ឯកអគ្គរដ្ឋទូតអ៊ីសា្រអែលប្រចាំកូរ៉េខាងត្បូងជឿថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីនបានប្រើប្រាស់អាវុធកូរ៉េខាងជើង ក្នុងការវាយប្រហារទៅលើប្រទេសអ៊ីស្រាអែល ថ្វីបើរដ្ឋាភិបាលកូរ៉េខាងជើង បានបដិសេធលើការចោទប្រកាន់នានាដែលត្រូវបានបង្ហោះលើប្រព័ន្ធអនឡាញថាគ្មានមូលដ្ឋានត្រឹមត្រូវ។
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ដែលកំពុងបម្រើការងារក្នុងប្រទេសកូរ៉េខាងត្បូងតាំងពីឆ្នាំ២០២០ លោក Akiva Tor បានប្រាប់វីអូអេភាសាកូរ៉េតាមទូរសព្ទពីរដ្ឋធានីសេអ៊ូលកាលពីថ្ងៃសៅរ៍ថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់ បានប្រើប្រាស់អាវុធដែលផលិតដោយប្រទេសកូរ៉េខាងជើង។
លោកថែ្លងថា៖ «តំបន់ហ្កាហ្សា ដែលជាកន្លែងវាយប្រហារមកលើយើង ពួកគេបានប្រើប្រាស់អាវុធរបស់កូរ៉េខាងជើង។ វាអាចថាអាវុធទាំងនេះស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់អស់ពេលជាយូរមកហើយ»។
ចាប់តាំងពីក្រុមហាម៉ាស់វាយប្រហារអ៊ីស្រអែលកាលពីថ្ងៃទី៧ ខែតុលាមក រូបថតនៃកាំភ្លើងរ៉ុក្កែតបាញ់លើស្មាប្រភេទ F-7 ដែលប្រើជាមួយគ្រាប់បែក ហើយដែលត្រូវបានអះអាងថាផលិតនៅកូរ៉េខាងជើងនោះ ត្រូវបានចែកចាយនៅលើបណ្តាញសង្គម X ដែលគេធ្លាប់ហៅថាជា Twitter នោះ។
លោក Bruce Bechtol អតីតមន្ត្រីចារកម្មអាមេរិកមួយរូបនៃទីភ្នាក់ងារស៊ើបការណ៍ការពារជាតិអាមេរិក បានប្រាប់វីអូអេភាសារកូរ៉េថា សម្រាប់រូបលោក កាំភ្លើងម៉ាក F-7 ក្នុងរូបថតដែលបានផ្សព្វផ្សាយនោះមើលទៅដូចជាអាវុធដែលមានប្រភពដើមផលិតនៅកូរ៉េខាងជើងដូចនេះមែន។
ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃសុក្រ បានបដិសេធតាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មានមជ្ឈិមរដ្ឋកូរ៉េ KCNA ថា ក្រុមហាម៉ាស់មិនបានប្រើប្រាស់អាវុធរបស់ខ្លួន ដើម្បីវាយប្រហារលើអ៊ីស្រាអែលនោះទេ។
ទីភ្នាក់ងារ KCNA របស់កូរ៉េខាងជើងនេះផ្សាយទៀតថា សហរដ្ឋអាមេរិក កំពុងចែកចាយ«ព័ត៌មានចចាមអារ៉ាមគ្មានការពិតនិងគ្មានមូលដ្ឋានត្រឹមត្រូវ» ដែលថាអាវុធរបស់កូរ៉េខាងជើងត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារ ដែលជាលេសមួយ ដើម្បីបង្វែរការស្តីបន្ទោសលើវិបត្តិនៅមជ្ឈិមបូព៌ា ដែលបង្កឡើងដោយនយោបាយអនុត្តរភាពខុសឆ្គងរបស់ខ្លួន ទៅលើប្រទេសទី៣មួយ៕