រដ្ឋមន្ត្រីការបរទេសស.រ.អ.លោក Antony Blinken មានកំណត់ជួបនៅថ្ងៃពុធនេះជាមួយរដ្ឋមន្ត្រីការបរទេសប្រទេសអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan និងពួករដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការតំបន់ឈូងសមុទ្រពែក្ស ជាផ្នែកមួយនៃទស្សនកិច្ចរបស់លោកក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
លោកបានជួបកាលពីពេលមុននេះជាមួយព្រះអង្គម្ចាស់រជ្ជទាយាទប្រទេសអារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman ក្នុងក្រុង Jeddah ដែលនៅទីនោះក្រសួងការបរទេសអាមេរិកបាននិយាយថាលោកបានសម្តែងការអរគុណដល់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតដែលបានជួយជម្លៀសជនជាតិអាមេរិកាំងពីប្រទេសស៊ូដង់កាលពីពេលមុននេះក្នុងឆ្នាំនេះ។
អ្នកនាំពាក្យក្រសួងការបរទេសស.រ.អ.លោក Matthew Miller បាននិយាយនៅក្នុងរបាយការណ៍មួយអំពីជំនួបនេះថា៖ «ឥស្សរជនទាំងពីរនាក់នេះមានការប្តេជ្ញាដូចគ្នាដើម្បីជំរុញស្ថិរភាព សន្តិសុខនិងភាពសំបូររុងរឿងនៅទូទាំងមជ្ឈិមបូព៌ានិងហួសពីទីនោះ ដោយមានរួមតាមរយៈកិច្ចព្រមព្រៀងនយោបាយទូលំទូលាយមួយដើម្បីឱ្យបានសម្រេចសន្តិភាព ភាពសំបូររុងរឿងនិងសន្តិសុខក្នុងប្រទេសយេម៉ែន»។
លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ដែរថាទំនាក់ទំនងទ្វេភាគីរបស់យើងត្រូវបានពង្រឹងដោយការជឿនលឿនខាងសិទ្ធមនុស្សដែរ។
លោក Miller បានថ្លែងថាជំនួបនេះក៏មានរួមបញ្ចូលការពិភាក្សាគ្នាអំពី«ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាពិសេសក្នុងវិស័យថាមពលស្អាតនិងបច្ចេកវិទ្យា»។
នៅមុនដំណើរទស្សនកិច្ចនេះរបស់លោក លោក Blinken បានមានប្រសាសន៍កាលពីថ្ងៃចន្ទថាស.រ.អ.«មានផលប្រយោជន៍ខាងសន្តិសុខជាតិពិតប្រាកដក្នុងការផ្ចុងផ្តើមឱ្យមានការទាក់ទងគ្នាជាធម្មតាប្រក្រតីរវាងប្រទេសអ៊ីស្រាអែលនិងប្រទេសអារ៉ាប៊ីសាអ៊ូឌីត»៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, Reuters និង AFP។