ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសកាលពីថ្ងៃពុធនូវទឹកប្រាក់ចំនួន ៩០០ លានដុល្លារសម្រាប់សាងសង់បណ្ដាញកន្លែងបញ្ចូលអាគុយរថយន្តអគ្គិសនីនៅក្នុងរដ្ឋចំនួន ៣៥ ដែលនេះគឺជាផ្នែកមួយនៃការជំរុញទៅមុខប្រកបដោយមហិច្ឆតារបស់រដ្ឋបាលរបស់លោកដើម្បីឱ្យមានរថយន្តដែលដាក់លក់នៅសហរដ្ឋអាមេរិកចំនួន ៥០% ជារថយន្តអគ្គិសនីនៅត្រឹមឆ្នាំ ២០៣០ ខាងមុខ។
លោក Biden បាននិយាយនៅក្នុងពិធីតាំងពិព័រណ៍រថយន្តអន្តរជាតិនៅទ្វីបអាមេរិកខាងជើង (North American International Auto Show) ក្នុងទីក្រុង Detroit រដ្ឋ Michigan ថា៖ «ដំណើរកម្សាន្តតាមរថយន្តនៅសហរដ្ឋអាមេរិកគឺនឹងធ្វើឡើងដោយរថយន្តអគ្គិសនីទាំងស្រុង»។
ថវិកាចំនួន ៩០០ លានដុល្លារនេះគឺជាផ្នែកមួយនៃថវិកាចំនួន ៧.៥០០ លានដុល្លារដែលផ្ដល់ឱ្យតាមរយៈច្បាប់ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០២១ ដែលមានការគាំទ្រពីគណបក្សទាំងពីរ នៅក្នុងការសាងសង់បណ្ដាញថ្នាក់ជាតិនៃកន្លែងបញ្ចូលអាគុយរថយន្តអគ្គិសនីចំនួន ៥ សែនកន្លែង។
ច្បាប់នេះក៏មានការផ្ដល់ថវិកាចំនួន ៧ ពាន់លានដុល្លារផងដែរសម្រាប់ការធានាឱ្យមាននូវខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗសម្រាប់ការផលិតអាគុយរថយន្តអគ្គិសនី និងថវិកាចំនួន ១០ ពាន់លានដុល្លារទៀតសម្រាប់ចរាចរណ៍ធ្វើដំណើរដែលមិនប៉ះពាល់ដល់បរិស្ថាននិងសម្រាប់រថយន្តដឹកសិស្ស។
លោក Biden ដែលធ្លាប់ប្រកាសខ្លួនលោកថាជា «អ្នកចូលចិត្តរថយន្ត» ត្រូវបានគេបង្ហាញជូនលោកនូវគំរូរថយន្តអគ្គិសនីថ្មីចុងក្រោយបង្អស់ដែលផលិតដោយក្រុមហ៊ុន General Motors ក្រុមហ៊ុន Ford និងក្រុមហ៊ុន Stellantis ហើយលោកបានសាកបើករថយន្ត LYRIQ SUV របស់ក្រុមហ៊ុន Cadillac នៅជុំវិញកន្លែងតាំងពិព័រណ៍។
ទាក់ទិននឹងរថយន្តអគ្គិសនីនេះ សហរដ្ឋអាមេរិកស្ថិតនៅពីក្រោយប្រទេសចិននិងបណ្ដាប្រទេសជាច្រើននៅទ្វីបអឺរ៉ុប។ នេះបើយោងតាមរបាយការណ៍ឆ្នាំ ២០២២ អំពីទស្សនៈវិស័យរថយន្តអគ្គិសនីសាកលលោករបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (International Energy Agency)។
បើទោះបីជាការលក់រថយន្តអគ្គិសនីនៅក្នុងសហរដ្ឋអាមេរិកបានកើនឡើងជាង ២ ដងនៅក្នុងឆ្នាំ ២០២១ រហូតដល់ចំនួន ៦៣០.០០០ គ្រឿងក៏ដោយ ក៏ការលក់នៅប្រទេសចិនបានកើនឡើងជិត ៣ ដងរហូតដល់ចំនួន ៣ លាន ៣ សែនគ្រឿង ដែលស្មើនឹងចំនួននៃការលក់រថយន្តអគ្គិសនីសរុបនៅលើពិភពលោកប្រហែលពាក់កណ្ដាល។ រីឯការលក់នៅទ្វីបអឺរ៉ុបវិញបានកើនឡើង ៦៥% រហូតដល់ចំនួន ២ លាន ៣ សែនគ្រឿង៕
លោក Biden ជំរុញឱ្យមានការប្រើរថយន្តអគ្គិសនីនៅឯពិធីតាំងពិព័រណ៍រថយន្តក្នុងទីក្រុង Detroit
វ៉ាស៊ីនតោន —