អ្នកស្រី Katherine Tai ដែលលោកប្រធានាធិបតី Joe Biden បានតែងតាំងឲ្យកាន់តំណែងជាអ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកនោះ មានបទពិសោធន៍យ៉ាងច្រើនពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន។ អ្នកវិភាគរំពឹងថា អ្នកស្រី នឹងតតាំងយ៉ាងខ្លាំងក្លាជាមួយរដ្ឋាភិបាលក្រុងប៉េកាំងអំពីរឿងពាណិជ្ជកម្ម។ អ្នកស្រី Tai ដែលចេះនិយាយភាសាចិនកុកងឺនោះ កំពុងរង់ចាំការអនុមត្តិពីព្រឹទ្ធសភាសហរដ្ឋអាមេរិក។
ប្រសិនបើពួកមេដឹកនាំចិនមានសំណួរអំពីថា តើរដ្ឋបាលលោក Biden នឹងដោះស្រាយជម្លោះពាណិជ្ជកម្មកំពុងមានរវាងប្រទេសទាំងពីរបែបណានោះ ការតែងតាំងអ្នកស្រី Katherine Tai ជាអ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក អាចឆ្លើយសំណួរពួកគេបានយ៉ាងច្បាស់លាស់។
អ្នកស្រី Tai ជាមេធាវីដែលធ្លាប់បានកាន់តំណែងជាប្រធានទីប្រឹក្សាពាណិជ្ជកម្មនៃគណៈកម្មាធិការសភាតំណាងរាស្ត្រទទួលបន្ទុកការប្រមូលពន្ធដារនិងប្រាក់ចំណូលចាប់តាំងពីឆ្នាំ២០១៧មក។
មុនពេលចូលបំរើការក្នុងគណៈកម្មាធិការនេះកាលពីឆ្នាំ២០១៤ អ្នកស្រី Tai បានធ្វើការចំនួនបីបួនឆ្នាំនៅការិយាល័យនៃអ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកដោយមានរួមបញ្ចូលរយៈពេលបីឆ្នាំជាប្រធានមេធាវីសម្រាប់ផ្នែកពង្រឹងការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិនដែលនៅទីនោះ ការងារអ្នកស្រី គឺគ្រប់គ្រងជម្លោះរវាងសហរដ្ឋអាមេរិកជាមួយប្រទេសចិននៅចំពោះមុខអង្គការពាណិជ្ជកម្មពិភពលោក។
អ្នកស្រី Tai ចេះនិយាយភាសាចិនកុកងឺយ៉ាងប៉ិនប្រសប់ ហើយស្គាល់ប្រទេសចិនយ៉ាងច្បាស់លាស់។ ក្រោយពីបានទទួលបរិញ្ញាប័ត្រពីសាកលវិទ្យាល័យ Yale អ្នកស្រីបានចំណាយពេលជាច្រើនឆ្នាំ នៅក្នុងប្រទេសចិននិងបានបង្រៀនភាសាអង់គ្លេសនៅសាកលវិទ្យាល័យ Zhongshan នាក្រុង Guangzhou។
អ្នកស្រីមិនសូវធ្វើអត្ថាធិប្បាយទេ ចាប់តាំងពីអ្នកស្រីបានទទួលការស្នើឈ្មោះឱ្យកាន់តំណែងនេះមក ពីព្រោះអ្នកស្រីរង់ចាំការយល់ព្រមពីព្រឹទ្ធសភា។
ក៏ប៉ុន្តែនៅក្នុងសុន្ទរកថាមួយដែលអ្នកស្រីបានថ្លែងនៅចំពោះមុខក្រុមប្រឹក្សាជាតិខាងពាណិជ្ជកម្មក្រៅប្រទេស អ្នកស្រី Tai បាននិយាយច្បាស់លាស់ថា អ្នកស្រីយល់ឃើញថា ទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនជាកត្តាមួយក្នុងបណ្តាកត្តាសំខាន់ៗនៅក្នុងពិភពលោកមួយដែលអ្នកស្រីថ្លែងថា «ហាក់ដូចជាកាន់តែស្មុគ្រស្មាញនិងកាន់តែងាយប្រេះឆាជាងនៅពេលណាៗទាំងអស់ក្នុងជីវិតអ្នកស្រី»។
អ្នកស្រីបាននិយាយថា «ប្រទេសជាតិនិងប្រជាពលរដ្ឋយើងប្រឈមនឹងឧបសគ្គយ៉ាងច្រើនក្នុងការស្វែងរកវិធីរក្សាសេចក្តីថ្លៃថ្នូររបស់យើងនិងកន្លែងរបស់យើងនៅក្នុងពិភពលោក។ នៅលើឆាកអន្តរជាតិ យើងប្រឈមនឹងការប្រកួតប្រជែងពីប្រទេសចិនដែលកាន់តែលូតលាស់និងមានមហិច្ឆតាកាន់តែធំឡើង ដែលនៅទីនោះពួកអ្នករៀបចំផែនការមជ្ឈឹមគ្មានរងការដាក់សម្ពាធពីគណបក្សនយោបាយ ពីការបោះឆ្នោតដែលមានលក្ខណៈប្រជាធិបតេយ្យ ឬពីមតិប្រជាពលរដ្ឋទេ»។
លោក Jason E. Kearns ជាប្រធានគណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិកដែលជាអង្គការឯករាជ្យមួយ។ លោកព៌ណនាអ្នកស្រី Tai ថា ជា«អ្នកគិតគូរយុទ្ធសាស្ត្រ»ម្នាក់ដែលព្យាយាមធ្វើសេចក្តីសម្រេចពិបាកៗតាមស្ថានការណ៍ជាក់ស្តែង។
លោក Kearns បានកាន់តំណែងមុនអ្នកស្រី Tai ក្នុងគណៈកម្មាធិការសភាតំណាងរាស្ត្រទទួលបន្ទុកការប្រមូលពន្ធដារនិងប្រាក់ចំណូលនៃសភាតំណាងរាស្ត្រអាមេរិកាំង ដែលទទួលបន្ទុកលើពន្ឋដារនិងពាណិជ្ជកម្មផងដែរ។ លោកបានយកអ្នកស្រីធ្វើជាបុគ្គលិកហើយបានធ្វើការជាច្រើនឆ្នាំជាមួយអ្នកស្រី។ លោកបានយល់ព្រមនិយាយអំពីអ្នកស្រីក្នុងលក្ខណៈផ្ទាល់ខ្លួន ហើយមិនមែនក្នុងតួនាទីលោកជាប្រធានគណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិកទេ។
លោក Kearns បាននិយាយថា «អ្នកស្រី Tai ជាអ្នកស្តាប់ហ្មត់ចត់ ហើយនេះជាវិធីរបស់អ្នកស្រីក្នុងការដោះស្រាយបញ្ហាទាំងអស់ដែលអ្នកស្រីត្រូវដោះស្រាយ។ អ្នកស្រីបានខិតខំធ្វើឱ្យមានការមូលមតិគ្នា ហើយខ្ញុំយល់ថា អ្នកស្រីមានជោគជ័យណាស់ក្នុងកិច្ចការនេះ»។
លោក Kearns បានថ្លែងថាអ្នកស្រី Tai រួមផ្សំការនិយាយលេងសើច តែមានទំនុកចិត្តដែលអាចឱ្យអ្នកស្រីធ្វើការចរចាខាងពាណិជ្ជកម្មអន្តរជាតិបានល្អប្រសើរ ជាពិសេសជាមួយប្រទេសចិន។ លោកបានពោលថា អ្នកស្រីទទួលស្គាល់ថា «ប្រទេសចិននាំឱ្យមានឧបសគ្គធ្ងន់ធ្ងរខ្លះសម្រាប់យើង» ហើយរបៀបដោះស្រាយបញ្ហាជាមួយរដ្ឋាភិបាលក្រុងប៉េកាំងរបស់អ្នកស្រីមានភាព«គិតគូរល្អិតល្អន់» និងមាន«ភាពរឹងមាំ»។
នេះជាអ្វីដែលក្រុមហ៊ុនអាមេរិកាំងជាច្រើនដែលខិតខំប្រកួតប្រជែងក្នុងប្រទេសចិន ក៏សង្ឃឹមថា នឹងទទួលបានពីអ្នកស្រី Tai ដែរ។
លោក Doug Barry ជាអ្នកនាំពាក្យនៃក្រុមប្រឹក្សាធុរកិច្ចរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលមានទីស្នាក់ការក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក្រុងប៉េកាំង និងក្រុងសៀងហៃ។ លោកបានថ្លែងថា «ជនណាដែលនិយាយថា អ្នកស្រី Katherine Tai ជាមនុស្សខ្សោយ ឬងាយស្រួលជាមួយប្រទេសចិននោះ នឹងមានការភ្ញាក់ផ្អើល។ អ្នកស្រីជាមនុស្សមានគុណវុឌ្ឍិច្រើនបំផុតអំពីបញ្ហាប្រទេសចិនក្នុងការិយាល័យនេះ។ អ្នកស្រីដឹងអំពីបញ្ហាទាំងអស់។ អ្នកស្រីស្គាល់ប្រទេសចិនច្បាស់លាស់ណាស់។ ហេតុដូច្នេះគ្មាននរណាអាចបំភ័ន្តអ្នកស្រីបានទេ»។
លោក Barry បានថ្លែងថា អ្នកស្រី Tai ដឹងច្បាស់អំពីការលំបាករបស់សហរដ្ឋអាមេរិកកាលពីពេលមុនក្នុងការធ្វើឱ្យប្រទេសចិនគោរពតាមការសន្យាដែលខ្លួនបានធ្វើនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីពេលមុនៗ។
លោក Barry បានពោលថា «របៀបដោះស្រាយរបស់ប្រទេសចិនភាគច្រើន គឺអូសបន្លាយដល់សម្បទានខ្លះដែលខ្លួនបានសន្យាថានឹងធ្វើ ហើយអ្នកស្រីនឹងធ្វើឲ្យចិនគោរពតាមស្តង់ដារតឹងរ៉ឹងជាងមុននិងតាមពេលវេលាច្បាស់លាស់ជាងមុនយ៉ាងខ្លាំងក្នុងការផ្តល់សម្បទានទាំងនោះ នៅពេលដែលរដ្ឋបាលលោក Biden រំពឹងថា ចិន នឹងបំពេញតាមសន្យាដែលខ្លួនបានធ្វើច្រើនឆ្នាំមកហើយនោះ»។
ការជាប់ទាក់ទងរបស់អ្នកស្រី Tai ជាមួយប្រទេសចិន មានយូរយាមកហើយ។ ឪពុកម្តាយអ្នកស្រីកើតក្នុងប្រទេសចិនដីគោក ធំដឹងក្តីនៅកោះតែវ៉ាន់ ហើយទៅរស់នៅក្នុងសហរដ្ឋអាមេរិក។ អ្នកស្រី Tai បានកើតក្នុងរដ្ឋ Connecticut កាលពីឆ្នាំ១៩៧៤ តែអ្នកស្រី បានធំដឹងក្តីក្នុងរដ្ឋធានី Washington ដែលនៅទីនោះឪពុកអ្នកស្រីធ្វើការជាអ្នកស្រាវជ្រាវនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Walter Reed ហើយម្តាយអ្នកស្រីធ្វើការនៅវិទ្យាស្ថានសុខភាពជាតិ។
ក្រោយការបំពេញការសិក្សានៅឯមហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យ Harvard អ្នកស្រី Tai បានធ្វើការជាមេធាវីពាណិជ្ជកម្មនៅក្នុងក្រុមហ៊ុនមេធាវីល្បីឈ្មោះផ្សេងៗក្នុងរដ្ឋធានី Washington មុនពេលអ្នកស្រីចូលធ្វើការក្នុងរដ្ឋាភិបាល។
អ្នកស្រី Tai បាននិយាយប្រាប់ក្រុមប្រឹក្សាជាតិខាងពាណិជ្ជកម្មក្រៅប្រទេសថាគោលដៅរបស់រដ្ឋបាលលោក Biden គឺ«អនុវត្តគោលនយោបាយពាណិជ្ជកម្មមួយដែលផ្តោតលើពលករ»។
អ្នកស្រីបានថ្លែងថា ក្នុងការអនុវត្តន៍ជាក់ស្តែង ការណ៍នេះមានន័យថា «គោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ត្រូវផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋអាមេរិកាំង សហគមន៍ និងពលករសាមញ្ញ។ ហើយការណ៍នេះ ចាប់ផ្តើមជាមួយការទទួលស្គាល់ថា ប្រជាពលរដ្ឋមិនមែនគ្រាន់តែជាអ្នកប្រើប្រាស់គ្រឿងឧបភោគបរិភោគប៉ុណ្ណោះទេ តែពួកគេថែមទាំងជាអ្នកធ្វើការងារ និងជាអ្នកមានប្រាក់បៀវត្សរ៍ផងដែរ។
អ្នកស្រី Tai បាននិយាយបន្តថា «ពលរដ្ឋមេរិកាំងមិនមែនគ្រាន់តែបានផលប្រយោជន៍ពីតម្លៃថោកនិងជម្រើសទំនិញច្រើននៅក្នុងហាងលក់ទំនិញនិងផ្សារប៉ុណ្ណោះទេ តែថែមទាំងបានផលប្រយោជន៍ពីការមានការងារល្អដែលមានប្រាក់បៀវត្សរ៍ច្រើនផងដែរ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ