ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ថ្លែង​អំពី​គម្រោង​បង្ការ​ឧក្រិដ្ឋកម្ម​ដែល​ពាក់ព័ន្ធ​នឹង​កាំភ្លើង


ប្រធានាធិបតី​អាមេរិក​លោក Joe Biden ថ្លែង​នៅ​មជ្ឈមណ្ឌល Arnaud C. Marts នៃ​សាកលវិទ្យាល័យ Wilkes នៅ​ទី​ក្រុង Wilkes-Barre រដ្ឋ Pennsylvania កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០២២។
ប្រធានាធិបតី​អាមេរិក​លោក Joe Biden ថ្លែង​នៅ​មជ្ឈមណ្ឌល Arnaud C. Marts នៃ​សាកលវិទ្យាល័យ Wilkes នៅ​ទី​ក្រុង Wilkes-Barre រដ្ឋ Pennsylvania កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០២២។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​រដ្ឋ Pennsylvania កាលពី​ថ្ងៃ​អង្គារ ដើម្បី​ការពារ​កំណត់ត្រា​របស់​លោក​អំពី​សុវត្ថិភាព​ពាក់ព័ន្ធ​នឹង​កាំភ្លើង និង​ដើម្បី​បង្ហាញ​អំពី​គម្រោង «សហរដ្ឋ​អាមេរិក​ដែល​មាន​សុវត្ថិភាព​ជាង​មុន» របស់​លោក ដែល​ជា​គម្រោង​បង្ការ​ឧក្រិដ្ឋកម្ម​ដែល​មាន​ទឹក​ប្រាក់ ៣៧ ពាន់​លាន​ដុល្លារ ដែល​សេតវិមាន​បាន​បញ្ជាក់​ថា​នឹង «ជួយ​សង្គ្រោះ​អាយុ​ជីវិត​មនុស្ស​និង​ធ្វើ​ឱ្យ​សហគមន៍​មាន​សុវត្ថិភាព​ជាង​មុន»។

លោក Biden បាន​និយាយ​ដូច្នេះ​ថា៖ «នៅ​ពេល​ដែល​យើង​និយាយ​អំពី​សុវត្ថិភាព​សាធារណៈ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចម្លើយ​គឺ​មិន​មែន​ត្រូវ​កាត់ផ្ដាច់​ថវិកា​សម្រាប់​ប៉ូលិស​នោះ​ទេ ប៉ុន្តែ​ត្រូវ​ផ្ដល់​ថវិកា​ដល់​ប៉ូលិស»។

លោក Biden បាន​រិះគន់​សមាជិក​គណបក្ស​សាធារណរដ្ឋ​ដែល​ប្រឆាំង​នឹង​សំណើ​របស់​លោក​នៅ​ក្នុង​ការ​ដាក់​ការ​ហាម​ឃាត់​ឡើង​វិញ​លើ​កាំភ្លើង​វែង ដែល​ក្នុង​នោះ​រួម​មាន​ទាំង​កាំភ្លើង​ដែល​ស្រដៀង​ទៅ​នឹង​កាំភ្លើង​វែង​ប្រភេទ AR-15 ផង​ដែរ ដែល​ឧក្រិដ្ឋជន​បាន​ប្រើ​នៅ​ក្នុង​ការ​បាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ​នានា​កាលពី​ពេល​ថ្មីៗ​កន្លង​មក​នេះ។

លោក Biden បាន​បញ្ជាក់​ដូច្នេះ​ថា៖ «វា​ដល់​ពេល​ដែល​ត្រូវ​ដាក់​សម្ពាធ​លើ​មន្ត្រី​ដែល​ជ្រើសរើស​តាម​រយៈ​ការ​បោះឆ្នោត​គ្រប់​រូប​ឱ្យ​អនុវត្ត​វិធានការ​នេះ និង​សួរ​ពួកគេ​ថា​ តើ​ពួកគេ​ចង់​ហាម​ឃាត់​ការ​ប្រើប្រាស់​កាំភ្លើង​វែង​ឬ​ក៏​អត់។ ប្រសិនបើ​ពួកគេ​មិន​ចង់ ចូរ​បោះឆ្នោត​ទម្លាក់​ពួកគេ»។

លោក Biden កំពុង​ធ្វើ​ដំណើរ​ទៅ​កៀរគរ​ការ​គាំទ្រ​សម្រាប់​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នៅ​មុន​ការ​បោះឆ្នោត​ថ្ងៃ​ទី ៨ ខែ​វិច្ឆិកា​ចូល​មក​ដល់ និង​បាន​សរសើរ​ជ័យជម្នះ​ផ្នែក​ច្បាប់​កាលពី​ពេល​ថ្មីៗ​នេះ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ច្បាប់​សុវត្ថិភាព​ពាក់ព័ន្ធ​នឹង​កាំភ្លើង​ផង​ដែរ ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ដើម​ឆ្នាំ​នេះ​នៅ​ក្នុង​វិធានការ​ដែល​មាន​ការ​គាំទ្រ​ដ៏​កម្រ​ពី​គណបក្ស​ទាំង​ពីរ បន្ទាប់ពី​មាន​ការ​បាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ទីក្រុង Buffalo រដ្ឋ New York និង​ទីក្រុង Uvalde រដ្ឋ Texas មក។

បើ​យោង​តាម​ការ​ស្ទង់​មតិ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew (Pew Research Center) ពលរដ្ឋ​អាមេរិកាំង ៦៣% ថា ពួកគេ​ចង់​ឃើញ​សភា​អនុម័ត​ច្បាប់​មួយ​ទៀត​ដើម្បី​ដោះស្រាយ​អំពើ​ហិង្សា​ដែល​ពាក់ព័ន្ធ​នឹង​កាំភ្លើង។

ទោះជា​យ៉ាងណា​ក៏ដោយ សមាជិក​គណបក្ស​សាធារណរដ្ឋ​បាន​ចោទ​ប្រកាន់​លោក Biden ថា ​បាន​ជំរុញ​ឱ្យ​មាន​វិធានការ​ដែល​មាន​ការ​បែកបាក់​នយោបាយ ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពលរដ្ឋ​អាមេរិកាំង​នៅ​ក្នុង​ការ​កាន់​កាំភ្លើង ដែល​មាន​ចែង​នៅ​ក្នុង​វិសោធនកម្ម​លើក​ទី២ នៃ​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក និង​ថា​វិធានការ​របស់​លោក Biden នេះ​នឹង​មិន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​សុវត្ថិភាព​ជាង​មុន​នោះ​ទេ៕

XS
SM
MD
LG