ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានថ្លែងកាលពីថ្ងៃសៅរ៍ថា យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក នឹងចាប់ផ្តើមដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីតវ៉ាលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅសប្តាហ៍ក្រោយនេះ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននានានៅសហរដ្ឋអាមេរិក បានព្យាករណ៍ថា លោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ បានឈ្នះការបោះឆ្នោតនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកប្រធានាធិបតី Trump បានថ្លែងថា៖ «ការបោះឆ្នោតនេះ មិនទាប់ចប់ទេ។ យើងដឹងពីមូលហេតុដែល Joe Biden ប្រញាប់ប្រញាល់ចង់ក្លាយជាអ្នកឈ្នះ ហើយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលជាសម្ព័ន្ធមិត្តរបស់លោក កំពុងព្យាយាមជួយលោក។ ពួកគេមិនចង់ឲ្យការពិតត្រូវបានលាតត្រដាងនោះទេ»។
លោក Trump បានថ្លែងបន្ថែមថា៖ «ការពិតដ៏សាមញ្ញគឺថា ការបោះឆ្នោតនេះមិនទាន់ចប់ទេ»។
លោកប្រធានាធិបតី Donald Trump បានអះអាងជាបន្តបន្ទាប់ដោយគ្មានភស្តុតាងថា មានការលួចបន្លំនៅក្នុងការបោះឆ្នោត។
កាលពីរសៀលថ្ងៃសៅរ៍ លោក Biden ត្រូវបានព្យាករណ៍ថាឈ្នះនៅក្នុងរដ្ឋ Pennsylvania និងរដ្ឋ Nevada ដោយទទួលបានអង្គបោះឆ្នោតចំនួន ២៦ បន្ថែមទៀត ដែលបានធ្វើឲ្យលោកទទួលបានអង្គបោះឆ្នោតសរុបចំនួន ២៧៩ មកទល់ពេលនេះ ដែលលើសសំឡេងអង្គបោះឆ្នោតចាំបាច់ចំនួន ២៧០ ដើម្បីឈ្នះការបោះឆ្នោតប្រធានាធិបតីរួចទៅហើយ។
ការរាប់សន្លឹកឆ្នោតកំពុងតែធ្វើបន្តទៀត នៅក្នុងរដ្ឋសេសសល់មួយចំនួន ដូចជា រដ្ឋ Georgia រដ្ឋ Alaska រដ្ឋ Arizona និងរដ្ឋ North Carolina។
គេនៅមិនទាន់ដឹងច្បាស់ថា តើលោកប្រធានាធិបតី Trump មានបំណងធ្វើកិច្ចការអ្វី ក្រោយពីអាណត្តិរបស់លោកត្រូវបានបញ្ចប់នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ បើសិនជាលោក Biden ពិតជាត្រូវបានប្រកាសជាផ្លូវការថា ឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០ នេះប្រាកដមែន។
លោក Mick Mulvaney អតីតនាយកខុទ្ទកាល័យរបស់លោក Trump បានថ្លែងនៅក្នុងបទសម្ភាសន៍មួយតាមអ៊ីនធឺណិតជាមួយវិទ្យាស្ថានកិច្ចការអឺរ៉ុបនិងអន្តរជាតិ (Institute of International and European Affairs) ថា៖ «ខ្ញុំរំពឹងថា លោកប្រធានាធិបតីនឹងនៅតែប្រឡូកក្នុងនយោបាយ។ ហើយខ្ញុំគិតថា លោកនឹងឈរឈ្មោះម្តងទៀត នៅឆ្នាំ ២០២៤។ លោកមិនចូលចិត្តភាពបរាជ័យនោះទេ»។
លោក Trump បន្តបញ្ចេញមតិរបស់លោកនៅលើបណ្តាញសង្គម Twitter ទៅកាន់សារព័ត៌មាន Fox News និងក្រុមអ្នកគាំទ្រដ៏ស្មោះត្រង់របស់លោក ដែលអាចមិនទទួលយកភាពបរាជ័យរបស់លោកបាន។ លោក Trump បានចំណាយពេលជាច្រើនខែអះអាងថា វាមិនអាចទៅរួចទេ ដែលលោកអាចចាញ់ការបោះឆ្នោត ដែលធ្វើឡើងដោយស្របច្បាប់នោះ ហើយលោកថែមទាំងបានប្រកាសថា លោកបានឈ្នះការបោះឆ្នោត មុនលទ្ធផលត្រូវបានប្រកាសទៅទៀត៕