រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken គ្រោងនឹងជួបនៅថ្ងៃអង្គារនេះជាមួយនឹងមន្ត្រីហ្ស៊កដានីនិងអ្នកសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិសម្រាប់តំបន់ហ្កាហ្សា (Gaza) នៅចំពេលដែលមានការជំរុញឱ្យមានបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ (Hamas) និងការផ្ដល់ជំនួយដែលត្រូវការចាំបាច់ជាខ្លាំងបន្ថែមទៀតដល់តំបន់ហ្កាហ្សា។
លោក Blinken គ្រោងនឹងពិភាក្សាដាច់ដោយឡែកពីគ្នានៅក្នុងទីក្រុងអាម៉ាន់ជាមួយនឹងរដ្ឋមន្ត្រីការបរទេសហ្ស៊កដានីលោក Ayman Safadi និងព្រះមហាក្សត្រ Adbullah II នៃប្រទេសហ្ស៊កដានី មុនពេលលោកជួបជាមួយនឹងអ្នកសម្របសម្រួលជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌និងការកសាងឡើងវិញសម្រាប់តំបន់ហ្កាហ្សាលោក Sigrid Kaag។
លោក Blinken បាននិយាយកាលពីថ្ងៃចន្ទក្នុងអំឡុងពេលលោកឈប់សំចតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតថា លោកសង្ឃឹមថាក្រុមហាម៉ាស់នឹងទទួលយកនូវអ្វីដែលលោកចាត់ទុកថាជាសំណើ «ដ៏សប្បុរសបំផុត» របស់ប្រទេសអ៊ីស្រាអែលឱ្យមានបទឈប់បាញ់នៅក្នុងតំបន់ហ្កាហ្សាជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង។
គណៈប្រតិភូមកពីក្រុមហាម៉ាស់បានចូលរួមនៅក្នុងការពិភាក្សាកាលពីថ្ងៃចន្ទនៅក្នុងប្រទេសអេហ្ស៊ីប ដែលនៅក្នុងការពិភាក្សានោះប្រទេសកាតាបានស្វះស្វែងដើម្បីឱ្យមានកិច្ចព្រមព្រៀងមួយដែលនឹងបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលនិងឱ្យមានការដោះលែងចំណាប់ខ្មាំង។
ការវាយប្រហារតបតទៅវិញរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សាបានសម្លាប់មនុស្សជាង ៣៤.០០០ នាក់។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សា។ អ៊ីស្រាអែលថាតួលេខនេះគឺរួមបញ្ចូលទាំងយុទ្ធជនហាម៉ាស់រាប់ពាន់នាក់ផងដែរ។
លោក Blinken បានបញ្ជាក់នៅក្នុងទីក្រុងរីយ៉ាដថា សហរដ្ឋអាមេរិកជិតនឹងសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិសុខមួយជាមួយនឹងប្រទេសអារ៉ាប៊ីសាអូឌីត ដែលកិច្ចព្រមព្រៀងនេះនឹងផ្ដល់ជូនប្រសិនបើអារ៉ាប៊ីសាអូឌីតមានសន្តិភាពជាមួយនឹងអ៊ីស្រាអែល៕
វេទិកាបញ្ចេញមតិ