ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ប្រាប់​អាស៊ាន​ថា អាមេរិក​បារម្ភ​អំពី​សកម្មភាព «គ្រោះថ្នាក់» របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង


រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken បាន​មកដល់​ទីក្រុងកៀវប្រទេស​អ៊ុយក្រែន​កាលពីថ្ងៃទី​១១ កញ្ញា ឆ្នាំ២០២៤។
រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken បាន​មកដល់​ទីក្រុងកៀវប្រទេស​អ៊ុយក្រែន​កាលពីថ្ងៃទី​១១ កញ្ញា ឆ្នាំ២០២៤។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken បាន​ប្រាប់​ក្រុម​មេដឹកនាំ​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​កាលពី​ថ្ងៃ​សុក្រ​ថា សហរដ្ឋ​អាមេរិក​បារម្ភ​អំពី​សកម្មភាព «ខុសច្បាប់​និង​កាន់តែ​គ្រោះថ្នាក់» របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​មាន​ជម្លោះ។ លោក​ថ្លែង​ដូច្នេះ​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​របស់​អាស៊ាន (ASEAN) ក្នុង​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

លោក Blinken ក៏​បាន​ប្តេជ្ញា​ផងដែរ​ថា សហរដ្ឋ​អាមេរិក​នឹង​បន្ត​ប្រកាន់ខ្ជាប់​នូវ​សេរីភាព​នាវាចរណ៍​នៅ​តាម​ផ្លូវ​ពាណិជ្ជកម្ម​សមុទ្រ​ដ៏​សំខាន់​មួយ​នេះ។

កិច្ចប្រជុំ​របស់​មេដឹកនាំ​ប្រទេស​ទាំង ១០ ដែល​ជា​សមាជិក​សមាគម​អាស៊ាន​ជាមួយ​លោកBlinken នេះ​បាន​ធ្វើឡើង​ក្រោយពី​មាន​ការ​ប្រឈមមុខ​ដាក់គ្នា​ដ៏​ហិង្សា​ជា​បន្តបន្ទាប់​នៅ​ឯ​សមុទ្រ​រវាង​ប្រទេស​ចិន​និង​សមាជិក​ពីរ​របស់​អាស៊ាន​គឺ​វៀតណាម​និង​ហ្វីលីពីន។ ការ​ប្រឈមមុខ​ដាក់គ្នា​នេះ​បាន​ធ្វើឱ្យ​មាន​កង្វល់​កាន់តែ​ខ្លាំង​ឡើង​ថា​សកម្មភាព​កាន់តែ​ច្រឡោងខាម​របស់​ចិន​ក្នុង​ដែន​ទឹក​នេះ​អាច​រាលដាល​ទៅជា​ជម្លោះ​ពេញ​ទំហឹង។

ចិន ដែល​ទាមទារ​ដែន​សមុទ្រ​ស្ទើរតែ​ទាំងមូល បាន​ទាមទារ​ត្រួតគ្នា​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​ដូចជា​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ព្រុយណេ ព្រមទាំង​តៃវ៉ាន់​ដែល​មិនមែន​ជា​សមាជិក​អាស៊ាន​ផងដែរ។

លោក Blinken ដែល​ទៅ​ជំនួស​ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​ថ្លែង​ក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន​ថា៖ «យើង​បារម្ភ​ខ្លាំងណាស់​អំពី​សកម្មភាព​ខុសច្បាប់​និង​កាន់តែ​គ្រោះថ្នាក់​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​បាន​បង្ក​របួសស្នាម​លើ​មនុស្ស បង្ក​ការ​ខូចខាត​លើ​នាវា​របស់​ប្រទេស​អាស៊ាន ហើយ​ធ្វើ​ផ្ទុយ​ពី​ការ​ប្តេជ្ញាចិត្ត​ចំពោះ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី»។

លោក​ថ្លែង​បន្ត​ទៀត​ថា៖ «សហរដ្ឋ​អាមេរិក​នឹង​បន្ត​គាំទ្រ​សេរីភាព​នាវាចរណ៍​និង​សេរីភាព​ហោះហើរ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក»។

សហរដ្ឋ​អាមេរិក​មិនមែន​ជា​ភាគី​ទាមទារ​កម្មសិទ្ធិ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ទេ តែ​បាន​ដាក់​ពង្រាយ​នាវា​កងទ័ព​ជើងទឹក​និង​យន្តហោះ​ចម្បាំង​ដើម្បី​ល្បាត​ដែន​ទឹក​នៅ​ទីនោះ​ដើម្បី​តតាំង​នឹង​ការ​ទាមទារ​របស់​ចិន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG