ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ព្រមាន​លោក Putin មិន​ឲ្យ​ឈ្លានពាន​អ៊ុយក្រែន


ប្រធានាធិបតី​អាមេរិក​លោក Joe Biden ជួប​ប្រជុំ​តាម​អនឡាញ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ពិភាក្សា​អំពី​ប្រធានបទ​ជាច្រើន​នៅក្នុង​ទំនាក់ទំនង​រវាង​អាមេរិក និង​រុស្ស៊ី កាលពី​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។
ប្រធានាធិបតី​អាមេរិក​លោក Joe Biden ជួប​ប្រជុំ​តាម​អនឡាញ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ពិភាក្សា​អំពី​ប្រធានបទ​ជាច្រើន​នៅក្នុង​ទំនាក់ទំនង​រវាង​អាមេរិក និង​រុស្ស៊ី កាលពី​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។

នៅ​ក្នុង​ជំនួប​កំពូល​តាម​អនឡាញ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​បញ្ជាក់​ប្រាប់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin អំពី​ជំហាន​មួយ​ចំនួន​ដែល​សហរដ្ឋ​អាមេរិក​នឹង​ប្រកាន់​យក ប្រសិនបើ​រុស្ស៊ី​សម្រេច​លុកលុយ​ប្រទេស​អ៊ុយក្រែន។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក Jake Sullivan បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​សេតវិមាន​ថា៖ «ប្រសិនបើ​រុស្ស៊ី​លុកលុយ​ប្រទេស​អ៊ុយក្រែន​បន្ថែម​ទៀត សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​របស់​ខ្លួន​នឹង​ឆ្លើយតប​ដោយ​វិធានការ​សេដ្ឋកិច្ច​ខ្លាំងក្លា។ យើង​នឹង​ផ្តល់​ឧបករណ៍​ការពារ​ខ្លួន​ដល់​ប្រទេស​អ៊ុយក្រែន​ឲ្យ​កាន់តែ​ច្រើន​ថែមទៀត​លើស​ពី​អ្វី​ដែល​យើង​បាន​ផ្តល់​ក្នុង​ពេល​កន្លង​មក។ យើង​នឹង​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត​ដល់​សម្ព័ន្ធមិត្ត​អង្គការ​អូតង់ (NATO) របស់​យើង​ដែល​មកពី​តំបន់​អឺរ៉ុប​ខាងកើត ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​តានតឹង​កើនឡើង​ដូចនេះ»។

លោក Sullivan ក៏​បាន​បញ្ជាក់​ផងដែរ​ថា លោក Biden បាន​ផ្តល់​នូវ​ជម្រើស​មួយ​ផ្សេង​ទៀត​ដល់​លោក Putin ដែល​នោះ ​គឺ«ការ​បន្ថយ​ភាព​តានតឹង និង​ការទូត»។

បើ​យោង​តាម​រដ្ឋាភិបាល​រុស្ស៊ី លោក Putin បាន​សង្កត់ធ្ងន់​ថា ការ​អនុវត្ត​របស់​ប្រទេស​អ៊ុយក្រែន​តាម​កិច្ចព្រមព្រៀង​ទីក្រុង​មីនស្កិ៍ ឆ្នាំ ២០១៥ មាន​ដំណើរការ​យឺតយ៉ាវ។ កិច្ចព្រមព្រៀង​នេះ​ មាន​បំណង​បញ្ឈប់​ការ​ប្រយុទ្ធគ្នា​នៅ​ក្នុង​តំបន់ Donbass នៃ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន។ លោក Putin ក៏​បាន​លើកឡើង​ផងដែរ ​អំពី«ក្តី​បារម្ភ​ខ្លាំងក្លា​អំពី​សកម្មភាព​បង្កហេតុ​របស់​រដ្ឋាភិបាល​អ៊ុយក្រែន​នៅក្នុង​តំបន់ Donbass»។

ជាង​នេះ​ទៀត លោក Putin បាន​ចោទ​ប្រកាន់​អង្គការ​អូតង់​ថា​ បាន​«ប៉ុនប៉ង​ដ៏​គ្រោះថ្នាក់​នៅក្នុង​ការ​ដណ្ដើម​កាន់កាប់​ទឹកដី​អ៊ុយក្រែន» និង​នៅក្នុង​ការ​បង្កើន​សមត្ថភាព​យោធា​របស់​ខ្លួន​នៅ​ជិត​ព្រំដែន​ប្រទេស​រុស្ស៊ី។ នេះ​ បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​រុស្ស៊ី។

ជំនួប​លើក​នេះ​ គឺជា​ជំនួប​កំពូល​តាម​អនឡាញ​លើក​ទី​ពីរ​របស់​លោក Biden ជាមួយ​នឹង​មេដឹកនាំ​ប្រទេស​ដែល​ជា​គូប្រជែង​របស់​សហរដ្ឋ​អាមេរិក។ កាលពី​ខែ​តុលា​កន្លង​ទៅ លោក Biden បាន​ជួប​ប្រជុំ​ជាមួយ​ប្រធានាធិបតី​ចិន​លោក Xi Jinping៕

លោក Jamie Dettmer រួមចំណែក​នៅក្នុង​សេចក្តីរាយការណ៍​នេះ។

XS
SM
MD
LG