លោក Joe Biden ដែលត្រូវបានព្យាករណ៍ថាឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ នឹងចូលកាន់តំណែងនៅចំពេលដែលសហរដ្ឋអាមេរិកកំពុងប្រឹងប្រែងដោះស្រាយបញ្ហាឆ្លងរាតត្បាតជំងឺកូវីដ១៩ បញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ និងបញ្ហាបែកបាក់ធ្ងន់ធ្ងរនៅក្នុងសង្គម។
លោក Biden បានឈរឈ្មោះបោះឆ្នោតផ្អែកលើការសន្យាថានឹងអនុវត្តនូវគោលនយោបាយដ៏ទូលំទូលាយដែលមានលក្ខណៈប្រាកដប្រជា ដើម្បីពង្រីកលទ្ធភាពសមស្របរបស់ប្រជាពលរដ្ឋនៅក្នុងការទទួលបានការធានារ៉ាប់រងសុខភាពនិងការអប់រំ ការបង្កើនប្រាក់បៀវត្សរ៍អប្បបរមានិងការជួយជ្រោមជ្រែងដល់ពលរដ្ឋក្រីក្រដែលធ្វើការ ក៏ដូចជាការអភិវឌ្ឍឧហ្សាហកម្មថាមពលស្អាត ដែលនឹងបង្កើតការងារថ្មីរាប់លានការងារផងដែរ។
ប៉ុន្តែ ក្ដីបារម្ភបន្ទាន់បំផុតរបស់លោក គឺការដោះស្រាយបញ្ហាកើនឡើងនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩។ នៅថ្ងៃច័ន្ទស្អែក លោកគ្រោងនឹងប្រកាសអំពីការបង្កើតក្រុមការងារទប់ទល់នឹងជំងឺកូវីដ១៩។
កាលពីថ្ងៃសុក្រ លោកបានថ្លែងថា៖ «យើងអាចជួយសង្គោះជីវិតមនុស្សជាច្រើននៅពេលប៉ុន្មានខែខាងមុខ»។
អ្នកវិភាគនានាថា ការប្រឈមរបស់លោក Biden គឺមានច្រើន ហើយជោគជ័យរបស់លោកគឺអាស្រ័យលើការស្វែងរកវិធីបង្រួបបង្រួមប្រទេសជាតិ និងស្វែងរកចំណុចរួមជាមួយនឹងគណបក្សសាធារណរដ្ឋនៅសភា ក្រោយពេលលោកប្រធានាធិបតី Donald Trump ចប់អាណត្តិ៕