ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ការទូត​កំពូល​អាមេរិក​និង​រុស្ស៊ី ​នឹង​ជួប​ពិភាក្សា​គ្នា ចំពេល​ដែល​មាន​ភាពតានតឹង​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន


រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​ម្នាក់ ចូលរួម​ក្នុង​សមយុទ្ធ​មួយ​នៅ​កន្លែង​ហ្វឹកហ្វឺន​ក្បែរ​ព្រំដែន​ប្រទេសរុស្ស៊ី​និង​តំបន់ Crimea។ រូបភាព​នេះ ចេញ​ផ្សាយ​ដោយ​សេវា​សារព័ត៌មាន​នៃ​អគ្គសេនាធិការ​កងកម្លាំង​ប្រដាប់​អាវុធ​អ៊ុយក្រែន កាលពី​ថ្ងៃ​ទី១៧ វិច្ឆិកា ឆ្នាំ២០២១។
រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​ម្នាក់ ចូលរួម​ក្នុង​សមយុទ្ធ​មួយ​នៅ​កន្លែង​ហ្វឹកហ្វឺន​ក្បែរ​ព្រំដែន​ប្រទេសរុស្ស៊ី​និង​តំបន់ Crimea។ រូបភាព​នេះ ចេញ​ផ្សាយ​ដោយ​សេវា​សារព័ត៌មាន​នៃ​អគ្គសេនាធិការ​កងកម្លាំង​ប្រដាប់​អាវុធ​អ៊ុយក្រែន កាលពី​ថ្ងៃ​ទី១៧ វិច្ឆិកា ឆ្នាំ២០២១។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken មាន​គម្រោង​ជួប​ពិភាក្សា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov ស្របពេល​មាន​ក្ដី​បារម្ភ​អំពី​ការ​បង្កើន​កម្លាំង​កងទ័ព​នៅ​តាម​បណ្ដោយ​ព្រំដែន​រវាង​ប្រទេស​រុស្ស៊ី​និង​អ៊ុយក្រែន និង​ការ​អំពាវនាវ​ឲ្យ​មាន​ដំណោះស្រាយ​ការទូត​ចំពោះ​ភាព​តានតឹង​នេះ។

ជំនួប​នេះ​ នឹង​ធ្វើ​ឡើង​នៅ​ក្រៅ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​របស់​អង្គការ​សន្តិសុខ​និង​កិច្ច​សហប្រតិបត្តិការ​អឺរ៉ុប (OSCE) ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ស្តុកខុល ប្រទេស​ស៊ុយអែត។

មុន​ពេល​ជំនួប​ជាមួយ​លោក Lavrov ចូល​មក​ដល់ លោក Blinken បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​បាន​បង្ហាញ​ក្ដី​បារម្ភ​អំពី​អ្វី​ដែល​លោក​ហៅ​ថា​ជា «ជំហរ​ដ៏​គឃ្លើន» របស់​រុស្ស៊ី​ចំពោះ​អ៊ុយក្រែន។

លោក Kuleba បាន​និយាយ​ថា អ៊ុយក្រែន​នឹង «បន្ត​បង្ហាញ​ការ​អត់ធ្មត់» ហើយ​ស្រប​ពេល​នោះ​ដែរ​នឹង​អំពាវនាវ​ដល់​សម្ព័ន្ធមិត្ត​ឲ្យ​ត្រៀម​ចាត់​វិធានការ​ដែល​ធ្វើ​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin «គិត​ឡើង​វិញ​មុន​ពេល​ឈាន​ដល់​ការ​ប្រើ​កម្លាំង​យោធា»។

បន្ទាប់ពី​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​អង្គការ​អូតង់ (NATO) កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​មក លោក Blinken បាន​បញ្ជាក់​ថា វិធានការ​ដូច​នេះ​អាច​រួម​បញ្ចូល​ផងដែរ​នូវ «វិធានការ​សេដ្ឋកិច្ច​ដែល​ជះ​ផល​ប៉ះពាល់​ខ្លាំង​មួយ​ចំនួន ដែល​យើង​មិន​បាន​ប្រើ​ក្នុង​ពេល​កន្លង​មក»។

លោក Blinken បាន​បន្ថែម​ថា ប្រទេស​រុស្ស៊ី​នឹង​ប្រឈម​នឹង «ផល​វិបាក​ធ្ងន់ធ្ងរ​រយៈពេល​យូរ» សម្រាប់​ភាព​គឃ្លើន​របស់​ខ្លួន​ដែល​ធ្វើ​លើ​ប្រទេស​អ៊ុយក្រែន ហើយ​ថា «ការទូត​គឺជា​វិធី​តែមួយ​គត់​ ដែល​អាច​ដោះស្រាយ​វិបត្តិ​នេះ​បាន»។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​អាមេរិក​មួយ​រូប​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក Blinken នឹង​លើក​បញ្ជាក់​នូវ​ចំណុច​ទាំងនេះ​ដោយ​ផ្ទាល់​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG