ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ត្រូវគេរំពឹងថានឹងថ្លែងអំពីគោលបំណងរបស់លោកនៅក្នុងការប្រឡូកជាមួយប្រទេសផ្សេងៗ និងការប្រកាន់យកតួនាទីជាមេដឹកនាំនៅលើឆាកអន្តរជាតិ នៅពេលដែលលោកថ្លែងសុន្ទរកថាទៅកាន់សភាទាំងពីរថ្នាក់នៅយប់ថ្ងៃពុធនេះ។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Jen Psaki បាននិយាយថា ការថ្លែងរបស់លោក Biden អំពីគោលនយោបាយការបរទេសនៅក្នុងសុន្ទរកថានោះនឹងលើកឡើងផងដែរអំពី «ការប្រកាន់យកឡើងវិញនូវតួនាទីរបស់សហរដ្ឋអាមេរិកនៅក្នុងពិភពលោក»។
អ្នកស្រី Psaki បានបន្ថែមថា លោក Biden ទំនងជានឹងថ្លែងអំពីអាទិភាពគោលនយោបាយការបរទេសមួយចំនួន ដែលក្នុងនោះ «រួមមានទាំងការប្រឡូករបស់សហរដ្ឋអាមេរិកជាមួយនឹងប្រទេសចិនផងដែរ»។
ការជំរុញរបស់រដ្ឋបាលលោក Biden នៅក្នុងការធ្វើការបន្ថែមទៀតជាមួយនឹងសម្ព័ន្ធមិត្ត គឺជាការងាកចេញពីគោលនយោបាយការបរទេសសហរដ្ឋអាមេរិករយៈពេល ៤ ឆ្នាំ ក្រោមការដឹកនាំរបស់លោកអតីតប្រធានាធិបតី Donald Trump ដែលបានផ្តោតលើការផ្តល់អាទិភាពលើប្រយោជន៍របស់សហរដ្ឋអាមេរិក។
ប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi បានអញ្ជើញលោកប្រធានាធិបតី Biden មកកាន់សភាដើម្បីថ្លែងអំពី «ទស្សនៈវិស័យសម្រាប់ការដោះស្រាយបញ្ហាប្រឈមនិងឱកាសនៃដំណាក់កាលជាប្រវត្តិសាស្ត្រនេះ» នៅក្នុងសុន្ទរកថាដែលថ្លែងនៅពេលដែលលោក Biden កាន់តំណែងបានរយៈពេល ១០០ ថ្ងៃ។
អ្នកស្រី Psaki បានបញ្ជាក់ថា កិច្ចផ្តួចផ្តើមគោលនយោបាយដ៏សំខាន់ដែលលោក Biden នឹងលើកឡើងគឺកម្មវិធីក្នុងប្រទេសសម្រាប់ «ការវិនិយោគលើវិស័យអប់រំនិងការថែទាំកុមារ»។
អ្នកស្រី Psaki បានបន្ថែមថា លោក Biden ក៏នឹងលើកឡើងផងដែរអំពីកិច្ចប្រឹងប្រែងរបស់រដ្ឋបាលរបស់លោកនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងបញ្ហាអត់ការងារធ្វើ ក៏ដូចជាបញ្ហាអន្តោប្រវេសន៍ កំណែទម្រង់ប៉ូលិស និងសុវត្ថិភាពកាំភ្លើងផងដែរ៕