ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នឹង​ប្រើ​កិច្ចប្រជុំ​​អង្គការ​សហ​ប្រជាជាតិ​​ជំរុញ​ពហុភាគី​និយម និង​សកល​និយម


លោក​ប្រធានាធិបតី Joe Biden ជួប​ជាមួយ​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក Antonio Guterres (មិន​មាន​នៅ​ក្នុង​រូប​នេះ) នៅ​សណ្ឋាគារ Intercontinental Barclay ក្នុង​អំឡុង​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ នៅ​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅ​ទីក្រុង​ញូវយ៉ក។
លោក​ប្រធានាធិបតី Joe Biden ជួប​ជាមួយ​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក Antonio Guterres (មិន​មាន​នៅ​ក្នុង​រូប​នេះ) នៅ​សណ្ឋាគារ Intercontinental Barclay ក្នុង​អំឡុង​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ នៅ​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅ​ទីក្រុង​ញូវយ៉ក។

នៅ​ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ​ ​នៅ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ​ លោក​ប្រធានាធិបតី ​Joe Biden ​នឹង​ជំរុញ​ទស្សនៈ​ពហុភាគី​និយម​ និងពិភពលោក​និយម​ដែល​ផ្តោត​លើ​ការទូត។ នេះ​បើ​យោង​តាម​មន្រ្តី​រដ្ឋបាល​របស់​លោក។​ ​

មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​ក្នុង​រដ្ឋបាល​លោក​ Biden ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ ​«វា​ជា​សប្តាហ៍​ដ៏​សំខាន់​និង​ចាំបាច់​សម្រាប់​លោក​ប្រធានាធិបតី​ Biden ​និង​ថ្នាក់​ដឹកនាំ​របស់​លោក​នៅ​លើ​ឆាក​ពិភពលោក ​និង​ជំរុញ​ទៅ​មុខ​នូវ​អាទិភាព​សំខាន់ៗ​មួយ​ចំនួន​សម្រាប់​សន្តិសុខ​ជាតិ​អាមេរិក​ និង​សន្តិភាព​ និង​វិបុល​ភាព​កាន់​តែ​ទូលំ​ទូលាយ​របស់​ពិភពលោក»។

ជំហរ​នោះ​ គឺ​ទាក់ទង​ផ្ទាល់​នឹង​មនោគមន៍​វិជ្ជា​«អាមេរិក​ជាអាទិភាព»​ របស់​ប្រធានាធិបតី​មុន​លោក​គឺ​លោក​ Donald Trump។​

ព្រឹត្តិ​ការណ៍​ប្រចាំ​ឆ្នាំ​នេះ​ គឺ​ជា​ឱកាស​សម្រាប់​ជំនួប​រវាង​ប្រទេស​ជា​សមាជិក​ចំនួន​១៩៣​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​សំខាន់ៗ​ក្នុង​តំបន់ ​និង​ក្នុង​ពិភពលោក។​

លោក​ Biden​ បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ញូវយ៉ក ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​សម្រាប់​កិច្ច​ប្រជុំ​ដោយ​ផ្ទាល់​ជា​មួយ​ប្រមុខ​រដ្ឋ​ប្រហែល​១០០​នាក់​ នៅ​ទីស្នាក់​ការ​កណ្តាល​របស់​អង្គការ​សហ​ប្រជាជាតិ។ ​បន្ទាប់​ពី​សុន្ទរកថា​របស់​លោក​នៅ​ថ្ងៃ​អង្គារ ​លោក​មាន​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​នៅទី​ក្រុង​ញូវយ៉ក​ជា​មួយ​នាយក​រដ្ឋមន្រ្តី​អូស្រ្តាលី​លោក ​Scott Morrison​ ហើយ​ក្រោយ​មក​នៅ​ថ្ងៃ​ដដែល​នោះ​ លោក​នឹង​ទទួល​ពិភាក្សា​ជា​មួយ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ លោក ​Boris Johnson​ នៅ​ឯ​សេតវិមាន។​

កាល​ពី​សប្តាហ៍​មុន​ប្រទេស​ទាំង​បី​ បាន​ប្រកាស​កិច្ច​ព្រមព្រៀង​សន្តិសុខ​មួយ​ដែល​នឹង​ផ្តល់​បច្ចេកវិទ្យា​អាមេរិក​សម្រាប់​នាវា​មុជ​ទឹក​ប្រើ​ថាមពល​នុយក្លេអ៊ែរ​ និង​ជំនាញ​ជើង​ទឹក​អង់គ្លេស​ដល់​ប្រទេស​អូស្ត្រាលី​ដើម្បី​ជួយ​ប្រទេស​នេះប្រឆាំង​ការ​គំរាម​កំហែង​នៅ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ​ អ្នកវិភាគ​យល់​ឃើញ​យ៉ាង​ទូលំ​ទូលាយ​ថា​ ចំណាត់​ការ​នេះ​ជា​ការ​ប៉ុនប៉ង​ប្រឆាំង​ឥទ្ធិពល​ចិន​ដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​តំបន់។

នៅ​អង្គការ​សហ​ប្រជាជាតិ ​លោក​ Biden​ ក៏​នឹង​ថ្លែង​អំពី​ការ​សម្រេច​ចិត្ត​ដ៏​ចម្រូងចម្រាស​របស់​លោក​ក្នុង​ការ​ដក​កងទ័ព​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ ដែល​លោក​បាន​និយាយ​ថា​ ជា​ផ្នែកមួយ​នៃ​ការ​ផ្តោត​អារម្មណ៍​របស់​រដ្ឋបាល​លោក​ទៅ​លើ​សត្រូវ​ពិតប្រាកដ​គឺ​ប្រទេស​ចិន។ ​ កាល​ពី​ថ្ងៃអាទិត្យ​ អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក ​Antonio Guterres​ បាន​ទទូច​ឲ្យ​សហ​រដ្ឋ​អាមេរិក​ និង​ប្រទេស​ចិន​បញ្ចៀស​នូវ​អ្វី​ដែល​លោក​ថា ​អាច​មាន​សង្រ្គាម​ត្រជាក់​ជា​សក្តានុពល ហើយ​លោក​បាន​អង្វរ​ឲ្យ​ប្រទេស​ទាំង​ពីរ​ជួសជុល​ទំនាក់​ទំនង​ដែល​ «មិន​ចុះសម្រុង​គ្នាទាំងស្រុង»៕​

លោក Chris Hannas ​និង​អ្នកស្រី Margaret Besheer នៅ​អ.ស.ប. ​រួមចំណែក​ក្នុង​សេចក្តី​រាយការណ៍​នេះ។

XS
SM
MD
LG