សហរដ្ឋអាមេរិកបានបញ្ចូលឈ្មោះជនជាតិរុស្ស៊ី២៤នាក់ក្នុងបញ្ជីខ្មៅ ដោយហៅពួកគេថាជាអ្នកដើរតួសំខាន់នៅក្នុងការជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតដទៃទៀត។
ទណ្ឌកម្មរបស់ក្រសួងរតនាគារអាមេរិកនេះគឺសំដៅទៅលើទីភ្នាក់ងារ GRU ដែលជាក្រុមស៊ើបការណ៍សម្ងាត់យោធារុស្ស៊ី និងជនជាតិរុស្ស៊ីចំនួន១៣នាក់ទៀតដែលត្រូវបានចោទប្រកាន់ជាផ្លូវការរួចហើយដោយរដ្ឋអាជ្ញាពិសេស លោក Robert Mueller នៅក្នុងការស៊ើបអង្កេតរបស់លោកទៅលើការជ្រៀតជ្រែករបស់រុស្ស៊ីលើការបោះឆ្នោតប្រធានាធិបតីអាមេរិក និងទីភ្នាក់ងារស្រាវជ្រាវអ៊ីនធឺណិត St. Petersburg ដែលបានព្យាយាមជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិកតាមរយៈព័ត៌មានប្រឌិតនិងអត្ថាធិប្បាយមិនពិតអំពីបញ្ហាអាមេរិកដ៏ចម្រូងចម្រាស។
លោក Steve Mnuchin រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកបានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋបាលលោក ត្រាំ កំពុងតែប្រឈមនិងប្រយុទ្ធប្រឆាំងនឹងសកម្មភាពមួលបង្កាច់លើអ៊ីនធឺណិតរបស់រុស្ស៊ី ដោយរួមទាំងការប៉ុនប៉ងជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិក ការវាយប្រហារលើប្រព័ន្ធអ៊ីនធឺណិត និងការជ្រៀតជ្រែកទៅក្នុងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនានា។ ទណ្ឌកម្មទាំងនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងធំជាងនេះក្នុងការដោះស្រាយទៅលើការបន្តវាយប្រហារយ៉ាងសាហាវពីរុស្ស៊ី»។
ទណ្ឌកម្មនេះគឺជាលើកទីមួយហើយដែលរដ្ឋបាលលោក ត្រាំ បន្ទោសដោយផ្ទាល់ទៅលើការជ្រៀតជ្រែករបស់រដ្ឋាភិបាលរុស្ស៊ីនៅក្នុងការបោះឆ្នោតអាមេរិក៕