ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងធ្វើជំនួបតាមអនឡាញលើកទី១ជាមួយមេដឹកនាំពីក្រុមប្រទេសមានការអភិវឌ្ឍជាងគេចំនួន៧ ឬហៅថា G7 នៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីពិភាក្សាបញ្ហាការរាតត្បាតនៃជំងឺកូវីដ១៩ សេដ្ឋកិច្ចពិភពលោក និងរបៀបទាក់ទងជាក្រុមជាមួយប្រទេសចិន។ នេះបើតាមការប្រកាសរបស់សេតវិមាន។
សេតវិមានបានបញ្ជាក់ថា៖ «ការទាក់ទងតាមអនឡាញជាមួយមេដឹកនាំរបស់ប្រទេសទីផ្សារសេដ្ឋកិច្ចសេរីតាមប្រជាធិបតេយ្យនាំមុខរបស់ពិភពលោកនឹងផ្តល់ឱកាសដល់លោកប្រធានាធិបតី Biden ដើម្បីពិភាក្សាផែនការដើម្បីកម្ចាត់ជំងឺកូវីដ១៩ ហើយនឹងស្ថាបនាសេដ្ឋកិច្ចសាកលលោកឡើងវិញ»។
លោក Biden ដែលបានកាន់អំណាចបន្តពីអតីតប្រធានាធិបតីលោក Donald Trump នៅថ្ងៃទី២០ ខែមករានោះ បានព្យាយាមបង្ហាញសារថា សហរដ្ឋអាមេរិកទាក់ទងឡើងវិញជាមួយពិភពលោក និងស្ថាប័នសាកលនានា បន្ទាប់ពីគោលនយោបាយ «គិតប្រទេសអាមេរិកមុន» ឬ America First របស់លោក Trump អស់រយៈពេល៤ឆ្នាំមក។
លោក Trump បានដកប្រទេសអាមេរិកចេញពីអង្គការសុខភាពពិភពលោក និងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ហើយភាគច្រើនបានចំអកមើលងាយអង្គការពិភពលោកទាំងនោះ។
លោកប្រធានាធិបតី Bidenបាននាំសហរដ្ឋអាមេរិកចូលក្នុងអង្គការ WHO និងកិច្ចព្រមព្រៀងក្រុងប៉ារីសឡើងវិញ និងបង្ហាញពីការចង់ធ្វើការជាមួយសម្ព័ន្ធមិត្តឡើងវិញ ដើម្បីតតាំងជាមួយប្រទេសចិនលើបញ្ហាសំខាន់ៗជាច្រើន៕