ប្រធានាធិបតីជាប់ឆ្នោតអាមេរិកថ្មីលោក Joe Biden បានជ្រើសរើសអ្នកស្រី Samantha Power ដែលជាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ ក្រោមរដ្ឋបាលរបស់លោក Barack Obama ឲ្យធ្វើជាប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ឬហៅកាត់ថា USAID។
ទីភ្នាក់ងារនេះជាអ្នកគ្រប់គ្រងនូវជំនួយអភិវឌ្ឍនិងមនុស្សធម៌បរទេសរបស់សហរដ្ឋអាមេរិក។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
លោក Biden បានប្រកាសពីការតែងតាំងនេះ នៅថ្ងៃពុធមិ្សលមិញ ដោយលោកនិយាយថា លោកបានបង្កើនតួនាទីនេះដល់កម្រិតក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន។
អ្នកស្រី Power ធ្លាប់ធ្វើជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៧។ ហើយប្រសិនបើទទួលបានការយល់ព្រមពីព្រឹទ្ធសភា អ្នកស្រី Power នឹងដឹកនាំទីភ្នាក់ងារ USAID ដែលមានថវិកាប្រចាំឆ្នាំដល់ទៅ ២០ ពាន់លានដុល្លារ ហើយនេះគឺជាសញ្ញាមួយដែលលោក Biden នឹងផ្តល់អាទិភាពក្នុងការផ្តល់ជំនួយជូនដល់ប្រទេសជាច្រើន។
លោក Biden បានថ្លែងថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ នឹងសម្របសម្រួលកិច្ចការអាមេរិកដើម្បីនាំមុខការឆ្លើយតបជាសកល ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ហើយជួយដល់ប្រជាជាតិដែលមានគ្រោះថ្នាក់បំផុត។
លោក Biden បានហៅអ្នកស្រី Samantha Power ថាជាមនុស្សដែលមាន «សំឡេងល្បីល្បាញក្នុងពិភពលោកចំពោះឧត្តមគតិ និងសីលធម៌ភ្លឺថ្លា»។
អ្នកស្រីបានទទួលរង្វាន់ Pulitzer Prize ក្នុងឆ្នាំ ២០០៣ តាមរយៈស្នាដៃសៀវភៅដែលអ្នកស្រីនិពន្ធដែលមានចំណងជើងថា «បញ្ហាដ៏អាក្រក់ខ្លាំងមួយ៖ សហរដ្ឋអាមេរិកនិងយុគ្គសម័យនៃអំពើប្រល័យពូជសាន៍» ឬ (A Problem from Hell: America and the Age of Genocide)។ សៀវភៅនេះនិយាយរៀបរាប់ពីគោលនយោបាយការបរទេសអាមេរិក ក្នុងការឆ្លើយតបចំពោះអំពើប្រល័យពូជសាសន៍នោះ៕