ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងផ្តោតលើគោលនយោបាយការបរទេសរបស់លោកនៅក្នុងសុន្ទរកថាដ៏សំខាន់លើកទី១ របស់លោក នៅឯក្រសួងការបរទេសអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ។
ខណៈដែលសុន្ទរកថារបស់លោកមិនអាចបញ្ជាក់ចំណុចសំខាន់ៗពីវិធីដោះស្រាយថ្មីរបស់សហរដ្ឋអាមេរិកដល់គូសត្រូវបរទេស រួមមានប្រទេសចិន កូរ៉េខាងជើង រុស្ស៊ី និងអ៊ីរ៉ង់ លោកប្រធានាធិបតី Biden ត្រូវគេរំពឹងថា នឹងដាក់ចេញនូវទស្សនៈរបស់លោក ដើម្បីបង្កើនការទាក់ទងរបស់លោកជាមួយសម្ព័ន្ធមិត្ត ដើម្បីប្រឈមបញ្ហាលំបាករួមសាកលលោក។
លោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមាន បាននិយាយក្នុងអំឡុងពេលនៃសន្និសីទកាសែតកាលពីថ្ងៃពុធថា លោកប្រធានាធិបតី Biden នឹងថ្លែងយ៉ាងទូលំទូលាយ ក៏ប៉ុន្តែមិនផ្តល់ភាពជាក់លាក់លើគោលនយោបាយការបរទេសទេ។ លោកស្រី Psaki បាននិយាយទៀតថា លោកប្រធានាធិបតីជឿថា សហរដ្ឋអាមេរិកត្រូវតែធ្វើការជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត លើបញ្ហាប្រទេសចិន។
លោកស្រី Psaki បានថ្លែងថា៖ «យើងចាំបាច់ធ្វើការជាមួយដៃគូរបស់យើង ដើម្បីសម្របថាតើយើងនឹងចាប់ផ្តើមទំនាក់ទំនងរបស់យើងជាមួយចិនយ៉ាងដូចម្តេច ដែលទំនាក់ទំនងនេះចេញពីតួនាទីនៃកម្លាំង។ មានសមាសភាពសំខាន់ៗនៃទំនាក់ទំនងនេះមានសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រ»។
នៅក្នុងការឆ្លើយតបសំណួរពី VOA រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានប្រាប់ពួកអ្នកយកព័ត៌មានកាលពីសប្តាហ៍មុនថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន ជា«ទំនាក់ទំនងដ៏សំខាន់បំផុតមួយ ដែលយើងមាននៅលើពិភពលោកតទៅមុខទៀត»៕