ការបារម្ភថា ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននឹងជំរុញឱ្យចិនចាត់វិធានការស្រដៀងគ្នាលើតៃវ៉ាន់នោះ ហាក់ដូចជាមិនទំនងទេ យ៉ាងហោចណាស់ក៏មិនទាន់ធ្វើនៅពេលនេះដែរ។ នេះបើយោងតាមមន្ត្រីស៊ើបការណ៍សម្ងាត់កំពូលរបស់សហរដ្ឋអាមេរិក។
នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិលោកស្រី Avril Haines បានប្រាប់ទស្សនិកជននៅទីក្រុងវ៉ាស៊ីនតោនកាលពីល្ងាចថ្ងៃពុធថា ប្រធានាធិបតីចិនលោក Xi Jinping «មើលឃើញយ៉ាងច្បាស់ថា ការបង្រួបបង្រួមតៃវ៉ាន់ជាគោលដៅរបស់លោក»។លោកស្រីបន្ថែមថា លោក Xi «បន្តចង់បានដោយសន្តិវិធី ផ្ទុយពីការប្រើប្រាស់កម្លាំងយោធា»។
លោកស្រីHaines បានបន្ថែមថា «មិនមានការចង្អុលបង្ហាញថា គាត់កំពុងមានបំណងយកកោះតៃវ៉ាន់ដោយកម្លាំងយោធាទេ ទោះបីជាគាត់កំពុងរៀបចំផែនការជាសក្តានុពលក៏ដោយ»។ មន្ត្រីការពារជាតិជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានព្រមានម្តងហើយម្តងទៀតអំពីការកើនឡើងនៃការឈ្លានពានរបស់ចិននៅក្នុងនិងជុំវិញសមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់ និងការបង្កើនកម្លាំងយោធាគឺធំជាងអ្វីដែលធ្លាប់បានឃើញចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។
ក្តីបារម្ភទាំងនោះត្រូវបានបន្ទរកាលពីថ្ងៃពុធដោយអង្គការអូតង់ ដែលបានចោទប្រកាន់រដ្ឋាភិបាលទីក្រុងប៉េកាំងថា «សម្លុតប្រទេសជិតខាង និងគំរាមកំហែងតៃវ៉ាន់»។ អគ្គលេខាធិការអង្គការអូតង់ លោក Jens Stoltenberg បាននិយាយនៅឯកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធភាពនេះនៅទីក្រុងម៉ាឌ្រីដប្រទេសអេស៉្បាញថា «ប្រទេសចិនមិនមែនជាសត្រូវរបស់យើងទេ ប៉ុន្តែយើងត្រូវតែមើលឱ្យច្បាស់អំពីបញ្ហាប្រឈម» ។
លោកបានបន្ថែមថា «យើងមើលឃើញភាពជាដៃគូជាយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅរវាងរដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងប៉េកាំង ហើយការទាមទារកាន់តែខ្លាំងឡើងនិងគោលនយោបាយបង្ខិតបង្ខំរបស់ប្រទេសចិនមានផលវិបាកសម្រាប់សន្តិសុខនៃសម្ព័ន្ធមិត្ត និងដៃគូរបស់យើង»។ ក្រសួងពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃពុធបានដាក់ការរឹតបន្តឹងលើការនាំចេញលើក្រុមហ៊ុនចិនចំនួនប្រាំសម្រាប់ការផ្តល់ការគាំទ្រទាក់ទងនឹងយោធាដល់ប្រទេសរុស្ស៊ី។
នៅពេលគេសួរអំពីការរឹតបន្តឹងនេះ លោកស្រីHaines បានបន្ទរពីកង្វល់នេះ។ លោកស្រីបាននិយាយថា «ពួកគេបានព្យាយាមយ៉ាងខ្លាំងជាសាធារណៈថា មិនប្រកាន់ជំហររិះគន់រុស្ស៊ីទេ។ ប៉ុន្តែក្នុងពេលតែមួយអ្វីដែលយើងឃើញគឺថា ពួកគេកំពុងជួយរុស្ស៊ីតាមរបៀបផ្សេងៗគ្នានៅពីក្រោយឆាក»។ មន្ត្រីជាន់ខ្ពស់អាមេរិកផ្សេងទៀតបាននិយាយពីមុនថា មិនមានភស្តុតាងអំពីការគាំទ្ររបស់រដ្ឋាភិបាលចិនដោយផ្ទាល់សម្រាប់កិច្ចខិតខំប្រឹងប្រែងផ្នែកយោធារបស់រុស្ស៊ីនៅអ៊ុយក្រែននោះទេ៕