ការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនស្ថិតនៅលើរបៀបវារៈលើគេនៅពេលដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ជួបជាមួយរដ្ឋមន្ត្រីការបរទេសផ្សេងទៀតមកពីក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ ក្នុងពិភពលោក ឬ G-20 នៅសប្តាហ៍នេះ នៅលើកោះបាលី ប្រទេសឥណ្ឌូណេស៊ី។
មុនសម័យប្រជុំដំបូងនៃជំនួបនេះ លោក Blinken បានជួបជាមួយរដ្ឋមន្ត្រីការបរទេសក្រុមប្រទេសចតុភាគីអន្តរមហាសមុទ្រអាត្លង់ទិក ដែលមានរដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherine Colonna រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock និងរដ្ឋលេខាធិការអចិន្ត្រៃយ៍ទី ២ និងជានាយកខាងកិច្ចការនយោបាយរបស់ចក្រភពអង់គ្លេសលោក Tim Barrow។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃសុក្រនេះថា មន្ត្រីទាំងនេះបានពិភាក្សាពីការខំប្រឹងប្រែងរួមដើម្បីផ្តល់ការគាំទ្រខាងសន្តិសុខ និងជំនួយមនុស្សធម៌បន្ថែមដល់ប្រទេសអ៊ុយក្រែន ហើយពិនិត្យមើលឡើងវិញពីរបៀបដោះស្រាយការព្រួយកង្វល់សន្តិសុខចំណីអាហារសកល ដែលបណ្តាលមកពីការវាយប្រហារដោយចេតនារបស់រុស្ស៊ីលើវិស័យកសិកម្មរបស់អ៊ុយក្រែន។
សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា តំណាងក្រុមប្រទេសចតុភាគីក៏បានសម្តែងនូវការព្រួយកង្វល់អំពីជំហាននៃការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយបានបញ្ជាក់ឡើងវិញនូវការតាំងចិត្តរបស់ពួកគេក្នុងការអនុវត្តឱ្យបានពេញលេញនូវផែនការសកម្មភាពរួម JCPOA ដោយបានអំពាវនាវឱ្យអ៊ីរ៉ង់ទម្លាក់ចោលការទាមទារចាកប្រធានបទ ហើយយល់ព្រមឱ្យបានឆាប់រហ័សតាមកិច្ចព្រមព្រៀងដែលមាននៅពេលបច្ចុប្បន្ននេះ។
លោក Blinken នឹងចូលរួមនៅក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នៅថ្ងៃសៅរ៍។
លោក Blinken នឹងចូលរួមក្នុងជំនួបដ៏យូរចំនួន ២ ជាមួយលោក Wang ដោយជំនួបទី ១ទំនងជានឹងផ្តោតលើទំនាក់ទំនងទ្វេភាគី ហើយជំនួបលើកទី ២ នឹងផ្តោតលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ។ នេះបើតាមប្រភពការទូត៕