ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មហាសេដ្ឋី​អាមេរិក Bezos ធ្វើ​ដំណើរ​ពី​អវកាស​មក​ផែនដី​វិញ​ដោយ​ជោគជ័យ


យាន New Shepard នៃ​ក្រុមហ៊ុន Blue Origin ត្រូវ​បាញ់​បង្ហោះ​​ដោយ​ដឹក​អ្នកដំណើរ​​៤​នាក់​គឺ​លោក Jeff Bezos ប្អូន​ប្រុស​របស់​លោក​ឈ្មោះ Mark Bezos យុវជន Oliver Daemen និង​​អ្នកស្រី Wally Funk ពី​កន្លែង​បង្ហោះ​នៅ​រដ្ឋ Texas កាល​ពី​ថ្ងៃ​អង្គារ ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១។
យាន New Shepard នៃ​ក្រុមហ៊ុន Blue Origin ត្រូវ​បាញ់​បង្ហោះ​​ដោយ​ដឹក​អ្នកដំណើរ​​៤​នាក់​គឺ​លោក Jeff Bezos ប្អូន​ប្រុស​របស់​លោក​ឈ្មោះ Mark Bezos យុវជន Oliver Daemen និង​​អ្នកស្រី Wally Funk ពី​កន្លែង​បង្ហោះ​នៅ​រដ្ឋ Texas កាល​ពី​ថ្ងៃ​អង្គារ ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១។

មហា​សេដ្ឋី Jeff Bezos បាន​វិល​ត្រឡប់​ពី​អវកាស​មកកាន់​ផែនដី​វិញប្រកប​ដោយ​សុវត្ថិភាព​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ បន្ទាប់​ពី​ស្ថិត​នៅ​អវកាស​អស់រយៈពេល​១០នាទី​នៅ​ក្នុង​យាន​អវកាសNew Shepard របស់​ក្រុមហ៊ុន Blue Origin របស់​លោក។

លោក Bezos បាន​ថ្លែង​បន្ទាប់​ពី​យាន​អវកាស​របស់​លោក​ចុះចត​នៅ​ក្បែរ​ក្រុង Van Horn រដ្ឋ Texas ថា៖ «នេះ​គឺ​ជា​ថ្ងៃ​ដ៏​ល្អ​បំផុត»។

យានអវកាស​របស់​លោក​ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​លោក Alan Shepard ដែល​ជា​អវកាសយានិក​អាមេរិក​ដំបូង​បង្អស់​ដែល​បាន​ទៅ​អវកាស។

លោក Bezos ដែល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​នៅ​ក្នុង​ពិភពលោក បាន​ធ្វើ​ដំណើរ​ពី​ផែនដី​ទៅ​អវកាស​កាល​ពី​ថ្ងៃ​អង្គារ ពី​រដ្ឋ Texas សហរដ្ឋ​អាមេរិក។ លោក​បាន​ក្លាយ​ជា​មហាសេដ្ឋី​ទីពីរ​ដែល​បាន​ទៅ​ដល់​អវកាស​នៅ​ក្នុង​ខែ​នេះ​ដោយ​ចាយ​វាយ​ប្រាក់កាស​ផ្ទាល់​ខ្លួន។

មហាសេដ្ឋី​អង់គ្លេស លោក Richard Branson បាន​ធ្វើ​ដំណើរ​ទៅ​កាន់​អវកាស​កាល​ពី​ថ្ងៃទី១១ ខែ​កក្កដា​កន្លង​ទៅ​នេះ ជាមួយ​នឹង​ក្រុម​ការងារ​ចំនួន​៥​នាក់ ដោយ​ប្រើប្រាស់​យាន​អវកាស​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Virgin Galactic របស់​លោក។

លោក Bezos អាយុ​៥៧ឆ្នាំ​ជា​ស្ថាបនិក​ក្រុមហ៊ុន​លក់​ឥវ៉ាន់​តាម​អនឡាញ Amazon ហើយ​លោក​បាន​បង្កើត​ក្រុមហ៊ុន Blue Origin ឡើង​កាល​ពី​ឆ្នាំ ២០០០ ក្នុង​គោលបំណង​បង្កើត​ទីតាំង​អចិន្ត្រៃយ៍​នៅ​អវកាស​ដែល​អាច​ឲ្យ​មនុស្ស​រស់នៅ​និង​ធ្វើ​ការ​បាន៕

(ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដីរាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន​AP)

XS
SM
MD
LG