ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​អ៊ីស្រាអែល ស្រប​ពេល​វិបត្តិ​មនុស្សធម៌​កើនឡើង​នៅ​តំបន់ Gaza


ទាហាន​អ៊ីស្រាអែល​បាញ់​ផ្លោង​ទៅកាន់តំបន់ Gazaនៅក្បែរព្រំដែន​ប៉ាឡេស្ទីន​កាលពីថ្ងៃទី​១៧ តុលា ឆ្នាំ២០២៣។
ទាហាន​អ៊ីស្រាអែល​បាញ់​ផ្លោង​ទៅកាន់តំបន់ Gazaនៅក្បែរព្រំដែន​ប៉ាឡេស្ទីន​កាលពីថ្ងៃទី​១៧ តុលា ឆ្នាំ២០២៣។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល​នៅ​ថ្ងៃ​ពុធ​ស្អែក ស្រប​ពេល​ដែល​វិបត្តិ​មនុស្សធម៌​កើនឡើង​នៅ​ក្នុង​តំបន់ Gaza មុន​ពេល​ការ​លុកលុយ​តាម​ផ្លូវ​គោក​របស់​កងទ័ព​អ៊ីស្រាអែល​គ្រោង​ធ្វើ​ឡើង។

អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក John Kirby បាន​ប្រាប់​អ្នក​កាសែត​ថា លោក Biden នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង Tel Aviv នៃ​ប្រទេស​អ៊ីស្រាអែល មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ហ្ស៊កដានី​ដែល​នៅ​ទីនោះ​លោក​នឹង​ជួប​ជាមួយ​នឹង​ព្រះមហាក្សត្រ Abullah ប្រធានាធិបតី​អេហ្ស៊ីប​លោក Abdel Fattah el-Sissi និង​ប្រធានអាជ្ញាធរ​ប៉ាឡេស្ទីន​លោក Mahmoud Abbas។

សេតវិមាន​បាន​លើកឡើង​ថា លោក Biden នឹង​បញ្ជាក់​ជា​ថ្មី​ថា​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ (Hamas) មិន​តំណាង​ឱ្យសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​ក្នុង​ការ​ទទួល​បាន​សេចក្ដី​ថ្លៃថ្នូរ​និង​ភាព​ស្វ័យ​សម្រេច​នោះ​ទេ ហើយ​លោក​នឹង​ពិភាក្សា​អំពី​តម្រូវការ​មនុស្សធម៌​របស់​ជន​ស៊ីវិល​នៅ​ក្នុង​តំបន់ Gaza។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​បន្ទាប់ពី​បាន​ជួប​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu ថា៖ «លោក​ប្រធានាធិបតី [Biden] នឹង​ឮ​ពី​អ៊ីស្រាអែល​អំពី​វិធី​ដែល​អ៊ីស្រាអែល​នឹង​ធ្វើ​ប្រតិបត្តិការ​របស់​ខ្លួន​ដោយ​ធ្វើ​យ៉ាង​ណា​កាត់​បន្ថយ​ជា​អតិបរមា​នូវ​ការ​ស្លាប់​និង​រង​របួស​របស់​ជន​ស៊ីវិល និង​ធ្វើ​យ៉ាង​ណា​ឱ្យ​ជំនួយ​មនុស្ស​ធម៌​បាន​ចូល​ទៅ​ដល់​ដៃ​របស់​ជន​ស៊ីវិល​នៅ​ក្នុង​តំបន់ Gaza ដោយ​មិន​ឱ្យ​ក្រុម​ហាម៉ាស់​បាន​ទទួល​ប្រយោជន៍​ពី​ជំនួយ​ទាំង​នេះ»។

លោក Blinken ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ពិភាក្សា​របស់​លោក​ជាមួយ​នឹង​លោក Netanyahu ទទួល​បាន​នូវ​ដំណោះស្រាយ​ដែល​អាច​ទៅ​រួច​មួយ​នៅ​ក្នុង​ការ​ធ្វើ​យ៉ាង​ណា​ឱ្យ​ជំនួយ​មនុស្សធម៌​បាន​ទៅ​ដល់​ដៃ​របស់​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​ដែល​ត្រូវ​គេ​ហ៊ុមព័ទ្ធ​នៅ​ក្នុង​តំបន់ Gaza។

លោក Blinken បាន​បន្ថែម​ថា វា​ជា​ការ​សំខាន់​ដែល​ជំនួយ​អាច​ចាប់ផ្ដើម​ហូរ​ចូល​ទៅ​ក្នុង​តំបន់ Gaza ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន ប៉ុន្តែ​លោក​បាន​បង្ហាញ​ក្ដី​បារម្ភ​ថា​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​ប្រហែល​ជា​ព្យាយាម​ដណ្ដើម​ជំនួយ​ទាំង​នេះ​ឬ​ក៏​បង្អាក់​ដល់​ការ​ចែកចាយ​ជំនួយ​ទាំង​នេះ។

ព្រះមហាក្សត្រ Abdullah បាន​ព្រមាន​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការ​រុញ​ឱ្យ​ជន​ភៀស​ខ្លួន​ប៉ាឡេស្ទីន​ចូល​ទៅ​ក្នុង​ប្រទេស​ហ្ស៊កដានី​ឬ​ក៏​អេហ្ស៊ីប​មិន​មែន​ជា​ជម្រើស​ទេ។ ស្រប​ពេល​នោះ​ដែរ ព្រះអង្គ​បាន​អំពាវនាវ​ឱ្យ​ធ្វើ​អ្វីៗ​ទាំង​អស់​ដែល​ចាំបាច់​ដើម្បី​បង្ការ​កុំ​ឱ្យ​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​នេះ​រីក​សាយភាយ​បន្ថែម​ទៀត។

អ្នកស្រី Juliette Touma អ្នក​នាំ​ពាក្យ​ទីភ្នាក់ងារ​ជំនួយ​និង​កិច្ចការ​អង្គការ​សហប្រជាជាតិ​សម្រាប់​ជន​ភៀសខ្លួន​ប៉ាឡេស្ទីន​នៅ​តំបន់​មជ្ឈិម​បូព៌ា (UNRWA) បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា​មិន​មាន​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​ភាគ​ច្រើន​បំផុត​នៅ​ក្នុង​តំបន់ Gaza នោះ​ទេ។

អ្នកស្រី Touma បាន​និយាយ​ថា ជនជាតិ​ប៉ាឡេស្ទីន​ប្រហែល​មួយ​លាន​នាក់​បាន​រត់​ភៀស​ខ្លួន​ទៅ​កាន់​ភាគ​ខាង​ត្បូង​នៃ​តំបន់ Gaza ហើយ​ពួកគេ​ជិត ៤០០.០០០ នាក់​កំពុង​ជ្រក​កោន​ភាគ​ច្រើន​នៅ​តាម​សាលារៀន​របស់​ទីភ្នាក់ងារ UNRWA៕

XS
SM
MD
LG