រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានជួបពិភាក្សាជាមួយនឹងមេដឹកនាំអេហ្ស៊ីបនិងកាតានៅថ្ងៃអង្គារនេះ នៅចំពេលដែលមានការជំរុញឱ្យមានបទឈប់បាញ់គ្នាបណ្ដោះអាសន្នថ្មីនៅក្នុងតំបន់ហ្កាហ្សា (Gaza) និងឱ្យមានការបង្កើនជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលប៉ាឡេស្ទីន។
នៅក្នុងទីក្រុងគែរនៃប្រទេសអេហ្ស៊ីប លោក Blinken បានជួបពិភាក្សាជាមួយនឹងប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah el-Sissi មុនពេលធ្វើដំណើរទៅទីក្រុងដូហានៃប្រទេសកាតាដើម្បីពិភាក្សាជាមួយនឹងមេដឹកនាំកាតាព្រះមហាក្សត្រ Sheikh Tamim bin Hamad Al Thani និងនាយករដ្ឋមន្ត្រីកាតាលោក Mohammed bin Abdulrahman Al-Thani។
សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតាបានជួយបង្កើតសំណើបទឈប់បាញ់គ្នាដែលកំពុងស្ថិតក្នុងការពិចារណានៅពេលបច្ចុប្បន្ននេះ។ បទឈប់បាញ់គ្នានេះរួមមានការផ្អាកការប្រយុទ្ធគ្នារយៈពេលជាច្រើនសប្ដាហ៍និងការដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ (Hamas) ចាប់ឃុំនៅក្នុងតំបន់ហ្កាហ្សាផងដែរ។
មន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់អ្នកកាសែតថា៖ «ការសម្រេចឥឡូវនេះគឺស្ថិតនៅលើដៃរបស់ក្រុមហាម៉ាស់»។ មន្ត្រីរូបនេះបានបញ្ជាក់ថា ប្រទេសអេហ្ស៊ីនិងកាតាបានជំរុញឱ្យក្រុមហាម៉ាស់ទទួលយកនូវអ្វីដែលសហរដ្ឋអាមេរិកហៅថាជា «សំណើដ៏ខ្លាំងក្លានិងគួរឱ្យចាប់អារម្មណ៍» ប៉ុន្តែក្រុមហាម៉ាស់គឺជាអ្នកដែលត្រូវសម្រេចលើរឿងនេះនៅទីបំផុត។
បទឈប់បាញ់គ្នាបណ្ដោះអាសន្នកាលពីចុងខែវិច្ឆិកាឆ្នាំមុនមានរយៈពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ និងធ្វើឱ្យមានការដោះលែងចំណាប់ខ្មាំងជាង ១០០ នាក់ពីតំបន់ហ្កាហ្សានិងអ្នកទោសប៉ាឡេស្ទីន ២៤០ នាក់ពីអ៊ីស្រាអែល។
លោក Blinken បានចាប់ផ្ដើមដំណើរទស្សនកិច្ចរបស់លោកកាលពីថ្ងៃចន្ទនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ លោកក៏ត្រូវធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលនិងតំបន់វេសបេង (West Bank) ដែលអ៊ីស្រាអែលគ្រប់គ្រងផងដែរ។
លោក Blinken បានពិភាក្សាជាមួយនឹងព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman ដែលជានាយករដ្ឋមន្ត្រីនៃប្រទេសអារ៉ាប៊ីសាអូឌីតនៅក្នុងទីក្រុងរីយ៉ាដ ដែលនៅទីនោះ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថាមន្ត្រីនានាបានពិភាក្សាអំពីការសម្របសម្រួលនៅក្នុងតំបន់ដើម្បីឱ្យមាន «ការបញ្ចប់ជារៀងរហូតនូវវិបត្តិនៅក្នុងតំបន់ហ្កាហ្សា ដែលនឹងផ្ដល់សន្តិភាពនិងសន្តិសុខដ៏ឋិតថេរដល់អ៊ីស្រាអែលនិងប៉ាឡេស្ទីនដូចគ្នា»៕
ប្រធានការិយាល័យ VOA ប្រចាំក្រសួងការបរទេសអាមេរិកអ្នកស្រី Nike Ching រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។ ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AFP និង Reuters។
វេទិកាបញ្ចេញមតិ