ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ​ទៅ​មជ្ឈិម​បូព៌ា​ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​ហ្កាហ្សា​និង​សន្តិសុខ​តំបន់


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ចូល​រួម​កិច្ច​ប្រជុំ​មន្ត្រី​ជាមួយ​សមភាគីគឺប្រទេស​អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃទី​២៩ មេសា ឆ្នាំ២០២៤។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ចូល​រួម​កិច្ច​ប្រជុំ​មន្ត្រី​ជាមួយ​សមភាគីគឺប្រទេស​អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃទី​២៩ មេសា ឆ្នាំ២០២៤។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken កំពុង​ស្ថិត​នៅក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដើម្បីពិភាក្សា​ថ្នាក់​តំបន់​នៅ​ថ្ងៃ​ចន្ទ​នេះ​និង​ថ្ងៃ​អង្គារ​ស្អែក​អំពី​ជំនួយ​មនុស្សធម៌​នៅ​ក្នុង​តំបន់​ហ្កាហ្សា (Gaza) ផែនទី​បង្ហាញផ្លូវ​ក្រោយ​សង្គ្រាម​សម្រាប់​ដែនដី​ប៉ាឡេស្ទីន និង​ស្ថិរភាព​និង​សន្តិសុខ​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា។

លោក Blinken នឹង​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​របស់​ក្រុមប្រឹក្សា​សហ​ប្រតិបត្តិការ​បណ្ដា​ប្រទេស​អារ៉ាប់​ជាប់​ឈូង​សមុទ្រ​ពែក្ស (GCC) ដែល​ធ្វើឡើង​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត។

កាលពី​ថ្ងៃ​អាទិត្យ ក្រសួង​ការបរទេស​អាមេរិក​បាន​ប្រកាស​ថា​លោក Blinken នឹង​បន្ត​ទស្សនកិច្ច​របស់​លោក​នៅ​តំបន់​មជ្ឈិម​បូព៌ា​រហូត​ដល់​ថ្ងៃ​ពុធ​ខាងមុខ និង​បន្ថែម​ការ​ឈប់​សំចត​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​និង​ហ្ស៊កដានី​បន្ទាប់ពី​ធ្វើ​ទស្សនកិច្ច​នៅ​អារ៉ាប៊ីសាអូឌីត។

លោក Blinken នឹង​ផ្ដោត​លើ​កិច្ច​ប្រឹងប្រែង​នៅក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​បទឈប់បាញ់​នៅ​ក្នុង​តំបន់​ហ្កាហ្សា ដែល​នឹង​មាន​ការ​ដោះលែង​ចំណាប់ខ្មាំង​និង​ការ​ធានា​ធ្វើ​យ៉ាងណា​ឱ្យ​ជំនួយ​មនុស្សធម៌​ដែល​ចូល​ទៅ​ដល់​តំបន់​ហ្កាហ្សា​នៅ​បន្ត​ទៅ​មុខ​ឬ​ក៏​កើនឡើង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក Matthew Miller នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ។

កាលពី​ថ្ងៃ​អាទិត្យ​ផងដែរ អ្នកនាំពាក្យ​ផ្នែក​សន្តិសុខជាតិ​នៃ​សេតវិមាន​លោក John Kirby បាន​បញ្ជាក់​នៅក្នុង​កម្មវិធី «This Week» របស់​ទូរទស្សន៍ ABC ថា សហរដ្ឋ​អាមេរិក​កំពុង​បន្ត​ជំរុញ​ឱ្យ​មាន​បទឈប់បាញ់​រយៈពេល ៦ សប្ដាហ៍​នៅ​ក្នុង​សង្គ្រាម​ជិត ៧ ខែ​កន្លង​មក​ក្នុង​តំបន់​ហ្កាហ្សា​រវាង​អ៊ីស្រាអែល​និង​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ (Hamas)។

ការ​ពិភាក្សា​អំពី​បទឈប់បាញ់​នេះ​បាន​បន្ត​ធ្វើ​អស់​រាប់​ខែ​មក​ហើយ ហើយ​ទោះបីជា​មាន​សញ្ញា​ម្ដង​ហើយ​ម្ដង​ទៀត​ថា​កិច្ច​ព្រមព្រៀង​នេះ​ប្រហែលជា​អាច​សម្រេច​បាន​ក៏ដោយ ក៏​លោក Kirby មិន​បាន​ផ្ដល់​សញ្ញា​ណា​មួយ​អំពី​ការ​វិវឌ្ឍ​ថ្មី​នៃ​ការ​ពិភាក្សា​នេះ​ទេ។

លោក Kirby បាន​និយាយ​ថា អ៊ីស្រាអែល​បាន​ធានា​ចំពោះ​មន្ត្រី​សហរដ្ឋ​អាមេរិក​ថា​ខ្លួន​នឹង​មិន​បញ្ជូន​កងទ័ព​ជើងគោក​ចូល​ទៅក្នុង​ទីក្រុង Rafah នៅ​ភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា​ដោយ​មិន​ខ្វល់​ទាំងស្រុង​អំពី​ក្ដី​បារម្ភ​របស់​សហរដ្ឋ​អាមេរិក​ដែល​ថា​ការ​វាយ​ប្រហារ​ដូចនេះ​នឹង​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ដល់​ជីវិត​របស់​ជនជាតិ​ប៉ាឡេស្ទីន​ជាង​មួយ​លាន​នាក់​ដែល​កំពុង​ជ្រកកោន​នៅ​ទីនោះ​នោះទេ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG