បេក្ខជនឈរឈ្មោះប្រធានាធិបតីសំខាន់ពីររូបចុងក្រោយបង្អស់ខាងគណបក្សប្រជាធិបតេយ្យ ដែលមានលោក Joe Biden អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកនិងលោក Bernie Sanders សមាជិកព្រឹទ្ធសភារដ្ឋ Vermont នឹងជជែកដេញដោលគ្នានៅយប់ថ្ងៃអាទិត្យនេះ ខណៈដែលពិភពលោកកំពុងជួបប្រទះនឹងវិបត្តិសុខភាពសាធារណៈជាសាកលដោយសារជំងឺកូវីដ១៩។ ការជជែកដេញដោលគ្នាដែលនឹងប្រព្រឹត្តទៅនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននេះនឹងមិនអនុញ្ញាតឲ្យមានអ្នកចូលទស្សនានោះទេ។
អ្នកនយោបាយរយៈពេលយូរពីររូបនេះនឹងជជែកដេញដោលគ្នាទៅវិញទៅមករយៈពេលជាងពីរម៉ោង។
ពួកគេទាំងពីរនាក់សុទ្ធតែសង្ឃឹមថា នឹងទទួលបានការជ្រើសតាំងពីគណបក្សប្រជាធិបតេយ្យដើម្បីទៅប្រកួតនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ ខាងគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតជាតិនៅខែវិច្ឆិកាខាងមុខនេះ។
ប៉ុន្តែលោក Biden ហាក់ដូចជានាំមុខគេនៅក្នុងការទទួលបានការជ្រើសតាំងពីគណបក្សប្រជាធិបតេយ្យ នៅមុនការជជែកដេញដោលគ្នាលើកចុងក្រោយនៅក្នុងសន្និបាតគណបក្សនៅខែកក្កដាទៅទៀត។
ការជជែកដេញដោលគ្នានេះកាលពីដើមឡើយ គ្រោងនឹងធ្វើឡើងដោយមានទស្សនិកជនចូលទស្សនាដូចកាលពីលើកមុនៗដែរ ប៉ុន្តែក្រោយមកត្រូវបានសម្រេចថារៀបចំឡើងនៅក្នុងបន្ទប់ផ្សាយរបស់បណ្ដាញព័ត៌មាន CNN ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩៕