្តាញ​ទូរទស្សន៍ NBC News ​ថា៖ «ខ្ញុំ​គិត​ថា ​ប្រទេស​ចិន​ដឹង​អំពី​ដំណាក់កាល​ដំបូង​នៃ​ការផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ ១៩ ​ប៉ុន្តែ​ចិន​មិន​បាន​ធ្វើ​អ្វី​ដែល​ខ្លួន​ចាំបាច់​ត្រូវ​ធ្វើ​នោះ​ទេ។ អ្វី​ដែល​ចិន​ត្រូវ​ធ្វើ​នៅ​ពេល​នោះ​គឺ​ការផ្ដល់​លទ្ធផល​ដល់​អ្នក​ជំនាញ​អន្តរជាតិ​ឲ្យ​ចូល​ទៅ​កាន់​ប្រទេស​ចិន ​ចែកចាយ​ព័ត៌មាន​ និង​ផ្ដល់​តម្លាភាព​ពិត​ប្រាកដ​ទៅតាម​ពេលវេលា​ជាក់ស្ដែង»។

មិនមានអត្ថាធិប្បាយ​ភ្លាមៗ​ពី​ប្រទេស​ចិន​អំពី​អត្ថាធិប្បាយ​របស់​លោក Blinken ​ទេ។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ក៏​បាន​រិះគន់​យ៉ាង​ខ្លាំង​ដល់​ការឆ្លើយតប​របស់​ចិន​ដែល​ជារឿយៗ​បាន​ប្រើ​ពាក្យ​ដូចជា «ផ្តាសាយ​ចិន»ឬ «Kung Flu»​ដើម្បី​ពណ៌នា​អំពី​ជំងឺ​នេះ។

លោក Blinken ​បាន​បញ្ជាក់​ថា ​ចំនួន​មនុស្ស​ស្លាប់​នៅ​លើ​ពិភពលោក​ដែល​នៅពេល​បច្ចុប្បន្ន​នេះ​មាន​ជាង ២ លាន ៩ សែន​នាក់ បាន​បង្ហាញ​នូវ​អ្វី​ដែល​ចិន​និង​ប្រទេស​ផ្សេង​ទៀត​ត្រូវ​ធ្វើ​នៅ​ពេល​ឥឡូវ​នេះ។ លោក​បាន​បន្ថែម​ថា៖ «នៅពេល​ដែល​យើង​កំពុង​ទប់ទល់​នឹង​ជំងឺ​កូវីដ ១៩ យើង​ក៏​ត្រូវតែ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​នូវ​ប្រព័ន្ធ​សន្តិសុខ​សុខភាព​សាកល​ខ្លាំងក្លា​ជាង​មុន​មួយ ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ​បញ្ហា​នេះ ​នឹង​មិន​កើតឡើង​ម្តង​ទៀត ​ឬ​ប្រសិនបើ​វា​កើតឡើង​ម្តង​ទៀត ​យើង​អាច​ចាត់​វិធានការ​ជាមុន​បាន»។

លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​មាន​ប្រសាសន៍​ទៀត​ថា ពិភពលោក​ត្រូវតែ​«ធ្វើ​ការតាំង​ចិត្ត​ពិតប្រាកដ​ដល់​តម្លាភាព ​ការចែក​រំលែក​ព័ត៌មាន ​ការប្រើប្រាស់ព័ត៌មាន​សម្រាប់​ពួក​អ្នក​ជំនាញ។ ការណ៍​នេះ​មានន័យ​ថា ​ពង្រឹង​អង្គការ​សុខភាព​ពិភពលោក​និង​ធ្វើ​កំណែ​ទម្រង់​អង្គការ​នេះ​ដើម្បី​អាច​ធ្វើ​ដូច្នេះ​បាន។ ហើយ​ចិន​ត្រូវតែ​ចូលរួម​ដែរ»។

លោក Blinken បាន​បញ្ជាក់​ទៀត​ថា ការបន្ត​ការស៊ើបអង្កេត​ចាំបាច់​ត្រូវ​តែ​ធ្វើ​លើ​ប្រភព​នៃ​វីរុស​នៅ​ក្នុង​ទីក្រុង​វូហាន​នៃ​ប្រទេស​ចិន «ដែល​យើង​យល់​ឲ្យ​បាន​ពេញ​លេញ​អំពី​អ្វី​ដែល​បាន​កើត​មាន​ឡើង​ដើម្បី​ខិត​ខំ​ប្រឹងប្រែង​រារាំង​កុំឲ្យ​វាកើត​មាន​ឡើង​ម្តង​ទៀត។ ដោយ​ហេតុ​នេះហើយ​យើង​ចាំបាច់​ទទួល​បាន​ព័ត៌មាន​ទាំងអស់»។

អង្គការ​សុខភាព​ពិភពលោក WHO បាន​បញ្ជាក់​កាលពី​ខែ​មិនា​ថា វីរុស​នោះ​ប្រហែល​បាន​ចាប់​ផ្តើម​ពី​សត្វ​ប្រជៀវ ហើយ​ថា​វា​មិន​ទំនង​ទាល់តែ​សោះ​ថា ការឆ្លង​នោះ​បាន​កើត​ចេញ​ពី​ការធ្លាយ​មេរោគ​នោះ​ពី​មន្ទីរ​ពិសោធន៍​នោះ​ទេ។

សហរដ្ឋ​អាមេរិក​ឥឡូវនេះ​កំពុង​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​អាមេរិកាំង​រាប់​លាននាក់ជារៀង​រាល់​សប្តាហ៍​ប្រឆាំង​នឹង​វីរុស ​ដែល​មាន​ចំនួន​ច្រើន​ជាង​ប្រទេស​ផ្សេងៗ​ទៀត ដោយ​លោក​ប្រ ធានាធិបតី Joe Biden និយាយ​ថា ក្នុង​មួយ​សប្តាហ៍​ទៀត​ ពលរដ្ឋ​ពេញវ័យ​ទាំងអស់​ដែល​ចង់​ចាក់​វ៉ាក់សាំង ​ដោយ​មិន​គិត​ពី​អាយុ​របស់​ពួកគេ​ នឹង​អាច​មាន​លទ្ធភាព​ចាក់​វ៉ាក់សាំង​បាន​ទាំងអស់។

លោក Blinken បាន​មាន​ប្រសាសន៍​ទៀត​ថា ការទទួល​ខុសត្រូវ​ដំបូង​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​គឺ​ការចាក់​វ៉ាក់សាំង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

ក៏ប៉ុន្តែ លោក​បាន​និយាយ​ទៀត​ថា៖ «ខ្ញុំ​គិត​ថា យើង​មាន​ការ​ទទួល​ខុសត្រូវ​ដ៏​សំខាន់​មួយ ហើយ​យើង នឹង​ក្លាយ​ជាមេដឹកនាំ​ពិភពលោក​លើ​ការជួយ​ធ្វើ​ឲ្យ​ប្រាកដ​ថា ពិភពលោក​ទាំង​មូល​បាន​ទទួលចាក់​វ៉ាក់សាំង»។

លោក Blinken ​បាន​បញ្ជាក់​ទៀត​ថា៖ «ហើយ​នេះ​ជា​មូលហេតុ​គឺ៖ ទាល់តែ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​នៅ​ក្នុង​ពិភពលោក​បាន​ចាក់​វ៉ាក់សាំង បើ​មិន​អីចឹង​ទេវា​នៅ​តែ​ជាបញ្ហា​សម្រាប់​យើង។ ពីព្រោះ ដរាប​ណា ​វីរុស​នោះ ​អាច​បំប្លែង​ថ្មីនៅ​ទីកន្លែង​ណា​ហើយ​បន្ទាប់មក​វា​អាច​វិល​ត្រឡប់​មក​ឆ្លង​យើងវិញ»។

អ្នកការទូត​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​រូប​នេះ បាន​មាន​ប្រសាសន៍​ទៀត​ថា​ សហរដ្ឋ​អាមេរិក ក្រៅពី​ចូល រួម​អង្គការ​សុខភាព​ពិភពលោក​ឡើង​វិញ​ដែល​លោក Trump ​បាន​ដក​ខ្លួន​ចេញ​ មាន​គោល​បំណង​ធ្វើឲ្យ​វ៉ាក់សាំង​នោះមាន​គ្រប់​គ្រាន់​ឡើង ជាពិសេស​ដល់​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម។ យើង​បាន​រៀបចំ​ចាត់ចែង​ដ៏​មាន​សារៈសំខាន់​បំផុត​ជាមួយ​ឥណ្ឌា ជប៉ុន​និង​អូស្ត្រាលី​ដែល​ហៅ​ថា​ចតុ​ប្រទេស​ដើម្បី​បង្កើន​ផលិតផល​វ៉ាក់សាំង​នៅ​ជុំវិញ​ពិភពលោក»៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

XS
SM
MD
LG