ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់នៅថ្ងៃសុក្រខាងមុខនេះដែលជាដំណើរទស្សនកិច្ចចុងក្រោយទៅកាន់សម្ពន្ធមិត្តអូតង់ ដោយការគាំទ្រអ៊ុយក្រែនពីប្រទេសលោកខាងលិចនឹងស្ថិតនៅលើរបៀបវារៈនៅឯការចរចាជាមួយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោកប្រធានាធិបតី Biden កាលពីដំបូងមានកំណត់ពេលស្ថិតនៅក្នុងប្រទេសអាល្លឺ ម៉ង់កាលពីសប្តាហ៍មុនដែលជាដំណើរទស្សនកិច្ចមួយមានរយៈពេលច្រើនថ្ងៃដែលនឹងរួមបញ្ចូលទាំងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ផងដែរ។
មេដឹកនាំទាំង២មានគម្រោងផ្លាស់ប្តូរពាក្យសម្តីនៅឯមូលដ្ឋានទ័ពអាកាសសហរដ្ឋអាមេរិកក្នុងទីក្រុង Ramstein ភាគខាងលិចប្រទេសអាល្លឺម៉ង់ក្នុងអំឡុងនៃជំនួបមួយរបស់ពួកអ្នកគាំទ្រប្រទេសអ៊ុយក្រែនជាទីកន្លែងដែលពួកគេត្រូវបានគេរំពឹងនឹងពិភាក្សាការបន្តការគាំទ្ររដ្ឋាភិបាលក្រុងកៀវនៅពេលដែលខ្លួនស្វែងរកការបញ្ឈប់កងកម្លាំងរុស្ស៊ី។
គម្រោងទស្សនកិច្ចនេះបានត្រូវពន្យាពេលនៅពេលព្យុះកំបុតត្បូង Milton បានបោកបក់នៅរដ្ឋ Florida ជាទីកន្លែងដែលព្យុះបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏១៦នាក់ហើយបានបណ្តាលឱ្យខូចខាតដែលមានទឹកប្រាក់ប្រមាណ៥០ពាន់លានដុល្លារ។
លោក Scholz បាននិយាយកាលពីថ្ងៃពុធនៅក្នុងសភាថាលោក Biden ជាមិត្តភ័ក្ត្រដ៏ល្អមួយដល់ប្រទេសអាល្លឺម៉ង់ហើយបានឃើញ«ការប្រសើឡើងមិនគួរឱ្យជឿនៅក្នុងកិច្ចសហប្រតិបត្តិការក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ»។
លោក Scholz បាននិយាយទៀតថា«យើងមានការពិភាក្សាដ៏ច្រើនអំពីវិបត្តិនិងបញ្ហាប្រឈមធំៗដែលយើងកំពុងប្រឈម»៕
វេទិកាបញ្ចេញមតិ