រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានជួបជាមួយនឹងប្រធានាធិបតីចិនលោក Xi Jinping នៅថ្ងៃចន្ទនេះ នៅពេលដែលលោក Blinken បញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិនក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងកើនឡើងរវាងប្រទេសទាំងពីរ។
ជំនួបរយៈពេល ៣៥ នាទីនៅឯវិមាន Great Hall of the People នេះត្រូវបានគេរំពឹងទុកថានឹងកើតឡើង និងត្រូវបានគេមើលឃើញថាជាគន្លឹះទៅរកភាពជោគជ័យនៃទស្សនកិច្ចនេះ ប៉ុន្តែភាគីទាំងពីរមិនបានបញ្ជាក់ពីមុនថាជំនួបនេះនឹងកើតឡើងនោះទេរហូតទាល់តែដល់ពេលមន្ត្រីក្រសួងការបរទេសអាមេរិកប្រកាសអំពីជំនួបនេះតែមួយម៉ោងមុនពេលជំនួបនេះធ្វើឡើងតែប៉ុណ្ណោះ។
នៅក្នុងវីដេអូនៃជំនួបនេះដែលបានចេញផ្សាយដោយបណ្ដាញផ្សព្វផ្សាយរដ្ឋ CCTV របស់ចិន គេឮលោក Xi និយាយថា «ភាគីទាំងពីរបានឯកភាពគ្នានៅក្នុងការបន្តធ្វើតាមការយល់ឃើញជារួមដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក [Joe] Biden និងខ្ញុំបានសម្រេចឡើងនៅកោះ Bali [ប្រទេសឥណ្ឌូណេស៊ី]»។
ជំនួបនេះបានធ្វើឡើងនៅក្នុងថ្ងៃទីពីរដែលជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងនេះក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរមានស្ថិរភាព។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Matthew Miller បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា សម្រាប់ជំនួបរវាងលោក Blinken និងមន្ត្រីការទូតកំពូលចិនលោក Wang Yi កាលពីព្រឹកថ្ងៃចន្ទឯណោះវិញ លោកទាំងពីរបាន «លើកឡើងអំពីបញ្ហាទ្វេភាគីនិងបញ្ហាសាកលជាច្រើន» ក៏ដូចជា «ឱកាសនៅក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការលើបញ្ហាឆ្លងប្រទេសរួម»។
លោក Miller បាននិយាយថា៖ «លោករដ្ឋមន្ត្រី [Blinken] បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការគ្រប់គ្រងបែបទទួលខុសត្រូវលើការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងសាធារណរដ្ឋប្រជាមានិតចិនតាមរយៈបណ្ដាញទំនាក់ទំនងបើកចំហដើម្បីធានាថាការប្រកួតប្រជែងមិនឈានទៅរកជម្លោះ។ លោករដ្ឋមន្ត្រី [Blinken] បានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិកនឹងបន្តប្រើការទូតដើម្បីលើកឡើងអំពីក្ដីបារម្ភនានានិងការពារផលប្រយោជន៍និងគុណតម្លៃរបស់ប្រជាជនអាមេរិកាំង»។
ក្រសួងការបរទេសចិនបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោក Wang បានប្រាប់លោក Blinken ថា ជំនួបនេះបានធ្វើឡើងនៅចំពេលសំខាន់ក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន និងថា វាចាំបាច់នៅក្នុងការ «ធ្វើឱ្យចរន្តវិលចុះក្រោមបញ្ច្រាសឡើងលើវិញ»។
លោក Wang បាននិយាយថា កត្តាសំខាន់បំផុតនៅក្នុងការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានស្ថិរភាពគឺការគោរពគ្នាទៅវិញទៅមក។
ទាក់ទិននឹងរឿងតៃវ៉ាន់ លោក Wang បានលើកឡើងថា សហរដ្ឋអាមេរិកត្រូវតែប្រឆាំងនឹងឯករាជ្យភាពរបស់តៃវ៉ាន់ និងថា ចិននឹងមិនសម្រុះសម្រួលលើរឿងនេះទេ។
ការពិភាក្សាដែលបានគ្រោងធ្វើតែ ២ ម៉ោងនេះ បែរជាមានរយៈពេលរហូតដល់ទៅ ៣ ម៉ោង៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AFP និងReuters