អ្នកការទូតអាមេរិកជាន់ខ្ពស់លំដាប់ទី២ បានបញ្ចប់កិច្ចពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ប្រទេសរុស្សីក្នុងទីក្រុងមូស្គូនៅថ្ងៃពុធ ដែលនេះជាដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់មន្រ្តីអាមេរិករូបនេះ ដើម្បីដោះស្រាយនូវការខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួន ដែលក្នុងនោះរួមទាំងវិបត្តិដែលកំពុងតែកើតមានក្នុងប្រទេសបេឡារុស (Belarus) និងការធ្លាក់ខ្លួនឈឺភ្លាមៗរបស់មេដឹកនាំនយោបាយប្រឆាំងដ៏សំខាន់របស់រុស្សី ដែលហាក់ដូចជាលោកត្រូវបានគេដាក់ថ្នាំបំពុល ជាដើម។
ដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Stephen Biegun ទៅកាន់រដ្ឋធានីរុស្សីនេះ បង្ហាញពីការខិតខំប្រឹងប្រែងកាន់តែខ្លាំងរបស់អាមេរិក ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីមួយក្នុងប្រទេស Belarus ដែលនៅទីនោះក្រុមអ្នកតវ៉ាប្រឆាំងរាប់ពាន់នាក់ កំពុងបន្តធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី៩ ខែសីហា ដែលមេដឹកនាំផ្តាច់ការកាន់អំណាចដ៏យូររបស់ប្រទេសនេះគឺលោក Alexander Lukashenko បានអះអាងថា លោកជាអ្នកឈ្នះដាច់ការបោះឆ្នោតនេះ។
សហរដ្ឋអាមេរិក បានឯកភាពជាមួយក្រុមអ្នកប្រឆាំងតវ៉ា ដែលចោទសួរពីភាពត្រឹមត្រូវនៃការរាប់សន្លឹកឆ្នោត និងរិះគន់តាមរយៈភស្តុតាងជាច្រើនដែលបង្ហាញពីការវាយដំនិងធ្វើទារុណកម្មដល់ក្រុមបាតុករដែលត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន។
ទោះបីយ៉ាងណាក៏ដោយ មុនការជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergey Lavrov អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Biegun បានបង្ហាញពីជំហររបស់អាមេរិកដែលថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងមិនចង់ទទួលយកការជំរុញរបស់លោក Lukashenko ដែលថា ជម្លោះក្នុងរឿងបោះឆ្នោតនេះជាជម្លោះរវាងលោកខាងលិចនិងលោកខាងកើត ដែលនេះអាចនាំឲ្យមានការលូកដៃចូលអន្តរាគមន៍ដោយផ្ទាល់ពីសំណាក់រុស្សី។
លោក Stephen Biegun លើកឡើងថា៖ «សហរដ្ឋអាមេរិកនឹងមិនសម្រេចនូវទិសដៅណាមួយនៅក្នុងប្រទេសបេឡារុសនោះទេ វាជាសិទ្ធិរបស់ពលរដ្ឋ Belarus ជាអ្នកសម្រេចនូវរឿងទាំងនេះ៕