ដោយនៅសល់រយៈពេលមិនដល់មួយសប្ដាហ៍ផងមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីនៅសហរដ្ឋអាមេរិកចូលមកដល់ អត្រាគាំទ្រលោកប្រធានាធិបតី Joe Biden បានកើនឡើងជាងមុនបន្តិច។ នេះបើយោងតាមការស្ទង់មតិរបស់ Reuters/Ipsos ដែលបានបញ្ចប់រួចរាល់កាលពីថ្ងៃអង្គារ។
ការស្ទង់មតិថ្នាក់ជាតិរយៈពេល ២ ថ្ងៃនេះបានរកឃើញថា ពលរដ្ឋអាមេរិកាំង ៤០% ពេញចិត្តចំពោះការដឹកនាំរបស់លោក Biden ដែលនេះគឺជាការកើនឡើងចំនួន ១% បើប្រៀបជាមួយនឹងសប្ដាហ៍មុន។
បើទោះបីជាមានការកើនឡើងបន្តិចដូច្នេះក៏ដោយ គេឃើញថា អត្រាគាំទ្រការដឹកនាំរបស់លោក Biden នៅតែស្ថិតនៅក្បែរកម្រិតទាបបំផុត ហើយករណីនេះបានធ្វើឱ្យគេរំពឹងថាគណបក្សសាធារណរដ្ឋនឹងឈ្នះបានគ្រប់គ្រងរដ្ឋសភានិងអាចបានគ្រប់គ្រងព្រឹទ្ធសភាថែមទៀតផងនៅក្នុងការបោះឆ្នោតថ្ងៃទី៨ ខែវិច្ឆិកាខាងមុខ។
ការគ្រប់គ្រងណាមួយរបស់គណបក្សសាធារណរដ្ឋមិនថាលើរដ្ឋសភាឬលើព្រឹទ្ធសភានោះទេនឹងធ្វើឱ្យគណបក្សនេះមានអំណាចនៅក្នុងការបង្អាក់ដល់របៀបវារៈរបស់លោក Biden បាន។
នៅក្នុងការស្ទង់មតិរបស់ Reuters/Ipsos លើកនេះ អ្នកចូលរួមនៅក្នុងការស្ទង់មតិប្រហែលមួយភាគបីបានបញ្ជាក់ថា បញ្ហាសេដ្ឋកិច្ចគឺជាបញ្ហាធំជាងគេបង្អស់នៅក្នុងសហរដ្ឋអាមេរិក គឺធំជាងបញ្ហាឧក្រិដ្ឋកម្មនិងបញ្ហាសិទ្ធិរំលូតកូនទៅទៀត។
ការស្ទង់មតិនេះបានធ្វើឡើងលើអ្នកចូលរួមចំនួន ១.០០៤ នាក់នៅទូទាំងសហរដ្ឋអាមេរិក។ ក្នុងចំណោមអ្នកចូលរួមទាំងនោះ ៤៥៥ នាក់គឺជាអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ និង ៣៥៥ នាក់គឺជាអ្នកគាំទ្រគណបក្សសាធារណរដ្ឋ។
បន្ទាប់ពីបានឡើងកាន់អំណាចកាលពីខែមករា ឆ្នាំ ២០២១ នៅចំពេលដែលការរាតត្បាតជំងឺកូវីដ១៩ នៅកំពុងបន្តមក អាណត្តិរបស់លោក Biden ប្រឈមនឹងបញ្ហាសេដ្ឋកិច្ចដែលបណ្ដាលមកពីវិបត្តិជំងឺកូវីដ១៩នៅលើពិភពលោក ដែលក្នុងនោះរួមមានទាំងបញ្ហាអតិផរណាខ្ពស់ផងដែរ។
នៅក្នុងឆ្នាំនេះ អត្រាគាំទ្រទាបបំផុតរបស់លោក Biden គឺមានចំនួន ៣៦% នៅក្នុងខែឧសភានិងខែមិថុនា៕
ការស្ទង់មតិ៖ អត្រាគាំទ្រលោក Biden កើនឡើងបន្តិចមុនការបោះឆ្នោតចូលមកដល់នៅសប្ដាហ៍ក្រោយ
- Reuters
វ៉ាស៊ីនតោន —