រដ្ឋាភិបាលក្រុងប៉េកាំងបានឲ្យដឹងកាលពីថ្ងៃពុធថា កិច្ចសហប្រតិបត្តិការផ្នែកអាកាសធាតុជាមួយនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងអាស្រ័យលើភាពរឹងមាំនៃទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក បន្ទាប់ពីបេសកជនពិសេសផ្នែកអាកាសធាតុរបស់សហរដ្ឋអាមេរិកលោក John Kerry បានជំរុញឲ្យចិនដាក់កម្រិតលើការបំភាយឧស្ម័នឲ្យបានឆាប់រហ័ស។ នេះបើតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន AFP។
ភាពតានតឹងរវាងចិននិងសហរដ្ឋអាមេរិកបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយភាគីទាំងពីរភ្ជាប់បញ្ហាពាណិជ្ជកម្មទៅនឹងកំណត់ត្រាសិទ្ធិមនុស្សរបស់រដ្ឋាភិបាលក្រុងប៉េកាំងនិងចំណាត់ការពីដំបូងរបស់ចិនទៅលើការគ្រប់គ្រងជំងឺកូវីដ១៩។
ការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុគឺស្ថិតក្នុងចំណោមបញ្ហាមួយចំនួនទៀត ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាថានឹងធ្វើការជាមួយគ្នា។
ក៏ប៉ុន្តែ បន្ទាប់ពីលោក Kerry បានអំពាវនាវឲ្យរដ្ឋាភិបាលក្រុងប៉េកាំងចាត់វិធានការឲ្យឆាប់រហ័សជាងនេះទៅលើបញ្ហាប្រឈមផ្នែកអាកាសធាតុ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានព្រមានថា កិច្ចសហប្រតិបត្តិការលើបញ្ហាបរិស្ថានអាចនឹងត្រូវរងប៉ះពាល់ដោយសារទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក។
កាលពីថ្ងៃច័ន្ទ លោក Kerry បានអំពាវនាវឲ្យអ្នកបង្កើតគោលនយោបាយចិនធានាថានឹងកម្រិតនៃការបំភាយឧស្ម័ននៅមុនកាលកំណត់នៅឆ្នាំ២០៣០។
លោក Kerry បានថ្លែងក្នុងសុន្ទរកថាស្ដីពីគោលនយោបាយមួយនៅទីក្រុងឡុងដ៍នៃ ប្រទេសអង់គ្លេសថា គោលដៅនៃការដាក់កម្រិតកំណើនកម្ដៅផែនដីត្រឹម ១,៥ អង្សារសេនឹងមិនអាចធ្វើបាននោះទេ ប្រសិនបើគ្មាន«ការកាត់បន្ថយការបំភាយឧស្ម័នពីចិន»។
លោក Kerry បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងសៀងហៃ ប្រទេសចិន កាលពីខែមេសាដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ បើទោះជាប្រទេសទាំងពីរមានការល្អក់កករនឹងគ្នាលើបញ្ហាផ្សេងទៀតក៏ដោយ៕