ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Biden ​នឹង​ប្រកាស​កញ្ចប់​ជំនួយ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា


ប្រធានាធិបតីសហរដ្ឋអាមេរិកជាប់ឆ្នោតលោក Joe Biden ថ្លែងសុន្ទរកថានៅមហោស្រព Queen ក្នុងទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។
ប្រធានាធិបតីសហរដ្ឋអាមេរិកជាប់ឆ្នោតលោក Joe Biden ថ្លែងសុន្ទរកថានៅមហោស្រព Queen ក្នុងទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក​ថ្មីលោក Joe Biden​ ត្រៀម​ខ្លួន​នឹង​ប្រកាស​បង្ហាញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ពី​ផែន​ការ​ឆ្លើយ​តបចំពោះ​វីរុស​កូរ៉ូណា ​ដែល​រួម​មាន​ការបង្កើនអត្រា​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ និង​ការទប់​ទល់ផល​ប៉ះ​ពាល់​ផ្នែក​សេដ្ឋ​កិច្ច​ ដោយ​សារ​ការឆ្លង​រាត​ត្បាត​នៃ​ជំងឺ​នេះ​ផង​ដែរ។​

លោក Biden គ្រោង​នឹងបង្ហាញ​ពី​កម្មវិធី​លម្អិត​ជុំវិញបញ្ហា​នេះ ​នៅ​ក្នុង​សុន្ទរកថារបស់​លោក​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍។ លោក​បាន​ដាក់​ចេញ​នូវ​ផែនការ​រួច​ហើយ ​ពី​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ដល់​ពលរដ្ឋ​អាមេរិក​ឲ្យ​បាន​ ១០០ លាន​ម្ជុល​ ក្នុង​រយៈ​ពេល ​១០០ ​ថ្ងៃ​ដំ​បូង ​ក្រោយ​ការ​ចូល​កាន់​តំណែង​របស់​លោក ដែល​នឹង​ប្រព្រឹត្តទៅ​ នៅថ្ងៃ​ទី​២០​ ខែមករា​ខាង​មុខ​នេះ​។ ហើយ​គម្រោង​របស់​លោក​ ក៏​រួម​មាន​បញ្ជូល​ផង​ដែរ​ នូវការ​ផ្តល់​ថវិកា​ដើម្បី​ពង្រីក​យុទ្ធនាការ​ចាក់​វ៉ាក់សាំងនោះ។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​អនុញ្ញាត​យល់​ព្រមដល់​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់ក្នុង​គ្រាសង្គ្រោះ​បន្ទាន់​នូវ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ចំនួន​ពី​រប្រភេទ​។​ វ៉ាក់សាំង​ទាំង​ពីរ​ប្រភេទ​នោះ តម្រូវ​ឲ្យ​មាន​ការចាក់​ចំនួន​ ២ ដង។ ​រហូត​មក​ដល់​ពេល​នេះ​ ​ពលរដ្ឋ​អាមេរិក​ប្រមាណ​ជាង​ ១០ ​លាន​នាក់​ ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង ​១ ដូស​ដំបូង។

ទន្ទឹម​នឹង​នេះ​ លោក Biden ក៏​គ្រោងនឹង​ដាក់​បញ្ចូល​ការ​ផ្តល់​ថវិកា​មួយជុំ​ថ្មី​ដោយ​ផ្ទាល់​ដល់​គ្រួសារ​ពលរដ្ឋ​អាមេរិក​កាំង​ផងដែរ​។ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​កញ្ចប់​ថវិកា​ទ្រទ្រង់​ជីវភាព​ពលរដ្ឋ​ ដែល​រងគ្រោះ​ដោយ​វីរុស​កូរ៉ូណា​លើកមុននោះ ត្រូវ​បាន​ផ្អាក​កាល​ពី​ខែ​មុន​ ដោយ​សារ​ពុំមាន​ការ​ឯកភាព​គ្នា​ពី​ចំនួន​ទឹក​ប្រាក់​ទ្រទ្រង់​ជីវភាព​ប៉ុន្មាន​ ដែល​ពលរដ្ឋ​អាមេរិក​គួរ​ត្រូវ​ទទួល​បាន​នោះ។​

​សហរដ្ឋ​អាមេរិក​ មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ ​រហូត​មក​ដល់​ពេល​នេះ មាន​ចំនួន​ប្រមាណ​ ៣ សែន ៨ម៉ឺន ៥ពាន់នាក់។​ ​ក្នុង​រយៈ​ពេល​ជាង​ ២​ ខែ​ចុ​ង​ក្រោយ​នេះ សហរដ្ឋ​អាមេរិក​មាន​អ្នក​ឆ្លង​ដោយ​សារ​ជំងឺ​នេះ​ ហក់ខ្ពស់​ឡើង​ខ្លាំង​បំផុត៕​

XS
SM
MD
LG