ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken លើកឡើង​ពី«ក្ដី​បារម្ភ​ខ្លាំងក្លា» អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​រវ៉ាន់ដា


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken (ឆ្វេង) ជួប​ជាមួយ​ប្រធានាធិបតី​ប្រទេស​រវ៉ាន់ដា​លោក Paul Kagame នៅ​ការិយាល័យ​ប្រធានាធិបតី​នៅក្នុង​ទីក្រុង​គីហ្គាលី ប្រទេស​រវ៉ាន់ដា នៅ​ថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken (ឆ្វេង) ជួប​ជាមួយ​ប្រធានាធិបតី​ប្រទេស​រវ៉ាន់ដា​លោក Paul Kagame នៅ​ការិយាល័យ​ប្រធានាធិបតី​នៅក្នុង​ទីក្រុង​គីហ្គាលី ប្រទេស​រវ៉ាន់ដា នៅ​ថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​ថា លោក​បាន​លើកឡើង​ពី​«ក្ដី​បារម្ភ​ខ្លាំងក្លា»​អំពី​បញ្ហា​សិទ្ធិ​មនុស្ស នៅ​ក្នុង​អំឡុង​ពេល​ពិភាក្សា​ជាមួយ​នឹង​ប្រធានាធិបតី​រវ៉ាន់ដា​លោក Paul Kagame នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក Blinken បាន​បញ្ជាក់​បន្ថែម​ថា លោក​បាន​លើកឡើង​ជា​ពិសេស​អំពី​ករណី​នៃ​វីរជន «សណ្ឋាគារ​រវ៉ាន់ដា (Hotel Rwanda)» លោក Paul Rusesabagina ដែល​ជា​អ្នក​រិះគន់​មិន​សំចៃ​មាត់​លើ​លោក Kagame។ លោក Rusesabagina ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ២៥ ឆ្នាំ​កាលពី​ឆ្នាំ​មុន​ពី​បទ​ភេវរកម្ម។

លោក Blinken កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​រវ៉ាន់ដា​ដែល​ជា​ប្រទេស​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​ចំនួន ៣ នៅ​ទ្វីប​អាហ្វ្រិក ស្រប​ពេល​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ស្វះស្វែង​ប្រជែង​ជាមួយ​នឹង​យុទ្ធនាការ​របស់​រដ្ឋាភិបាល​រុស្ស៊ី​នៅ​ក្នុង​ការ​ទាក់ទាញ​ការ​គាំទ្រ​នៅ​ទ្វីប​អាហ្វ្រិក បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទ្វីប​នេះ​កាលពី​ខែ​កក្កដា​មក។

លោក Blinken បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​រវ៉ាន់ដា​លោក Vincent Biruta ថា៖ «ដូច​ដែល​ខ្ញុំ​បាន​ជម្រាប​លោក​ប្រធានាធិបតី Kagame ដូច្នេះ​ដែរ យើង​ជឿ​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​នីមួយៗ​គួរតែ​អាច​បញ្ចេញ​មតិ​របស់​ខ្លួន​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ថា​នឹង​មាន​ការ​គំរាមកំហែង ការ​ចាប់​ដាក់​ពន្ធនាគារ អំពើ​ហិង្សា ឬ​ក៏​ទម្រង់​ផ្សេង​ទៀត​នៃ​ការ​គាប​សង្កត់​ជិះជាន់»។

លោក Blinken ក៏​បាន​និយាយ​ផង​ដែរ​ថា លោក «បាន​គូស​បញ្ជាក់​អំពី​ក្ដី​បារម្ភ​របស់​សហរដ្ឋ​អាមេរិក​អំពី​កង្វះ​ការ​ធានា​ឱ្យ​មាន​សវនាការ​មួយ​ដែល​មាន​ភាព​យុត្តិធម៌​ផ្ដល់​ជូន [លោក Rusesabagina]»។

កាលពី​ខែ​ឧសភា​កន្លង​ទៅ​នេះ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា លោក Rusesabagina ដែល​មាន​សិទ្ធិ​រស់នៅ​ស្រប​ច្បាប់​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ផង​ដែរ​នោះ ត្រូវ​បាន​រដ្ឋាភិបាល​រវ៉ាន់ដា «ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌»៕

XS
SM
MD
LG