ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ធ្វើ​ដំណើរ​ទៅកាន់​តំបន់​មជ្ឈិម​បូព៌ា​ ខណៈ​ស៊ីរី​​ឆ្ពោះទៅ​មាគ៌ា​ក្រោយ​របប​លោក Assad


រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken សម្លឹងមើលមុនពេលចាប់ផ្តើមនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការអឺរ៉ុបលើកទី៣១ នៅទីក្រុង Ta'Qali ប្រទេសម៉ាល់តា ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken សម្លឹងមើលមុនពេលចាប់ផ្តើមនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការអឺរ៉ុបលើកទី៣១ នៅទីក្រុង Ta'Qali ប្រទេសម៉ាល់តា ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ហ្សកដានី​និង​តួកគី​នៅ​ថ្ងៃ​ពុធ​នេះ​នៅ​ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​រួបរួមប្រទេស​នានា​នៅ​ក្នុង​តំបន់​ដើម្បី​ទទួលបាន​ចក្ខុវិស័យ​ស្រប​គ្នាមួយ​សម្រាប់​ប្រទេស​ស៊ីរី​នា​ថ្ងៃ​អនាគត បន្ទាប់ពី​ទម្លាក់​មេដឹកនាំ​ផ្តាច់ការ​យូរ​អង្វែង​លោក Bashar al-Assad។

លោក Blinken នឹង​ធ្វើ​ដំណើរ​ទៅកាន់ទីក្រុង Aqaba ប្រទេស​ហ៊្សកដានី​និង​ទីក្រុង អង់ការ៉ានៃ​ប្រទេស​តួកគី​ដើម្បី​ពិភាក្សា​អំពី​ព្រឹត្តការណ៍​នៅ​ក្នុង​ប្រទេស​ស៊ីរី អ៊ីស្រាអែល តំបន់​ហ្កាហ្សា ប្រទេស​លីបង់​និង​ទូទាំង​តំបន់។ នេះ​បើ​តាម​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បាន​និយាយ​ថា​លោក Blinken មាន​គោលបំណង​ការពារ​ការមូលមតិ​គ្នា​ក្នុង​ចំណោម​មេដឹកនាំ​ក្នុង​តំបន់​លើ​គោលការណ៍​សំខាន់ៗ​សម្រាប់​អន្តរកាល​ក្រោយ​របប Assad នៅ​ក្នុង​ប្រទេស​ស៊ីរី។ លោក​បាន​និយាយ​ថាបញ្ហា​ទាំង​នោះ​រួមមាន​ការគោរព​ឱ្យ​បាន​ពេញលេញ​នូវ​សិទ្ធិ​ជនជាតិ​ភាគតិច ការសម្រប​សម្រួល​ជំនួយ​មនុស្សធម៌ ការរារាំង​កុំ​ឱ្យ​ស៊ីរី​ក្លាយ​ជា​កន្លែង​ជ្រក​ពួន​របស់​ភេរវជន​ឬ​គំរាម​កំហែង​ដល់​បណ្តា​ប្រទេស​ជិត​ខាង​របស់​ខ្លួន ហើយ​ការពារ​និង​កម្ទេចឃ្លាំង​ផ្ទុក​អាវុធ​គីមី​ឬ​ជីវសាស្ត្រ។

លោក Blinken បាន​មាន​ប្រសាសន៍​ថា​សហរដ្ឋ​អាមេរិក នឹង​ទទួល​ស្គាល់​រដ្ឋាភិបាល​ស៊ីរី​ដែល​គោរព​គោលការណ៍​ទាំង​នេះ។

អ្នក​នាំពាក្យ​បាន​និយាយ​ទៀត​ថា​នៅ​ក្នុង​ទីក្រុង Aqaba លោក Blinken នឹង​ជួប​ជាមួយ​ពួក​មន្ត្រី​ជាន់​ខ្ពស់​ហ្សកដានី​ដើម្បី​ពិភាក្សា​បញ្ហា​ទ្វេភាគី សង្កត់ធ្ងន់​ទៅ​លើ​ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្ររវាង​សហរដ្ឋ​អាមេរិក​និង​ហ៊្សកដានី ហើយ​បញ្ជាក់​ឡើង​វិញ​នូវការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ទៅ​លើ​ស្ថិរភាព​នៅ​ក្នុង​តំបន់។

នៅ​ក្នុង​ទីក្រុងអង់ការ៉ា លោក Blinken​ នឹង​ពិភាក្សា​ជាមួយ​ពួក​មន្ត្រី​ជាន់​ខ្ពស់​តួកគី​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​អាទិភាព​រួម​គ្នា រួមមាន​ការប្រឆាំង​ភេរវកម្ម​និង​ស្ថិរភាព​ក្នុង​តំបន់​ជាមួយ​សម្ព័ន្ធមិត្ត​តួកគី​ដែល​ជា​សមាជិក​អង្គការ​អូតង់៕

XS
SM
MD
LG