ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden បន្ថយ​ទោស​ទណ្ឌិត​ជិត ២.៥០០ នាក់​ដែល​ជាប់​ទោស​ពី​បទ​គ្រឿងញៀន​អហិង្សា


ប្រធានាធិបតី​សហរដ្្ឋអាមេរិក​លោក Joe Biden ថ្លែង​នៅ​ក្រសួង​ការពារ​ជាតិ​កាលពីថ្ងៃទី ១៦ មករា ឆ្នាំ២០២៥។
ប្រធានាធិបតី​សហរដ្្ឋអាមេរិក​លោក Joe Biden ថ្លែង​នៅ​ក្រសួង​ការពារ​ជាតិ​កាលពីថ្ងៃទី ១៦ មករា ឆ្នាំ២០២៥។

ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​បន្ថយ​ទោស​ទណ្ឌិត​ជិត ២.៥០០ នាក់​ដែល​ជាប់​ទោស​ពី​បទល្មើស​គ្រឿងញៀន​អហិង្សា។ ការ​បន្ធូរបន្ថយ​ទោស​កាលពី​ថ្ងៃ​សុក្រ​នោះ​បាន​ធ្វើឲ្យ​លោក Biden ក្លាយជា​ប្រធានាធិបតី​អាមេរិក​ដែល​លើកលែង​និង​បន្ថយ​ទោស​ដល់​បុគ្គល​ច្រើន​ជាងគេ​បង្អស់។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AP។

លោក Biden បាន​និយាយ​ថា លោក​ព្យាយាម​លុបចោល​វិញ​នូវ «ទោស​ដ៏​យូរ​មិន​មាន​សមាមាត្រ បើ​ធៀប​នឹង​ទោស​ដែល​ពួកគេ​អាច​ទទួល​បាន​នៅ​ក្រោម​ច្បាប់ គោលនយោបាយ និង​ការ​អនុវត្ត​បច្ចុប្បន្ន»។

សេតវិមាន​មិន​បាន​បញ្ចេញ​ភ្លាមៗ​នូវ​ឈ្មោះ​បុគ្គល​ដែល​ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស​ទាំងនោះ​ទេ។

លោក Biden ថា បុគ្គល​ថែមទៀត​នឹង​ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស។ លោក​បាន​សន្យា​ថា​នឹង​ប្រើ​ពេល​នៅ​សេសសល់​របស់​លោក​មុន​ពេល​លោក​ប្រធានាធិបតី​ជាប់ឆ្នោត Donald Trump ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ចន្ទ​ខាងមុខ​ដើម្បី «បន្ត​ពិនិត្យ​មើល​ការ​បន្ថយ​និង​លើកលែង​ទោស​បន្ថែម​ទៀត»។ ករណី​នេះ​ក៏​អាច​រួមបញ្ចូល​ទាំង​ការ​លើកលែង​ទោស​ជាមុន​សម្រាប់​មន្ត្រី​និង​សម្ព័ន្ធមិត្ត​ក្នុង​រដ្ឋបាល​របស់​លោក ដែល​សេតវិមាន​ខ្លាច​ថា​នឹង​ត្រូវបាន​ដៅ​គោលដៅ​ដោយ​អយុត្តិធម៌​ក្រោម​រដ្ឋបាល​លោក Trump ផងដែរ។

ការ​បន្ថយ​ទោស​កាលពី​ថ្ងៃសុក្រ​នោះ​បាន​ធ្វើឡើង​បន្ទាប់ពី​លោក Biden បាន​បន្ថយ​ទោស​កាលពី​ខែ​មុន​លើ​មនុស្ស​ប្រមាណ ១.៥០០ នាក់ ដែល​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ហើយ​ដាក់​ឲ្យ​នៅ​ជាប់ឃុំ​ក្នុង​ផ្ទះ​ក្នុង​អំឡុង​ពេល​រាតត្បាត​ជំងឺ​កូវីដ១៩ ព្រមទាំង​ការ​លើកលែង​ទោស​ឲ្យ​ពលរដ្ឋ​អាមេរិកាំង ៣៩ នាក់ ដែល​បាន​ជាប់ទោស​ពី​បទ​ឧក្រិដ្ឋ​អហិង្សា​ផងដែរ។ នោះ​ជា​ការ​បន្ធូរបន្ថយ​ទោស​ដ៏​ច្រើន​បំផុត​ក្នុង​ពេល​មួយ​ថ្ងៃ​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​អាមេរិក។

កាលពី​ខែ​មុន លោក Biden ក៏​បាន​បន្ថយ​ទោស​បុគ្គល ៣៧ នាក់​ក្នុង​ចំណោម ៤០ នាក់ ដែល​ត្រូវបាន​កាត់ទោស​ប្រហារ​ជីវិត​តាម​ច្បាប់​សហព័ន្ធ​ផងដែរ ដោយ​ប្រែ​ទោស​ប្រហារ​ជីវិត​របស់​ពួកគេ​ទៅជា​ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​វិញ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG