ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងលោកស្រី Jill Biden ដែលជាភរិយារបស់លោក បានលើកឡើងអំពីគម្លាតប្រាក់បៀវត្សរ៍រវាងបុរសនិងស្ត្រីនៅក្នុងសហរដ្ឋអាមេរិក នៅក្នុងពិធីប្រារព្ធទិវាបៀវត្សរ៍ស្មើគ្នាកាលពីថ្ងៃពុធម្សិលមិញជាមួយសមាជិកក្រុមបាល់ទាត់ជាតិស្ត្រីរបស់សហរដ្ឋអាមេរិក។
លោក Biden បានមានប្រសាសន៍ថា៖ «រដ្ឋបាលរបស់ខ្ញុំនឹងប្រយុទ្ធដើម្បីប្រាក់បៀវត្សរ៍ស្មើគ្នា។ វាគឺជារឿងយុត្តិធម៌។ វាគឺជារឿងភាពស្មើគ្នា។ វាគឺជារឿងគោរពតាមគុណតម្លៃរបស់យើងក្នុងនាមជាជាតិមួយ។ ប្រាក់បៀវត្សរ៍ស្មើគ្នាធ្វើឲ្យយើងទាំងអស់គ្នាកាន់តែខ្លាំងក្លាជាងមុន»។
ទិវាបៀវត្សរ៍ស្មើគ្នានេះត្រូវបានធ្វើឡើងនៅក្នុងសហរដ្ឋអាមេរិកទៅតាមកាលបរិច្ឆេទខុសៗគ្នាជារៀងរាល់ឆ្នាំ និងជាទិវាដែលធ្វើឡើងដើម្បីស្វែងយល់អំពីថាតើស្ដ្រីអ្នកធ្វើការធម្មតាត្រូវធ្វើការប៉ុន្មានថ្ងៃបន្ថែមទៀត ដើម្បីទទួលបានប្រាក់បៀវត្សរ៍ស្មើនឹងបៀវត្សរ៍កាលពីមួយឆ្នាំមុនរបស់បុរសដែលជាអ្នកធ្វើការធម្មតា។
ស្ត្រីអាមេរិកាំងដែលធ្វើការពេញម៉ោងក្នុងពេលមួយឆ្នាំ ទទួលបានប្រាក់បៀវត្សរ៍ជាមធ្យម ៨២ សេននៃប្រាក់មួយដុល្លារដែលបុរសទទួលបាន។ នេះបើយោងតាមទិន្នន័យរបស់មជ្ឈមណ្ឌលជាតិច្បាប់ស្ត្រី (National Women's Law Center)។
ទិន្នន័យនេះបង្ហាញថា គម្លាតនៃប្រាក់បៀវត្សរ៍នេះមានកាន់តែធំឡើងសម្រាប់ស្ត្រីស្បែកខ្មៅ និងស្ត្រីឡាទីន ដោយស្ត្រីស្បែកខ្មៅទទួលបានបៀវត្សរ៍តែ ៦៣ សេន ហើយស្ត្រីឡាទីនទទួលបានបៀវត្សរ៍តែ ៥៥ សេនប៉ុណ្ណោះ នៃប្រាក់មួយដុល្លារដែលបុរសទទួលបាន។
ទិន្នន័យដូចគ្នានេះបានបង្ហាញឲ្យឃើញអំពីគម្លាតប្រាក់បៀវត្សរ៍រវាងបុរសនិងស្ត្រីក្នុងអាជីពការងារប្រហែល ៩៤% នៃអាជីពការងារទាំងអស់។
អ្នកស្រី Cecilia Rouse ប្រធានក្រុមប្រឹក្សាទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមាន បានបញ្ជាក់ថា រដ្ឋបាលរបស់លោក Biden កំពុងចាត់វិធានការដើម្បីកាត់បន្ថយគម្លាតប្រាក់បៀវត្សរ៍រវាងបុរសនិងស្ត្រីនេះ ដែលក្នុងនោះរួមមានទាំងការគាំទ្រលើសំណើច្បាប់បៀវត្សរ៍ស្មើគ្នាដែលបានស្នើឡើងនៅក្នុងសភាកាលពីខែមុន និងការជំរុញឲ្យមានពេលឈប់សម្រាកសម្រាប់គ្រួសារដោយនៅទទួលបានប្រាក់បៀវត្សរ៍ផងដែរ៕