ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ប៉ាឡេស្ទីន​នៅ​តំបន់ Gaza ប្រឈម​នឹង​វិបត្តិ​មនុស្ស​ធម៌ ស្រប​ពេល​អ៊ីស្រាអែល​ត្រៀម​វាយ​ប្រហារ


បុរសចាស់ជរាប៉ាឡេស្ទីនម្នាក់ដើរកាត់សំណង់អគារដែលរងការបំផ្លិចបំផ្លាញដោយសារការបាញ់គ្រាប់ផ្ទុះពីសំណាក់កងកម្លាំងយោធាអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា កាលពីថ្ងៃទី ១៩ ខែឧសភា ២០២១។
បុរសចាស់ជរាប៉ាឡេស្ទីនម្នាក់ដើរកាត់សំណង់អគារដែលរងការបំផ្លិចបំផ្លាញដោយសារការបាញ់គ្រាប់ផ្ទុះពីសំណាក់កងកម្លាំងយោធាអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា កាលពីថ្ងៃទី ១៩ ខែឧសភា ២០២១។

សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ព្រំដែន​រវាង​តំបន់ Gaza និង​ប្រទេស​អេហ្ស៊ីប​នឹង​បើក​ឡើង​វិញ ប៉ុន្តែ​ពេល​វេលា​នៃ​ការ​បើក​ឡើង​វិញ​នេះ​នៅ​មិន​ច្បាស់​នៅ​ឡើយ​ដោយសារ​តែ​អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​អំពី​ស្ថានភាព​មនុស្សធម៌​បន្ទាន់​ធ្ងន់ធ្ងរ​នៅ​ក្នុង​តំបន់ Gaza ហើយ​ប្រទេស​អ៊ីស្រាអែល​បាន​ប្រាប់​ពលរដ្ឋ​ប៉ាឡេស្ទីន​ដែល​រស់នៅ​ផ្នែក​ខាង​ជើង​នៃ​តំបន់​នេះ​ឱ្យ​ចាកចេញ​មុន​ពេល​ខ្លួន​ធ្វើ​ប្រតិបត្តិការ​យោធា។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ដែល​គ្រោង​នឹង​ត្រឡប់​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល​វិញ​នៅ​ថ្ងៃ​ចន្ទ​នេះ​បន្ទាប់ពី​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត​ជា​ច្រើន​នៅ​ក្នុង​តំបន់ បាន​និយាយ​ថា​ សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​ជាមួយ​នឹង​ប្រទេស​អេហ្ស៊ីប អ៊ីស្រាអែល និង​អង្គការ​សហប្រជាជាតិ​ដើម្បី​ធានា​ធ្វើ​យ៉ាង​ណា​ឱ្យ​ជំនួយ​អាច​ចូល​ទៅ​ដល់​តំបន់ Gaza និង​បាន​ទៅ​ដល់​ដៃ​របស់​អ្នក​ដែល​ត្រូវការ​ជំនួយ​ទាំង​នេះ។

លោក Blinken បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ X ថា៖ «ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អ៊ីស្រាអែល ហ្ស៊កដានី បារ៉ែន កាតា អេមីរ៉ាត​អារ៉ាប់​រួម អារ៉ាប៊ីសាអូឌីត និង​អេហ្ស៊ីប។ អ្វី​ដែល​ខ្ញុំ​បាន​ឮ​ពី​គ្រប់​ដៃគូ​ទាំង​អស់​គឺ​ទស្សនៈ​រួម​មួយ​នៅ​ក្នុង​ការ​បង្ការ​ជម្លោះ​នេះ​មិន​ឱ្យ​រីក​សាយភាយ ការពារ​ជីវិត​ជន​ស្លូតត្រង់ និង​បញ្ជូន​ជំនួយ​ទៅ​កាន់​អ្នក​ដែល​ត្រូវការ​ជំនួយ​ទាំង​នេះ​នៅ​ក្នុង​តំបន់ Gaza»។

ខុទ្ទកាល័យ​របស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា មិន​មាន​កិច្ច​ព្រមព្រៀង​ដែល​មាន​ស្រាប់​ណា​មួយ​សម្រាប់​បទ​ឈប់​បាញ់​គ្នា​ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ការ​បញ្ជូន​ជំនួយ​ទៅ​កាន់​តំបន់ Gaza និង​សម្រាប់​ជន​បរទេស​ចាកចេញ​នោះ​ទេ។

ប្រធាន​ទីភ្នាក់ងារ​ជន​ភៀសខ្លួន​ប៉ាឡេស្ទីន​នៃ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា តំបន់ Gaza «កំពុង​ត្រូវ​បាន​គេ​ច្របាច់​ក​ឱ្យ​ស្លាប់» និង​ថា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​គ្រឿង​ផ្គត់ផ្គង់​នានា​ដូចជា​ទឹក ស្បៀង​អាហារ និង​ថ្នាំ​ពេទ្យ​នឹង​អស់។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​អំពាវនាវ​ដល់​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ (Hamas) ដែល​បាន​វាយ​ប្រហារ​លើ​ប្រទេស​អ៊ីស្រាអែល​និង​ចាប់​ខ្លួន​មនុស្ស​ជាង ១៥០ នាក់​ធ្វើ​ជា​ចំណាប់​ខ្មាំង ឱ្យ​ដោះលែង​ចំណាប់​ខ្មាំង​ទាំង​នោះ​ជា​បន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ។ លោក​ក៏​បាន​ជំរុញ​ផង​ដែរ​ឱ្យ​អ៊ីស្រាអែល​អនុញ្ញាត​ឱ្យ​មាន​ការ​បញ្ជូន​ជំនួយ​និង​បុគ្គលិក​មនុស្សធម៌​ចូល​ទៅ​កាន់​តំបន់ Gaza ដោយ​គ្មាន​ការ​រារាំង។

លោក Netanyahu បាន​សន្យា​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ការ «កម្ទេច​ក្រុម​ហាម៉ាស់» ស្រប​ពេល​ដែល​ទាហាន​អ៊ីស្រាអែល ៣០០.០០០ នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ព្រំដែន​ជាប់​តំបន់ Gaza មុន​ពេល​ធ្វើ​ប្រតិបត្តិការ​តាម​ផ្លូវ​គោក​ដែល​គ្រោង​ទុក​មួយ​ដើម្បី​ស្វែងរក​និង​វាយ​ប្រហារ​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់។

បន្ទាប់ពី​មាន​ការ​វាយ​ប្រហារ​ឆ្លង​ព្រំដែន​ជា​ច្រើន​លើក​នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីស្រាអែល​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ Hezbollah នៅ​ក្នុង​ប្រទេស​លីបង់​មក អ៊ីស្រាអែល​បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​អំពី​ការ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ភូមិ​ចំនួន ២៨ នៅ​ក្នុង​រង្វង់ ២ គីឡូម៉ែត្រ​ពី​ព្រំដែន៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

XS
SM
MD
LG