ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចប្រជុំ​កំពូល​របស់​លោក Biden ជាមួយ​មេដឹកនាំ​អាស៊ី​អាគ្នេយ៍ ឬអាស៊ាន ត្រូវបាន​លើក​ពេល


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​ក្នុង​ជំនួប​តាម​អនឡាញ​​អាស៊ាន-អាស៊ី​ខាង​កើត​ ជាមួយ​នឹង​បណ្ដា​មេដឹកនាំ​នានា ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ (Brunei ASEAN Summit via AP)
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​ក្នុង​ជំនួប​តាម​អនឡាញ​​អាស៊ាន-អាស៊ី​ខាង​កើត​ ជាមួយ​នឹង​បណ្ដា​មេដឹកនាំ​នានា ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ (Brunei ASEAN Summit via AP)

សេតវិមាន បាន​ពន្យាពេល​កិច្ចប្រជុំ​កំពូលពិសេស​ជាមួយ​មេដឹកនាំមក​ពី​បណ្តាប្រទេស​អាស៊ី​អាគ្នេយ៍​ ឬ​អាស៊ាន​ដោយ​មិន​កំណត់​ពេល​ ដែល​ពីមុន​កិច្ច​ប្រជុំ​កំពូល​នេះ គ្រោងនឹងត្រូវ​បើក​ធ្វើក្នុង​សប្តាហ៍​នេះ។ នេះ​ បើតាម​ការឲ្យ​ដឹង​របស់​ប្រភព​មួយ​ចំនួនដែល​បាន​ដឹង​ពី​កម្មវិធីផ្លាស់​ប្តូរ​កម្មវិធី​នេះ​ ហើយត្រូវ​បាន​រាយការណ៍​ដោយ​កាសែត POLITICO របស់​សហរដ្ឋ​អាមេរិក។

កិច្ចប្រជុំ​កំពូលរវាង​សហរដ្ឋ​អាមេរិក​និង​មេដឹកនាំប្រជាជាតិ​អាស៊ីអគ្នេយ៍​ ឬអាស៊ាន​នេះ ត្រូវគ្រោង​រៀបចំធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ​ និង​អង្គារនេះ​ នៅ​សេតវិមាន​ដើម្បី​បង្ហាញ​ពី​ការតាំង​ចិត្តដ៏យូរ​អង្វែង​របស់​សហរដ្ឋអាមេរិក​ជាមួយ​អាស៊ាន​ដែល​មានសារៈសំខាន់ចំពោះ​ផលប្រយោជន៍​សន្តិសុខ​ និងពាណិជ្ជកម្មរបស់​ខ្លួន​នៅ​អាស៊ី។ នេះ ​បើតាមការ​លើក​ឡើង​របស់​សេតវិមាន​កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ។

កាល​ពី​ថ្ងៃ​សុក្រសប្តាហ៍​មុន អ្នក​នាំពាក្យក្រុម​ប្រឹក្សាសន្តិសុខ​ជាតិអាមេរិក បាននិយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ប្រាប់​កាសែត POLITICO ថា «លោក​ប្រធានាធិបតី​អាមេរិក​ ទន្ទឹង​រង់ចាំ​ស្វាគមន៍​មេដឹកនាំ​អាស៊ាន​មក​រដ្ឋធានី​វ៉ាស៊ីនតោន​សម្រាប់​កិច្ចប្រជុំ​កំពូល​ពិសេសរវាង​អាស៊ាន​ និង​សហរដ្ឋ​អាមេរិក។ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា មេដឹកនាំ​អាស៊ានទាំង​អស់ ដែល​ត្រូវ​បាន​អញ្ជើញ​អាច​ចូលរួមក្នុង​កិច្ចប្រជុំ​កំពូល​នោះ​បាន យើង បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជា​មួយដៃគូ​អាស៊ាន​នានា​ដើម្បី​កំណត់​កាល​បរិច្ឆេទ​សមរម្យ​ណា​មួយ​សម្រាប់​កិច្ចប្រជុំនេះ»។

កាសែត POLITICO បានរាយការណ៍បន្ថែមថា ទន្ទឹម​នឹង​នេះ​ដែរ ប្រធានាធិបតី​អាមេរិក​លោក Joe Biden នឹង​ជួបជា​មួយ​នាយករដ្ឋមន្ត្រី​សឹង្ហ​បុរីលោក Lee Hsien Loong នៅថ្ងៃ​អង្គារ​ស្អែកនេះ​ ​ដើម្បីពិភាក្សាគ្នាពីផលប្រយោជន៍របស់អាមេរិក​នៅ​ក្នុង​តំបន់ឥណ្ឌូ​ប៉ាស៊ីហ្វិក ដូចជា​សង្វាក់​ផ្គត់​ផ្គង់​ និង​សន្តិសុខ​ផ្លូវ​នាវាចរណ៍ ​ក៏​ដូច​ជាជម្លោះ​បង្ហូរឈាមនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ផង​ដែរ។

លោក Biden បាន​ចំណាយពេល​មួយ​ខែ​កន្លង​ទៅ​ដោយ​ផ្តោត​ការយកចិត្តទុក​ដាក់ជា​ខ្លាំង​លើ​សង្គ្រាមក្នុង​ប្រទេស​អ៊ុយក្រែន។ លោក​ទើប​វិល​ត្រឡប់​មក​ពីដំណើរ​ទស្សនកិច្ច​រយៈពេល៤ ថ្ងៃនៅ​ទីក្រុង​ព្រុចស៊ែល​នៃ​ប្រទេសបែលហ្ស៊ិក​ និងទីក្រុង​វ៉ាសូវី​នៃ​ប្រទេស​ប៉ូឡូញ​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ ដែល​នៅ​ទី​នោះ ​បញ្ហា​សង្គ្រាម​អ៊ុយក្រែន​ និង​ការដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ប្រឆាំង​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ស្ថិត​ក្នុង​របៀបវារៈ​កំពូល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ។

លទ្ធភាព​នៃ​ការពន្យាពេល​នៃ​ជំនួប​របស់​មេដឹកនាំ​អាស៊ាន បាន​ត្រូវ​លើក​ឡើង​មុន​ដំបូង​នៅ​ដើម​ខែ​នេះ​ នៅពេល​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា មេដឹកនាំ​អាស៊ី​អាគ្នេយ៍​ខ្លះ មិន​អាច​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ទៅតាម​កាលបរិច្ឆេទ​ដែល​សេតវិមាន បាន​ប្រកាស​នោះ​ទេ។ ប្រទេស​ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ​ និង​វៀតណាម ជា​សមាជិក​របស់​សមាគម​អាស៊ាន៕

XS
SM
MD
LG